ភ្នំពេញ៖ ជនខិលខូចមួយចំនួន កំពុងសម្លាប់កិត្តិយសមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងគោលនយោបាយរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ពីរឿងផ្ដល់ឈាម។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតស្តីពី«ការផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិត» នៅថ្ងៃទី២៧ សីហា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែផ្ដល់ឈាមឥតគិតថ្លៃដល់ជនរងគ្រោះ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រាន់តែតម្រូវឱ្យគ្រួសារអ្នកជំងឺ រកឈាមមកដោះដូរប៉ុណ្ណោះ។ ប៉ុន្តែជនខិលខូចមួយចំនួន បានឆ្លៀតឱកាសរកស៊ីទិញ-លក់ឈាមនេះទៅវិញ។
ត្រង់ចំណុចនេះ លោក សុខ ប៉ូ បានសង្កត់ធ្ងន់ថា ជនខិលខូច ដែលប្រកបរបរស៊ីឈ្នួលទិញ-លក់«ឈាម» តែងតែធ្វើសកម្មភាពនៅតាមមន្ទីរពេទ្យនានា ដោយបង្កើតព័ត៌មានក្លែងក្លាយប្រាប់ទៅពលរដ្ឋ ឬគ្រួសារអ្នកជំងឺឱ្យបង់ថវិកាឱ្យពួកគេ ដើម្បីជាថ្នូរនឹង«ឈាម» ដែលពួកគេដើររកឱ្យ។
បើតាមលោក សុខ ប៉ូ ដែលធ្លាប់ដឹងពីបញ្ហានេះ បានពន្យល់ថា ជនឆ្លៀតឱកាសទាំងនោះ តែងតែហាមគ្រួសារអ្នកជំងឺ មិនឱ្យរកឈាម ឬបរិច្ចាកឈាម មកដោះដូរ ដើម្បីបាន«ឈាម»ជួយអ្នកជំងឺទេ ពោលគឺពួកគេ ប្រាប់គ្រួសារអ្នកជំងឺ ឱ្យបង់ប្រាក់ឱ្យពួកគេ ដើម្បីបាន«ឈាម» ទៅប្រើប្រាស់តាមតម្រូវការទៅវិញ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ហៅសកម្មភាពជនខិលខូចទាំងនោះថា ជាការសម្លាប់កិត្តិយសមជ្ឈមណ្ឌលផ្ដល់ជាតិឈាម ក្រសួងសុខាភិបាល និងគោលនយោបាយរដ្ឋាភិបាល។«ជនខិលខូចតែងតែធ្វើឱ្យនយោបាយរដ្ឋាភិបាល(រងផល)ប៉ះពាល់ និងខូចខាត»។ នេះជាការលើកឡើងរបស់ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានបន្ថែមថា អាជ្ញាធរក៏បានបង្ក្រាប និងអប់រំ ជនខិលខូចទាំងនោះ បាន២០០ ទៅ៣០០នាក់មកហើយ ។
ដើម្បីទប់ស្កាត់សកម្មភាពជនខិលខូចទាំងនេះ លោក សុខ ប៉ូ ក៏ស្នើឱ្យមានការផ្សព្វផ្សាយ អប់រំ និងពន្យល់ពលរដ្ឋឱ្យយល់ដឹងពីការផ្ដល់ឈាមនេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
តម្រូវការឈាមនៅកម្ពុជា មានការកើនឡើងជាង២០ភាគរយ ពោលគឺជាង១ម៉ឺនប្លោក ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៨ កម្ពុជា ត្រូវការឈាមជាង៦ម៉ឺនប្លោក និងឆ្នាំ២០១៩ ជាង៨ម៉ឺនប្លោក ហើយនៅឆ្នាំ២០២០នេះ មានតម្រូវការកើនឡើងជាង១,៣ម៉ឺនប្លោក។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ។
បើតាមលោក សុខ ប៉ូ ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែវាជួយកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពទៅវិញ ដូចជាបញ្ហាមហារីកជាដើម។ បើតាមលោក សុខ ប៉ូ ដដែល បុរសអាចបរិច្ចាគឈាម បាន៤ដងក្នុងមួយឆ្នាំ ប៉ុន្តែបើការបរិច្ចាគឈាម លើសពីនេះ នឹងអាចប្រឈមមុខនឹងបញ្ហាខូចខួរឆ្អឹងខ្នងទៅវិញ នាពេលអនាគត។