សង្គមអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបារាំង៖ ស្ដីបន្ទោសស្ត្រីលើការស្លៀកពាក់ពួកគេ ជារឿងខុសឆ្គង រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ។ រូបភាព AFP
× រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បានចេញមុខការពារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់របស់ស្ត្រីបារាំង ក្រោយការផ្ទុះការរិះគន់លើបណ្ដាញសង្គមពាក់ព័ន្ធវិធានការរបស់ប៉ូលិសលើស្ត្រីមួយក្រុមដែលដេកអាំងថ្ងៃដោយចំហល្វែងលើនៅឆ្នេរសមុទ្រមួយភាគខាងត្បូងនៃប្រទេស។ លោកចាត់ទុកការស្ដីបន្ទោសលើការស្លៀកពាក់របស់ពួកគេជារឿងខុសឆ្គង។
«វាគឺជារឿងខុសឆ្គងដែលស្ត្រីត្រូវបានស្ដីបន្ទោសជុំវិញការស្លៀកពាក់របស់ពួកគេ»។ លោករដ្ឋមន្ត្រី Gerald Darmanin សរសេរបែបនេះលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២៥ ខែសីហា ។ លោកសង្កត់ធ្ងន់ទៀតថា សេរីភាពគឺជារឿងដ៏សំខាន់ណាស់ ហើយលោកចង់ឲ្យមន្ត្រីប៉ូលិសហ៊ានសារភាពកំហុសពួកគេ។
កាលពីសប្តាហ៍មុន ប៉ូលិសបារាំងដែលបានដើរល្បាតលើឆ្នេរសមុទ្រមួយក្នុងទីក្រុង Sainte-Marie-la-Mer បានស្នើសុំឲ្យស្ត្រីដេកអាំងថ្ងៃដោយចំហល្វែងលើមួយក្រុម ជួយបិទបាំងរាងកាយពួកគេ ក្រោយប៉ូលិសទទួលបានការត្អូញត្អែរពីគ្រួសារមួយ។
ទង្វើរបស់ប៉ូលិសក្នុងទីក្រុងនេះ ទទួលរងការរិះគន់យ៉ាងចាស់ដៃលើបណ្ដាញសង្គមនៅបារាំង។ អ្នកលេងអ៊ីនធឺណិតម្នាក់ ចោទជាសំណួរថា៖«តើក្រុង Sainte-Marie-La-Mer ក្លាយជាប្រទេសអារ៉ាប៊ីសាអូឌីតហើយមែនទេនៅពេលនេះ?» ។
មែនទែនទៅ ការដោះអាវដេកអាំងថ្ងៃលើឆ្នេរសមុទ្រក្នុងប្រទេស បារាំង ពុំត្រូវចាត់ទុកតាមច្បាប់ថា ការបង្ហាញរូបភាពអាសអាភាសនោះឡើយ។ ក៏ប៉ុន្តែការអនុវត្តបែបនេះ លែងសូវពេញនិយម ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ការស្ទង់មតិ បង្ហាញថា ស្ត្រីវ័យក្មេងបារាំង ចាប់ផ្ដើមព្រួយបារម្ភអំពីការបៀតបៀនផ្លូវភេទ និងមានអារម្មណ៍ខ្មាសអៀនចំពោះរាងកាយខ្លួន នៅពេលដោះអាវដេកអាំងថ្ងៃលើឆ្នេរសមុទ្រ។
បច្ចុប្បន្ន តិចជាង២០ភាគរយនៃស្ត្រីបារាំង ដែលមានអាយុក្រោម ៥០ឆ្នាំ ដេកអាំងថ្ងៃដោយចំហល្វែងលើ បើធៀបនឹង ២៨ភាគរយកាលពី១០ឆ្នាំមុន និង៤៣ភាគរយក្នុងឆ្នាំ១៩៨៤។ នេះបើតាមការស្ទង់មតិមួយកាលពីថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ IFOP របស់បារាំង៕
Tag:
បារាំង
សិទ្ធិស្ត្រី
ការស្លៀកពាក់
© រក្សាសិទ្ធិដោយ thmeythmey.com