បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូតអាមេរិកថា អនាគតកម្ពុជាមានភាពវិជ្ជមានដោយសារ «កត្តាប្រជាជន»
26, Aug 2020 , 4:03 pm        
រូបភាព
 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានថ្មីៗ ស្តីពី«ជំនួយមនុស្សធម៌»
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានថ្មីៗ ស្តីពី«ជំនួយមនុស្សធម៌»
ភ្នំពេញ​៖ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្តីពី​«​ជំនួយ​មនុស្សធម៌​» ដើម្បី​អបអរ​ខួប ៧០ ឆ្នាំ​នៃ​ការបង្កើត​ចំណង​ការទូត​ទ្វេភាគី  ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Patrick Murphy បាន​ពន្យល់​លម្អិត​ពី​ជំនួយ​មនុស្សធម៌​ដែល​រដ្ឋាភិបាល​អាមេរិក​ផ្តល់ជូន​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​។


 
​មកដល់​បច្ចុប្បន្ននេះ អាមេរិក​បាន​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​លើសពី ១,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ដែល​ជំនួយ​ទាំងនោះ​ផ្តោតលើ​វិស័យ​ជាច្រើន មាន​ទាំង​សុខាភិបាល​, អប់រំ​, បរិស្ថាន​, កសិកម្ម ក៏ដូចជា បញ្ហា​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​ផងដែរ​។​
 
´​ពេល​សាក​សួរថា​តើ ជំនួយ​ទាំងនោះ​មាន​ប្រសិទ្ធភាព​បែបណា ឯកអគ្គ​រដ្ឋ​រូប​អាមេរិក​ខាងលើ​ឆ្លើយតប​វិញ​ដោយ​មិន​រារែក​ថា ជំនួយ​ទាំងនោះ​មាន​ចំណែក​យ៉ាងសំខាន់​មិន​ត្រឹមតែ​ទ្រ​ទ្រង់​ដល់​ដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដោយ​ធានា​សុខសន្តិភាព និង​ស្ថិរភាព​ប៉ុណ្ណោះ​ទេ តែ​វា​ក៏មាន​ចំណែក​លើកស្ទួយ​ជីវភាព​និង​សុខុមាលភាព​ពលរដ្ឋ​កម្ពុជា​ដែរ​។​
 

 
«​ខ្ញុំ​អាច​ឲ្យ​ជា​ឧទាហរណ៍​។ ក្រៅពី​ជំនួយ​មនុស្សធម៌ អាមេរិក​ក៏​ផ្តល់ជំនួយ​អភិវឌ្ឍ​ដល់​កម្ពុជា​ដែរ​។ អ្នក​អាច​ឃើញ​ហើយ​ថា ប្រជាជន​កម្ពុ​ជាមាន​សុខភាព​ប្រសើរ​ជាង​មុន ហូបចុក​មាន​ជីវជាតិ​ជាង​មុន មាន​អត្រា​អាយុ​រំពឹង​រស់​បានយូរ និង​មាន​ជីវភាព​រស់នៅ​ប្រសើរឡើង​»​។ លោក Murphy ថ្លែង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។ 
 
 អ្វីដែល​តំណាង​ក្រុង​វ៉ាស៊ីនតោន​រូបនេះ​មោទកភាព​ខ្លាំង​បំផុត​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្រោម​ជំនួយ​មនុស្សធម៌​នេះ​គឺ រួមចំណែក​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​ដែល​គ្មាន​គ្រាប់មីន​នៅត្រឹម​ឆ្នាំ ២០២៥ ខាងមុខ​នេះដែរ​។ 
 
​មកដល់​ពេលបច្ចុប្បន្ន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​កំពុង​បន្ត​ជួយ​កម្ពុជា​ឆ្លើយតប​នឹង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​មេរោគ​រាតត្បាត កូ​វីដ​-១៩ ទាំង​លើ​វិស័យ​សុខុមាលភាព​សាធារណៈ និង​សេដ្ឋកិច្ច​ដូចគ្នា​។ ក្នុងពេល​អនាគត លោក Murphy អះអាងថា អាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា ពង្រឹង​វិស័យ​សុខ​ភិ​បាល​ឲ្យ​កាន់តែ​ជឿនលឿន​បន្ថែមទៀត​ដែរ​។​
 
​អាមេរិក​រួមចំណែក​ជួយ​រៀបចំ​អនាគត​ដែល​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​
​សម្រាប់​អនាគត​កម្ពុជា ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព គឺ​សំដៅលើ​ការរក្សា​តុល្យភាព​រវាង​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ធនធានធម្មជាតិ និង​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ និង​បញ្ហា​ដែល​អាច​នឹង​កើតឡើង​នៅពេល​អនាគត​ដោយ​ប្រសិទ្ធភាព​។​
 
