ភ្នំពេញ៖ គណបក្សប្រជាធិបេតយ្យមូលដ្ឋាន(គ.ប.ម) ស្នើឲ្យរដ្ឋាភិបាលស្ដារបញ្ហាសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើលែងតែអាវុធ(EBA)២០ភាគរយត្រឡប់មកវិញ។ តែរដ្ឋាភិបាលតបថា កម្ពុជា គ្មានចំណុចដែលត្រូវកែប្រែ ដើម្បីទទួលបាន EBA នេះវិញឡើយ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ការបាត់បង់ EBA ដោយសារបញ្ហារំលោភបំពានផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដូច្នេះរដ្ឋាភិបាលគួរតែស្ដារសិទ្ធិមនុស្សឡើងវិញ។ ប្រធានគណបក្សរូបនេះ ក៏បារម្ភពីបញ្ហាបីចំណុច ដែលនាំឲ្យស្ថានភាពនៅកម្ពុជា កាន់តែអាក្រក់ដែរ ក្នុងនោះរួមមាន ភាពមិនចុះសម្រុងគ្នាក្នុងសង្គមខ្មែរ, ការបាត់បង់EBA ស្របពេលរងផលប៉ះពាល់កូវីដ-១៩ និងការរំលោភសិទ្ធិមនុស្ស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ក្ដីបារម្ភអំពីស្ថានភាពនយោបាយ និងដំណោះស្រាយ កាលពីថ្ងៃទី២៥ សីហានេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«រដ្ឋាភិបាលគួរពិចារណា ធ្វើយ៉ាងណាដើម្បីឲ្យស្ដារបានEBAវិញ ហើយបញ្ហាទាំងបីនេះ...អាចស្ដារឡើងវិញបាន តាមរយៈដំណោះស្រាយរួមធំមួយគឺ ធ្វើយ៉ាងណាឲ្យអនុភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនឹងប្រសើរឡើងវិញ»។
បើតាមលោក យ៉េង វីរៈ ការស្ដារសិទ្ធិមនុស្សឡើងវិញនេះ មិនត្រឹមតែអាចជួយឱ្យកម្ពុជាទទួលបានEBA ២០ភាគរយវិញនោះទេ វាថែមទាំងជួយស្ដារសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគផងដែរ។
ប្រធានបក្សរូបនេះ សង្កត់ធ្ងន់ថា ការស្ដារសិទិ្ធមនុស្ស គឺផ្ដោតសំខាន់លើសិទ្ធិបញ្ចេញមតិ និងការជួបជុំ ដោយអហិង្សា ដោយគ្មានការចាប់ខ្លួននៅក្រោមសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីឲ្យមានការប្រកួតប្រជែង ផ្នែកដំណោះស្រាយបញ្ហាសង្គម ពីសំណាក់ពលរដ្ឋ អ្នកនយោបាយ រួមជាមួយរដ្ឋាភិបាល។
ការលើកឡើងរបស់លោក យ៉េង វីរៈ នេះ ធ្វើឡើងក្រោយពីលោកបានមើលឃើញការបញ្ចេញមតិរបស់ពលរដ្ឋលើបញ្ហាព្រំដែន និងការជួបជុំតវ៉ានានា ក្នុងរយៈពេលចុងក្រោយនេះ បែរជាត្រូវអាជ្ញាធរចាប់ខ្លួន និងដាក់បទចោទប្រកាន់ទៅវិញ។ ជាក់ស្ដែងករណីលោក រ៉ុង ឈុន ដែលលើកឡើងពីរឿងព្រំដែនជាដើម។
តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងប្រាប់សារព័ទ៌មានថ្មីៗថា កម្ពុជាគ្មានអ្វីត្រូវកែប្រែ ដើម្បីទទួលបានEBA ឡើយ ពោលគឺមិនរំពឹង និងមិនសុំEBA ២០ភាគរយវិញទេ។ បើតាមលោក ផៃ ស៊ីផាន មូលហេតុដែលកម្ពុជា មិនបារម្ភអើពើលើការបាត់EBA ២០ភាគរយនេះ ដោយសារកម្ពុជា បានត្រៀមខ្លួនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតកន្លងមកហើយ ជាពិសេសការពង្រឹងខ្លួន ផ្ដោតសំខាន់ទៅវិស័យកសិឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាជាតិ។ រីឯបញ្ហាសិទ្ធិមនុស្សកម្ពុជាវិញ លោក ផៃ ស៊ីផាន អះអាងដូចទៅនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ពោលគឺកម្ពុជាមិនមានការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនិងការជួបជុំឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងថា៖ «យើងមិនបោះបង់ចោលអធិបតេយ្យភាព យកEBAឡើយ ហើយរឿងEBAនេះ យើងដឹងខ្លួនតាំងពី១ទៅ២ឆ្នាំមុនហើយថា កំណើនពលរដ្ឋយើងឡើងលើបន្ទាត់ក្រហមរបស់អឺរ៉ុបក្នុងការកាត់EBA។ សិទ្ធិមនុស្សវិញ កម្ពុជាគោរពនូវសេរីភាពនៃការបញ្ចេញមតិ និងមិនមានការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនិងជួបជុំទេ។ ការចាត់វិធានច្បាប់ចំពោះអ្នកបញ្ចេញមតិនិងជួបជុំកន្លងមក គឺចំពោះតែអ្នកបំពានរដ្ឋធម្មនុញ្ញ និងច្បាប់តែប៉ុណ្ណោះ»។
ចំណែក លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មក៏អះអាងយ៉ាងខ្លីថា កម្ពុជាមិនមានអ្វី ដែលត្រូវកែប្រែឡើងវិញ ពាក់ព័ន្ធនឹងEBAនេះទេ ។ «កម្ពុជាគ្មានកែប្រែ ដើម្បីយកEBA ទេ បើយើងកែប្រែគឺកែប្រែតាំងពីដើមមកហើយ»។ នេះជាលើករបស់លោក ស៊ាន ថៃ៕