ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងសិក្សាពីលទ្ធភាពឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៥ បើកការហោះហើរឡើងវិញ ដើម្បីស្តារជាបណ្តើរៗនូវចរន្តសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការរាតត្បាតជាសាកលពីកូវីដ-១៩ (COVID-19)។ នេះបើតាមការលើកឡើងរបស់លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ជា អូន បានប្រាប់ ThmeyThmey តាមតេឡេក្រាម កាលពីថ្ងៃទី២៧សីហា ឆ្នាំ២០២០ ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងសិក្សាអំពីលទ្ធភាពឱ្យក្រុមហ៊ុនអាកាសចរទាំង៥នោះ បើកការហោះហើរឡើងវិញនៅក្នុងស្រុក នៅតំបន់ឬផ្នែកណាខ្លះនៃប្រទេសចិន និងនៅប្រទេសក្នុងតំបន់អាស៊ាន ដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ទាបបំផុត។
បើតាមលោក ជា អូន ក្រុមហ៊ុនអាកាសចរទាំងស្រុកនីមួយៗ អាចមានលទ្ធភាពហើរហោះទៅប្រទេសចិននៅក្នុងចំណុចឬគោលដៅណាមួយបានមួយជើងក្នុងមួយសប្តាហ៍។ រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះ បាននិយាយដូច្នេះ៖ «នេះក៏ជាលទ្ធភាព[យើងអាចបើការហោះហើរ] មួយដែរ ដោយសារប្រទេសចិនគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ ហើយការដឹកអ្នកដំណើរពីចិនមកក៏អត់មានបញ្ហាអីដែរ។ អ៊ីចឹង ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ គឺទាប»។
លោកបានបន្ថែម ថា៖« ប្រទេសទាំងអស់នៅក្នុងតំបន់យើង ដែលហោះមកកម្ពុជា យើងនឹងមើលប្រទេសណាដែលមានហានិភ័យទាប[ឆ្លងកូវីដ-១៩)យើងក៏អាចបើកឱ្យមានជើងហោះហើរ ដើម្បីឱ្យមានចរន្តនៃការហោះហើរ និងចរន្តសេដ្ឋកិច្ចឡើងវិញ»។
កាលពីណាក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំងនោះបិទការហោះហើរ កាន់តែយូរ មិនត្រឹមធ្វើឱ្យក្រុមហ៊ុនទាំងនោះខាតកាន់តែធ្ងន់ធ្ងរទេ គឺក៏ធ្វើឱ្យពលរដ្ឋក្នុងស្រុក និងអាកាសយានដ្ឋាននានានៅកម្ពុជារងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ទៅតាមហ្នឹងផងដែរ។ លោក ជា អូន បាននិយាយដូច្នេះ៖«យើងត្រូវថ្លឹងថ្លែង ថា តើការបើកជើងហោះហើរឡើងវិញហ្នឹងមិនមានហានិភ័យខ្ពស់ ហើយមានហានិភ័យទាបក្នុងការឆ្លងកូវីដទាប យើងគួរតែបើកដែរ»។
ជាមួយនឹងគ្នានេះ លោក បានបញ្ជាក់ថា ការបើកជើងហោះហើរឡើងនេះ គឺអនុវត្តប្រតិបត្តិការតាមស្តង់ដាររបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិដែលបានយកវិធានទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក(WHO)។
ក្រុមហ៊ុនអាកាសចរក្នុងស្រុករបស់កម្ពុជាទាំង៥នោះ មាន ក្រុមហ៊ុន Cambodia Angkor air ក្រុមហ៊ុន Sky Angkor ក្រុមហ៊ុន Cambodia airway ក្រុមហ៊ុន JC airline និងក្រុមហ៊ុន Lanmei Airline។ កាលពីថ្ងៃទី២៥សីហា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំង៥នេះ បានស្នើរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយសម្របសម្រួលប្រទេសនៅក្នុងតំបន់អាស៊ានផ្តល់ឱ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំង៥នោះ ដឹកដំណើរនៅជុំវិញតំបន់។ ប៉ុន្តែការដឹកអ្នកដំណើរប្រទេសណាមួយក្នុងអាស៊ាននេះ គឺមកចូលកម្ពុជាឡើយ។ នេះបើតាម លោក ជា អូន។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ បាននិយាយដូច្នេះ៖«លទ្ធភាពដែលអាចទៅរួចមួយទៀត គឺពួកគាត់[ក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំង៥] បានស្នើយើងទំនាក់ទំនងទៅប្រទេសក្នុងតំបន់ហ្នឹង ដោយមិនយកភ្ញៀវមកស្រុកយើងទេ»។
រូបតំណាង៖ លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងារនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោកបានលើកឧទាហរណ៍ថា បើក្រុមហ៊ុនអាកាសចរក្នុងស្រុកណាមួយ បានហោះហើរពីប្រទេសណាមួយមកស្រុកខ្មែរនោះ គឺគ្រាន់តែចូលឈប់ចាក់សាំងយន្តហោះតែប៉ុណ្ណោះ ហើយនឹងបន្តការហោះហើរឆ្ពោះត្រង់ទៅប្រទេសគោលដៅ ដូចជាប្រទេសចិនជាដើម។ ក្នុងរយៈពេលដែលយន្តហោះចូលចាក់សាំងនៅកម្ពុជាហ្នឹង អ្នកដំណើរក្នុងយន្តហោះទាំងអស់ គឺតម្រូវឱ្យរង់ចាំនៅក្នុងអាកាសយានដ្ឋាន រហូតដល់យន្តហោះចាក់សាំងហើយ នឹងបន្តដំណើរភ្លាម។
យ៉ាងណាមិញ រដ្ឋលេខាធិការប្រចាំការអាកាសចរស៊ីវិលរូបនេះ មិនទាន់អាចកំណត់បាននៅឡើយចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំង៥នោះ បើកជើងហោះហើរឡើងវិញនៅពេលណាឡើយ ដោយ លោកបានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងគិតគូ និងសិក្សាពីលទ្ធភាពឱ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកបើកជើងហោះហើរដែលមានហានិភ័យទាបបំផុតក្នុងការឆ្លងជំងឺកូវីដ-១៩។
បើតាមលោក ជា អូន វិបត្តិ កូវីដ-១៩ បានធ្វើឱ្យកម្ពុជាបាត់បង់អ្នកធ្វើដំណើរតាមជើងហោះហើរ ពី១០០ភាគរយ នៅសល់ត្រឹមតែ៥ឬ៦ភាគរយប៉ុណ្ណោះ។ លោកបន្តរៀបរាប់ថា មុនពិភពលោកជួបវិបត្តិកូវីដ-១៩ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា អាចទទួលបានដំណើរបានជាង៤០,០០០នាក់ក្នុងមួយថ្ងៃៗ។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរបាន១៧,០០០នាក់, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបទទួលបានចំនួនជិត១៧,០០០នាក់ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាង៨០០០នាក់។ ប៉ុន្តែ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរបានត្រឹមជាង៥០០នាក់ក្នុងមួយថ្ងៃ៕