​ជុំវិញ​បញ្ហា​នេះ លោក Murphy បាន​លើកឡើងថា តាមរយៈ​កម្មវិធី​ដែលមាន​ស្រាប់​អាមេរិក​បន្ត​ជួយ​ពង្រឹងសមត្ថភាព​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន ធានា​ការពារ​ធនធានធម្មជាតិ និង​ឆ្លើយតបបាន​នឹង​បញ្ហា​គំរាមកំហែង​នានា​ជាពិសេស​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។​
 
«​សំឡឹង​ទៅកាន់​អនាគត​អ្វីដែល​ខ្ញុំ​អាច​ពិពណ៌នា​ថា​ជា​ដំណឹង​ល្អ​គឺ កម្ពុ​ជាមាន​ធនធានធម្មជាតិ​ដែល​សេសសល់​ច្រើនជាង​ប្រទេស​ដទៃទៀត​លើ​លោក​។ បញ្ហា​ប្រឈម​គឺ ត្រូវ​ធានាថា​ធនធាន​ទាំងនោះ​ត្រូវបាន​ការពារ និង​ពង្រឹង​ការសហការ​ជាមួយ​សហគមន៍​ដែល​ត្រូវ​អភិវឌ្ឍ​ដោយសារ​មាន​កំណើនប្រជាជន​»​។ លោក Murphy បាន​រៀបរាប់​បែបនេះ​។
 
​លោក​បាន​បន្តថា កម្មវិធី​គាំទ្រ​របស់​អាមេរិក​ចំពោះ​កម្ពុជា​គឺ ផ្តោត​សំខាន់​លើ​បញ្ហា​គំរាមកំហែង​ធំៗ​ដូចជា ការ​រឹបអូស​ដីធ្លី ការកាប់​ព្រៃឈើ​ខុសច្បាប់ រួមទាំង​ការជួញដូរ​សត្វព្រៃ និង​ធនធានធម្មជាតិ​ជាដើម​។ 
 
​បន្ថែម​ពីនេះ លោក​កត់សម្គាល់​ដែរ​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក៏​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែរ​ក្នុងនោះ​មានការ​គំរាមកំហែង​សន្តិសុខ​ស្បៀង និង​ធនធានទឹក​ជាដើម​។ ដូច្នេះហើយ ក្នុងនាម​ជា​ដៃគូ​កម្ពុជា ក៏ដូចជា​ប្រទេស​តំបន់​មេគង្គ​ក្រោម អាមេរិក​មាន​សហប្រតិបត្តិ​ការល្អ​ដើម្បី​ការពារ​ធនធាន​ក្នុង​តំបន់ ជាពិសេស​ជំរុញ​ការគ្រប់គ្រង និង​ប្រើប្រាស់​ទន្លេមេគង្គ​ដែលជា​សរសៃឈាម​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ជាពិសេស​កម្ពុជា​តែម្តង​។  
 
​មួយវិញទៀត លោក Murphy បាន​បន្ថែមថា អាមេរិក​ក៏​ប្រឹងប្រែង​ជួយ​ដល់​កម្ពុជា​ក្នុងការ​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង​ហា​នី​ភ័យ​ដែល​បង្កឡើង​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ដែរ​។​ «​យើង​ទាំង​អស់​គ្នា​ត្រូវ​រៀបចំ​ត្រៀមខ្លួន​ជាស្រេច​។ ដូច្នេះហើយ​យើង​មានកម្ម​វិធី​ក្រោម​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាមេរិក​នៅទីនេះ  ដែល​ផ្តោត​យកចិត្តទុកដាក់​លើ​គ្រោះមហន្តរាយធម្មជាតិ កំណត់​សូចនាករ និង​អាច​ព្យាករ​ដឹង​មុន​ថា ពេលណា​គ្រោះមហន្តរាយ​ទាំងនោះ​កើតឡើង ហើយ​កើតឡើង​នៅទីណា ដើម្បី​អាច​ឆ្លើយតបបាន​ឆាប់រហ័ស​»​។ លោក​លើកឡើង​បែបនេះ​។  
 
