អន្តរជាតិ
អាមេរិក រិះគន់ថា ចិនបាញ់មីស៊ីលនៅសមុទ្រចិនខាងត្បូង ជាការគំរាមសន្តិសុខតំបន់ ក្បួននាវាចម្បាំងរបស់ចិននៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក។ រូបភាព Xinhua
× មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី២៧ ខែសីហា បានរិះគន់ចិនចំៗ ក្រោយមានការរាយការណ៍ថា ចិនបានបាញ់មីស៊ីលបាលីស្ទិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិអាមេរិក ចាត់ទុកការបាញ់នេះ ជាការគំរាមកំហែងសន្តិភាព សន្តិសុខក្នុងតំបន់ និងជាទង្វើមិនគោរពសេចក្តីប្រកាសរួមជាមួយអាស៊ាននៅឆ្នាំ ២០០២ ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៧ ខែសីហា ក្រសួងការពារជាតិអាមេរិក អះអាងថា ចិនពិតជាបានបាញ់មីស៊ីលបាលីស្ទិកចំនួនបួនគ្រាប់ពីដែនដីគោករបស់ខ្លួនទៅតំបន់សមុទ្រចន្លោះពីកោះហៃណាន និងប្រជុំ Paracel នៃសមុទ្រចិនខាងត្បូងអំឡុងពេលសមយុទ្ធយោធានៅថ្ងៃទី២៧ ខែសីហា ។ ការបាញ់មីស៊ីល ទំនងជាការគំរាមអាមេរិក បានបញ្ជាឲ្យយន្តហោះស៊ើបការណ៍មួយគ្រឿង មកក្បែរសមយុទ្ធយោធារបស់ចិន។
បន្ទាប់ពីករណីបាញ់មីស៊ីលនេះ អាមេរិកមិននៅស្ងៀម ព្រោះអាមេរិកជឿថានេះ ជាចេតនារបស់ចិន ក្នុងការបង្កអស្ថិរភាពនៅក្នុងតំបន់។ មន្ទីរបញ្ចកោណអះអាងថា សកម្មភាពរបស់ចិន ក៏ដូចជាការសាកល្បងមីស៊ីល គឺកាន់តែបន្ថែមអស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ សកម្មភាពរបស់ចិននេះ មន្ទីរបញ្ចកោណអាមេរិក គឺចង់សំដៅដល់ សមយុទ្ធយោធារបស់ចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី២៩ ខែសីហា។
ដោយសំដៅទីក្រុងប៉េកាំងចំៗ ក្រសួងការពារជាតិអាមេរិក បានបន្ថែមទៀតថា សមយុទ្ធយោធាបែបនេះ គឺមិនគោរពតាមការប្តេជ្ញាចិត្តរបស់ចិន ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ ដែលបញ្ជាក់ពីការបញ្ចៀសបញ្ហាស្មុគស្មាញ និងបង្ការការរីកសាយភាយនៃជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូងឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល អាមេរិក ក៏បានបញ្ជាក់ផងដែរថា កន្លងមក ខ្លួនក៏បានជំរុញឲ្យចិនកាត់បន្ថយការធ្វើយោធូបនីយកម្ម និងការគំរាមកំហែងនៅក្នុងតំបន់ផងដែរ ប៉ុន្តែផ្ទុយមកវិញ ចិនមានតែជ្រើសយកសមយុទ្ធយោធា និងបាញ់មីស៊ីលបាលីស្ទិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សូមបញ្ជាក់ថា ចិន បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូង ស្របពេលអាមេរិក ក៏កាន់តែលូកដៃចូលជម្លោះពហុភាគីមួយនេះ។ កន្លងទៅអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងថា អាមេរិក នឹងគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជម្លោះសមុទ្រចិនខាងត្បូង គឺមានភាគីចំនួន៥ ក្នុងនោះមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។ តៃវ៉ាន់ មិនមែនជាប្រទេសទេ ប៉ុន្តែក៏ជាភាគីនៃជម្លោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com