សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​តវ៉ា ក្រោយ​អាមេរិក​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ចូល​កៀក​តំបន់​ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ
26, Aug 2020 , 3:17 pm        
រូបភាព
យន្តហោះស៊ើបការណ៍U-2 របស់អាមេរិក។ រូបភាព៖ AFP
យន្តហោះស៊ើបការណ៍U-2 របស់អាមេរិក។ រូបភាព៖ AFP
​នៅ​ថ្ងៃទី​២៥ ខែសីហា​ចិន បានដាក់​ការតវ៉ា​មួយ​ទៅកាន់​អាមេរិក ដោយ​ចោទប្រកាន់ថា អាមេរិក បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍ U-2 មួយគ្រឿង​ចូល​តំបន់ហាមឃាត់​ការហោះហើរ​ខណៈ​យោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា ។ ជាការ​ឆ្លើយតប​អាមេរិក អះអាងថា ការហោះហើរ​នេះ គឺ​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ​។

 
​ស្របពេល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុងមាន​បញ្ហា​ជាច្រើន​ជាមួយគ្នា អាមេរិក បាន​បញ្ជូន​យន្តហោះ U-2 មួយគ្រឿង មក​ក្នុង​តំបន់​មួយ ដែល​ចិន​កំណត់​ជា​តំបន់​គ្មាន​ការហោះហើរ​។ តំបន់​នោះ ក៏​ជាទី​តាំង​យោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​។ 
 
​ក្រសួងការពារជាតិ​ចិន បាន​ថ្កោលទោស​អាមេរិក​ថា បាន​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ មក​ក្នុង​សមយុទ្ធ​យោធា​ដែល​ធ្វើជា​ធម្មតា ហើយ​សកម្មភាព​បែបនេះ អាច​បង្ក​ឲ្យ​មានការ​យល់ច្រឡំ ឬ​អាច​បង្ក​ឲ្យ​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការពារជាតិ​ចិន បញ្ជាក់​ដូច្នេះ​ថា​៖ «​វា​គឺជា​សកម្មភាព​ញុះញង់​សុទ្ធសាធ ហើយ​ចិន​ជំទាស់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ និង​ដាក់​ការតវ៉ា​ទៅកាន់​ភាគី​អាមេរិក​»​។ 
 
​យ៉ាងណាក៏ដោយ ចិន​មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ទេ ថា​តើ​ហេតុការណ៍​មួយ​នេះ កើតឡើង​នៅ​កន្លែង​ណា​ឡើយ ព្រោះ​ពេលនេះ ចិន​កំពុងមាន​សមយុទ្ធ​យោធា​នៅ​តំបន់​ជាច្រើន ក្នុងនោះ​មានដូចជា សមយុទ្ធ​នៅ​សមុទ្រ​Bohai នៅ​ភាគ​ខាងកើត​ចិន​, សមុទ្រ​លឿង​នៅក្បែរ​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការតវ៉ា​របស់​ចិន យោធា​អាមេរិក បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការហោះហើរ​របស់​យន្ត​ហោះ U-2 ដែល​ធ្វើឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​បទបញ្ញត្តិ​ស្តីពី​ការហោះហើរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​យន្តហោះ​ស៊ើបការណ៍ U-2 អាច​ហោះហើរ​បាន​កម្ពស់​ជាង ២១​គីឡូម៉ែត្រ និង​អាច​ស៊ើបការណ៍​ពី​ចម្ងាយ​បាន ដោយ​មិនចាំបាច់​ចូលទៅក្នុង​តំបន់​គ្មាន​ការហោះហើរ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០០១ យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក​មួយគ្រឿង ត្រូវបាន​បង្អាក់ដំណើរ​ដោយ យន្តហោះ​ចម្បាំង​របស់​ចិន​មួយគ្រឿង​។ ក្នុង​ហេតុការណ៍​នេះ អ្នកបើក​យន្តហោះ​ចិន​ម្នា​ក់បាន​ស្លាប់ ចំណែក​យន្តហោះ​អាមេរិក ត្រូវ​ចុះចត​ជាបន្ទាន់​នៅ​មូលដ្ឋាន​យោធា​មួយ​លើ​កោះ​ហៃ​ណាន​៕ 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com