​អនាគត​កម្ពុជា​មា​នភា​ព​វិជ្ជមាន​ដោយសារ​កត្តា​ប្រជាជន​
​ក្នុង​បទសម្ភាសន៍​ដដែល​នោះ ឯកអគ្គរដ្ឋទូត​រូបនេះ ប្រមើល​ឃើញ​វិជ្ជមាន​ពី​អនាគត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ទំនាក់ទំនង​ទ្វេភាគី​ផង ដ្បិតថា​ប្រជាជន​កម្ពុ​ជាមាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ដែល​អាច​ធានា​ភាពជោគជ័យ​នៃ​ការលូតលាស់​របស់​ប្រទេសជាតិ ពេលខាងមុខ​។​
 
«​ខ្ញុំ​មាន​ទំនុកចិត្ត​ដោយសារ​និន្នាការ​វិជ្ជមាន​ជាច្រើន ជាពិសេស​នោះ ប្រជាជន​កម្ពុជា​ផ្ទាល់​។ ប្រជាជន​កម្ពុជា​មា​នភា​ព​អត់ធន់ មាន​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ហើយ ហើយ​ភាគច្រើន​វ័យក្មេង​ទៀត​»​។ លោក Murphy បាន​ថ្លែង​ដូច្នេះ​។​
 
​លោក​បន្តថា​៖ «​ពួកគេ​មាន​ធាតុ​ផ្សំ​ល្អ​ហើយ​ដើម្បី​ធានា​នាំ​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ក្នុង​កម្រិត​ថ្មី​មួយ ពោលគឺ មិន​ត្រឹមតែ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទេ តែ​អាច​ឈានដល់​ប្រទេស​ចំណូល​មធ្យម ឬ​ចំណូល​ខ្ពស់​ថែម​ទៀតផង​»​។​
 
​លោក ជឿជាក់ថា ភាព​វិជ្ជមាន​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការកសាង​មិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ អាមេរិក និង​កម្ពុជា​ផង​នាពេលខាងមុខ​។​
 
​ខណៈដែល​អាមេរិក​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ការអភិវឌ្ឍ​វិស័យ​ជាច្រើន​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បញ្ជាក់​ផងដែរ​ថា អាមេរិក​ក៏​ចង់ឃើញ​ការអភិវឌ្ឍ​បន្ថែម​ក្នុង​វិស័យ​សិទ្ធិមនុស្ស និ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដូចគ្នា​។ លោក​សង្កត់ធ្ងន់ថា វឌ្ឍនភាព​នៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​ដើរ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺអាច​រួមចំណែក​លើក​ស្ទួយ​វិបុលភាព និង​ភាពរឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​អាមេរិក​បាន​។​
 
​អាមេរិក​បន្ត​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​
ទាក់ទិន​នឹង​ចំណងមិត្តភាព​ទ្វេភាគី​នេះដែរ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ដែរ​ថា លោក​រីករាយ​នឹង​ភាពរឹងមាំ​នៃ​ចំណងមិត្តភាព​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​។ លោក​បានកត់សម្គាល់​ពី​យន្ត​ការដែល​លើកស្ទួយ​ទំនាក់ទំនង ក្នុងនោះ​មានកម្ម​វិធី​ស្ម័គ្រចិត្ត​, កម្មវិធី​អប់រំ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​នោះ​អាហារូបករណ៍​ដែល​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ឲ្យ​សិស្ស​កម្ពុជា​ផង​។​
 
«​យើង​មាន​បញ្ញាវន្ត​អាមេរិក​ដែល​មក​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា ហើយ​យើង​ក៏មាន​បញ្ញាវន្ត​កម្ពុជា​ដែល​ទៅ​សិក្សា​នៅ​អាមេរិក​តាម​កម្មវិធីសិក្សា​ជាច្រើន​ដែរ​។ តាមរយៈ​កម្មវិធីសិក្សា​ទាំងនោះ គេ​អាច​កំណត់​បាន​បញ្ញាវន្ត​កម្ពុជា​ដែល​អាចមាន​លទ្ធភាព​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ដែរ​។​ ​ចំណុច​ទាំងនោះ​គឺ​ល្អ​មែនទែន ហើយ​ខ្ញុំ​ចង់​ធ្វើ​ច្រើន​ជាងនេះទៀត​ដើម្បី​បង្កើនទំនាក់ទំនងរវាងប្រជាជននេះ​»។  លោក Murphy បាន​ថ្លែង​ដូច្នេះ​៕
 
​សូម​ទស្សនា​បទសម្ភាសន៍​ទាំងស្រុង​ជា​ភាសា​អង់គ្លេស​ដូចខាងក្រោម​៖ 

 

© រក្សាសិទ្ធិដោយ thmeythmey.com