ជាតិ
មន្ទីរ​បរិស្ថាន​ឧ​ត្ត​រ​មានជ័យ បង្ហាញ​ពី​យន្តការ​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​សំរាម​
28, Aug 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ កំណើនប្រជាជន ទេសចរ និង​កំណើនសេដ្ឋកិច្ច​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន បាន​ប្រាប់​សារព័ត៌មាន​Thmeythmey25​ថា​សំរាម​ទាំងនោះ ភាគច្រើន​ជា​សំណល់​ប្លា​ស្ទិ​ក​។ ដើម្បី​សោភណភាព​ខេត្ត រដ្ឋបាលខេត្ត បាន​ដាក់ចេញ​យន្តការ​មួយចំនួន គ្រប់គ្រង​បញ្ហា​សំរាម​នៅក្នុង​ខេត្ត​នេះ​។​



​សំណល់​សំរាម នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កើនឡើង​ពីមួយ​ឆ្នាំ ដោយសារតែ​ការកើនឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង អ្នក​ចំណូល​ថ្មី និង​កំណើនសេដ្ឋកិច្ច​។ នេះ​បើតាម​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ពន្យល់​ប្រាប់ ThmeyThmey25 បន្ថែម​ដូច្នេះ​៖«​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សំរាម​មានការ​កើនឡើង​ជា​លំដាប់​»​។ លើសពី​ចំនួន​ពលរដ្ឋ ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​សំរាម​កើនឡើង​រាល់ថ្ងៃ ពិសេស​នៅតាម​រមណីយដ្ឋាន​នានា និង​តំបន់​សក្ដានុពល​ទេសចរណ៍​ផងដែរ​។​
 
​ដើម្បី​ធានាបាន​សណ្តាប់ធ្នាប់ និង​សោភណភាព​ខេត្ត យន្តការ​គ្រប់គ្រង​សំរាម គឺជា​ការងារ​អាទិភាព ក្នុងចំណោម​ការងារ​អា​ទិ​ភាព​ដទៃទៀត​។ តាម​លោក ភួង លី​ណា រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានទទួល​កញ្ចប់​ថវិកា​ប្រមាណ​៣០០​លាន​រៀល ក្នុង​ឆ្នាំ​២០២០ ពី​ក្រសួងបរិស្ថាន ដើម្បី​ផ្តោតលើ​ការងារ​គ្រប់គ្រង​សំរាម ដែល​រួមបញ្ចូល​ទាំង​ការប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​ក្រុង​សំរោង យកទៅ​ចោល​នៅ​ទីលាន​ចាក់សំរាម​ក្រុង​។​
 
​ក្រៅពីនេះ រដ្ឋបាល​ក្រុង​សំរោង ក៏មាន​កិច្ចសន្យា ជាមួយនឹង​ក្រុមហ៊ុន​ឯកជន លើ​សេវា​ប្រមូល​សំរាម គ្រប់​ដណ្ដប់​នៅលើ​តំបន់ ដែលមាន​ប្រជាជន​រស់នៅ​ច្រើន និង​មានលទ្ធភាព​បង់ថ្លៃ​សេវា​ផងដែរ​។ 


 រូបភាពពីហ្វេសប៊ុក លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ

​ចំណែកឯ តាម​បណ្ដា​ស្រុក​ចំនួន​៤​ផ្សេង​របស់​ខេត្ត​ឧ​ត្ត​មានជ័យ មានស្រុក​ចុងកាល់ ត្រពាំង​ប្រាសាទ អន្លង់វែង និង​បន្ទាយ​អំពិល​នោះ ក៏មាន​ទីលាន​ចាក់សំរាម​រៀងៗ​ខ្លួន​ដែរ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បញ្ជាក់ប្រាប់ thmeythmey25 ដូច្នេះ រួច​បន្តថា ក្រៅពី​ទីលាន​ចាក់សំរាម ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏មាន​ឡ​ដុត​សំរាម​មួយ នៅក្នុង​ក្រុង​សំរោង​ដែរ ប៉ុន្តែ​មិនសូវ​បាន​ប្រើប្រាស់​សម្រាប់​ដុត​សំរាម​ឡើយ ដោយសារតែ​ទីលាន​ចាក់សំរាម​នៅ​ក្រុង​សំរោង ដែលមាន​ផ្ទៃដី ប្រមាណ​៩​ហិកតា​នោះ នៅ​អាច​ទទួល​បរិមាណ​សំរាម​បន្ថែមទៀត​បាន​។ 
 
«​ឡ​ដុត​សំរាម​មិនមែនជា​គោលដៅ​សម្រាប់​ដុត​សំរាម​គ្រប់​ប្រភេទ​ទេ ហើយ​សំរាម​នៅ​ទីលាន​ក៏​គ្មាន​ការបែងចែក​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ប្រធាន​មន្ទីរ​បរិស្ថាន ដោយ​បន្ថែម​ពី​ការយល់ឃើញ​របស់ខ្លួន​ថា ការញែក​សំរាម មិនមែនជា​យន្តការ​កាត់បន្ថយ​ការកើនឡើង​សំរាម​ទេ ប៉ុន្តែ​វា​គ្រាន់តែ​អាច​កាត់បន្ថយ​បរិមាណ​សំរាម ដែល​ត្រូវ​យកទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ប៉ុណ្ណោះ​៕ 
 

Tag:
 សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com