សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម តវ៉ា​សមយុទ្ធ​យោធា​របស់​ចិន​នៅក្បែរ​ប្រជុំ​កោះ Paracel
27, Aug 2020 , 8:29 am        
រូបភាព
កោះ Woody ដែលជាផ្នែកមួយនៃប្រជុំកោះParacel។ រូបភាព៖ CSIS
កោះ Woody ដែលជាផ្នែកមួយនៃប្រជុំកោះParacel។ រូបភាព៖ CSIS
​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃទី​២៦ ខែសីហា បានស្នើ​ឲ្យ​ចិន​លុបចោល​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ Paracel ដែល​វៀតណាម​ឲ្យ​ឈ្មោះថា Hoang Sa ។ ចិន បានធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​ប្រជុំ​កោះ​នេះ​ចាប់ពី​ថ្ងៃទី​២៤ ខែសីហា​មក និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែសីហា​។

 
​សមយុទ្ធ​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​បាន​ប្រព្រឹត្តឡើង​ហើយ​នៅក្បែរ​ប្រជុំ​កោះ​Paracel ប៉ុន្តែ​វៀតណាម ដែលជា​ភាគី​មួយ​ទាមទារ​ប្រជុំ​កោះ​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ មិន​សុខចិត្ត​ឡើយ និង​ទាមទារ​ឲ្យ​ចិន​លុបចោល​សមយុទ្ធ​យោធា​។ បើតាម​ការអះអាង​រប​ស់​ទីក្រុង​ហាណូយ សមយុទ្ធ​យោធា​របស់​ចិន បាន​បំពាន​ដែន​អធិបតេយ្យ​របស់​វៀតណាម​។ 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម Vietnam Express អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang បាន​អះអាងថា ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​ប្រជុំ​កោះ Paracel គឺជា​ការបំពាន​ស្មារតី​នៃ​សេចក្តីប្រកាស​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​មិន​គោរព​តាម​ការចរចា ដែល​ពាក់ព័ន្ធ​នឹង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ក៏ដូចជា​ការរក្សា​សន្តិភាព ស្ថិរភាព និង​សហប្រតិបត្តិការ​នៅក្នុង​តំបន់​។ 
 
​ដោយ​មើលឃើញថា សមយុទ្ធ​យោធា​ចិន​ជាការ​បំពាន​អធិបតេយ្យ​របស់ខ្លួន វៀតណាម បានស្នើ​ឲ្យ​ចិន លុបចោល​សមយុទ្ធ​យោធា និង​មិនត្រូវ​ឲ្យ​កើតមាន​ការបំពាន​ស្រដៀង​នេះ​ទៀត​ទេ​។ វៀតណាម បានចាត់ទុក​សមយុទ្ធ​របស់​ចិន គឺ​ខុសច្បាប់​។ កន្លងទៅ​វៀតណាម បានដាក់​ការតវ៉ា​ជាមួយ​ចិន​ម្តង​ហើយ ជុំវិញ​សមយុទ្ធ​យោធា នៅក្បែរ​ប្រជុំ​កោះ Spratly កាលពីដើម​ខែសីហា​កន្ល​ង​ទៅ​។ 
 
​សូមបញ្ជាក់ថា វៀតណាម បាន​ហៅ​សមុទ្រ​ចិន​ខាងត្បូង​ថា សមុទ្រ​ខាងកើត​។ នៅក្នុង​ឆ្នាំ​១៩៧៤ ចិន បាន​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ​Paracel ពី​វៀតណាម តាមរយៈ​ការប្រើប្រាស់​កម្លាំងយោធា​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC កងទ័ព​វៀតណាម យ៉ាងហោចណាស់ ៧០​នាក់ បាន​បាត់​បង់ជីវិត ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ​៕

Tag:
 វៀតណាម​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com