សង្គមអន្តរជាតិ​
អន្តរជាតិ
ហ្វីលីពីន ថា​នឹង​ហៅ​អាមេរិក​ជួយ បើ​ចិន​វាយប្រហារ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង
27, Aug 2020 , 3:42 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ  ក្រោយសន្និសីទព័ត៌មានរួមគ្នានៅទីក្រុងម៉ានីល កាលពីថ្ងៃទី ១ មីនា ឆ្នាំ២០១៩ ។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក្រោយសន្និសីទព័ត៌មានរួមគ្នានៅទីក្រុងម៉ានីល កាលពីថ្ងៃទី ១ មីនា ឆ្នាំ២០១៩ ។ រូបភាព AFP
ដោយ:
​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​អះអាងថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល នឹង​ប្រើ​កិច្ចព្រមព្រៀង​ការពារ​រ​បស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​អូស​មហាអំណាច​មួយ​នេះ​មកជួយ​ខ្លួន ប្រសិនបើ​ចិន​វាយប្រហារ​លើ​នាវាចម្បាំង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក​អះអាង​ទៀតថា វត្តមាន​យោធា​អាមេរិក​ក្នុង​តំបន់​អាស៊ី​គឺជា​ប្រយោជន៍​ហ្វីលីពីន​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ នៅ​ថ្ងៃទី​២៦ ខែសីហា រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin និយាយថា ទីក្រុង ម៉ានីល នឹង​បន្តធ្វើ​ប្រតិបត្តិ​ការហោះ​ល្បាត​លើ​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​ទីក្រុង​ប៉េកាំង​ស្នើ​ឲ្យ​បញ្ឈប់ ហើយ​បានចាត់ទុក​ទង្វើ​របស់​ហ្វីលីពីន​ថា ការ​បង្ករឿង​ខុសច្បាប់​។ 
 
«​ពួកគេ [​ចិន​] អាច​ហៅ​វា [​សកម្មភាព​ហ្វីលីពីន​] ថា​ការ​បង្ករឿង​ខុសច្បាប់​។ អ្នក​មិនអាច​ផ្លាស់ប្ដូរ​ការគិត​ពួកគេ​បានឡើយ​»​។ លោក Locsin អះអាង​ដូច្នេះ ដោយ​សង្កត់ធ្ងន់ថា តែបើ​សិន​ផ្ទុះ​ការវាយប្រហារ​ទៅលើ​នាវា​របស់​កងទ័ពជើងទឹក​ហ្វីលីពីន​នោះ លោក​នឹង​ហៅ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មកជួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post ។​
 
​ចាប់តាំងពី​ឆ្នាំ ១៩៥១​មក សហរដ្ឋអាមេរិក និង​ហ្វីលីពីន មាន​សន្ធិសញ្ញា​យោធា (Mutual Defence Treaty) ដែល​ប្តេជ្ញា​ជួយ​គ្នា​ក្នុងករណី​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​។ នេះ​ជា​លើកដំបូង​ដែល​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាស​ជា​ចំហ​ថា ខ្លួន​នឹង​ហៅ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ជួយ​ក្នុង​ជម្លោះ​ដែនទឹក​ជាមួយ​ចិន ដែល​កំពុង​តានតឹង​។ 
 
​ម្យ៉ាងវិញទៀត ប្រមុខ​ការទូត​ហ្វីលីពីន​រូបនេះ បញ្ជាក់ថា​៖«​យើង​ត្រូវការ​វត្តមាន​អាមេរិក​ក្នុង​តំបន់​អាស៊ី​»​។ ត្រង់ចំណុច​នេះ លោក Locsin ពន្យល់ថា ផលប្រយោជន៍​ហ្វីលីពីន គឺ​ចង់​ឲ្យ​សហរដ្ឋអាមេរិករ​ក្សាវ​ត្ត​មាន​យោធា​របស់ខ្លួន​ក្នុង​តំបន់ ហើយ​ជំហរ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​គឺ​មិន​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​របស់ខ្លួន​មួយ​នេះឡើយ​។ 
 
​ហ្វីលីពីន បាន​តវ៉ា​ផ្នែក​ការទូត​ជាច្រើនលើក​ប្រឆាំង​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការប៉ះទង្គិច​គ្នា​ចុងក្រោយ គឺ​កើតឡើង​កាលពី​សប្តាហ៍​មុន នៅពេល​ចិន​ក្រសួងការបរទេស​ចិន​បាន​អះអាងថា ចិន​បាន​រឹបអូស​សម្ភារ​នេសាទ​របស់​ប្រជាជន​ហ្វីលីពីន​ដោយ​ខុសច្បាប់​នៅក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Scarborough ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ 
 
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន​៥ គឺ ចិន វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ឥណ្ឌូណេស៊ី មិនមែនជា​ភាគី​ជម្លោះ​ដែនដី​ឡើយ តែ​មិនត្រូវ​គ្នា​ជាមួយ​ចិន​ដែល​ទាមទារ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន​ដែរ​។ ដោយ​ផ្អែកលើ​យុត្តាធិការ​ប្រវត្តិសាស្ត្រ ចិន​ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​នេះ​។ 
 
​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​សម្បូរ​ដ៏​ធនធានធម្មជាតិ​និង​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​មមាញឹក គឺជា​អាទិភាព​យុទ្ធសាស្ត្រ​គោល​មួយ​សម្រាប់​ចិន​។ តាំងពី​ដើមឆ្នាំ​២០១៥​មក ចិន​បាន​សាងសង់​កោះ សិប្បនិម្មិត​ចំនួន​៧​ក្នុង​ប្រជុំ​កោះ Spratly និង​ធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​វត្តមាន​ខ្លួន​ក្នុង​តំបន់​ជម្លោះ​នេះ​៕ 
 

Tag:
 ហ្វីលីពីន​
  ចិន​
  សហរដ្ឋអាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
  Teodoro Locsin
© រក្សាសិទ្ធិដោយ thmeythmey.com