កញ្ញា លី គីមអាន ជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគូរូបតុក្កតាតំណាងស៊ីហ្គេម(Mascot) ដែលយកសុភាទន្សាយជាគំរូ ។ ក្រៅពីថវិកាលើកទឹកចិត្តចំនួន៥ពាន់ដុល្លារ ជ័យលាភីនេះ ជួយឲ្យកីឡាការិនីតេក្វាន់ដូ WT រូបនេះ ក្លាយជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ជាក្តីស្រមៃដែល នាង បានប៉ងចង់អ្វីតំណាងឲ្យជាតិនៅលើឆាកអន្តរជាតិ។
កញ្ញា លី គីមអាន បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ក្រោយត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជ្រើសរើសឲ្យក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងគូរូបតុក្កតាតំណាងស៊ីហ្គេមឆ្នាំ២០២៣ ដែលមានបេក្ខជនជាច្រើនរូបចូលរួមប្រកួតប្រជែង។ ពេលដាក់ពាក្យចូលរួមដំបូងកីឡាការិនីតេក្វាន់ដូ WT កម្រិតខ្សែក្រវាត់ខ្មៅពីរដាន់រូបនេះ មិនរំពឹងថា អាចក្លាយជាម្ចាស់ជ័យលាភីនោះទេ ដ្បិតនាងពុំសូវជំនាញខាងប្រើប្រាស់កម្មវិធីគូហ្គ្រាហ្វិក។
ក្រៅពីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥ពាន់ដុល្លារ កញ្ញា គីមអាន ត្រូវបាន CAMSOC តែងតាំងឲ្យធ្វើជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាអ្វីដែលខ្លួនស្រមៃ។ កូនច្បងក្នុងគ្រួសារមានបងប្អូន៣នាក់ នៅរាជធានីភ្នំពេញរូបនេះអះអាងថា នាងចង់ធ្វើអ្វីមួយតំណាងឲ្យប្រទេសជាតិ ដូច្នេះសម្រាប់តំណែងនេះជួយឲ្យរូបគេអាចសម្រេចក្តីស្រមៃខ្លួន។
សម្រាប់តំណែងជាទូតសុច្ឆន្ទៈនេះ នាង អាចចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ លើសពី នាង អាចត្រូវបាន CAMSOC បញ្ជូនទៅប្រទេសដើម្បីចូលទស្សនាការប្រកួតស៊ីហ្គេមនៅក្រៅប្រទេស ឬផ្សព្វផ្សាយពីកីឡាស៊ីហ្គេមរបស់កម្ពុជាជាដើម។ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មរូបនេះប្តេជ្ញាថា នាងនឹងជួយផ្សព្វផ្សាយពីកីឡាស៊ីហ្គេមរបស់កម្ពុជាយ៉ាងរីករាយ បើថ្នាក់ដឹកនាំ CAMSOC ត្រូវការរូបគេ។
«តាមពិតទៅខ្ញុំមិនមែនរៀនខាងហ្គ្រាហ្វិកទេ គឺខ្ញុំរៀនខាងស្ថាបត្យកម្ម តែខ្ញុំចេះហ្គ្រាហ្វិកតិចតួចដោយសារកម្មវិធីវាប្រើដូចគ្នា។ ខ្ញុំប្រកួតកីឡាខ្ញុំចង់តំណាងឲ្យជាតិ មិនមែនតែត្រឹមក្នុងប្រទេសទេ គឺក្រៅប្រទេស តែខ្ញុំគ្មានឱកាស នៅពេលខ្ញុំឃើញការប្រកួត (Logo និង Mascot)ធ្វើឲ្យស៊ីហ្គេមទាំងមូល ខ្ញុំមានអារម្មណ៍រំភើប ខ្ញុំក៏បានដាក់ពាក្យចូលរួមប្រកួត»។ នេះជាការលើកឡើងរបស់កញ្ញា លី គីមអាន។
រូប Mascot ដែលជួយឲ្យកញ្ញា លី គីមអាន ទទួលបានជ័យលាភី គឺរូបសុភាទន្សាយពីរ ដែលគ្រងសម្លៀកបំពាក់គុនល្បុក្កតោ ដែលជាក្បាច់គុនរបស់បុព្វបុរសខ្មែរ។ តួអង្គទន្សាយឈ្មោលឈ្មោះ បុរី ដៃស្តាំកាន់ភ្លើងគប់ បង្ហាញពីការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈតួអង្គទន្សាយញីឈ្មោះ រំដួល ដៃទាំងពីរលើកសំពះ ដើម្បីបង្ហាញពីការស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងអត្តពលិកអន្តរជាតិ ដែលមកចូលរួមការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជា។
កីឡាការិនីតេក្វាន់ដូ WT រូបនេះ អះអាងថា ភាពជោគជ័យនេះមិនមែនកើតឡើងពីគំនិតផ្ទាល់ខ្លួនរបស់ នាង តែម្នាក់ឯងនោះទេ គឺមានការរួមចំណែកនិងផ្តល់គំនិតពីមិត្តភក្តិ និងផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ។ នាង បានបន្ថែមថា មុនសម្រេចជ្រើសរើសយករូបនេះ CAMSOC បានឲ្យខ្លួនកែប្រែជាច្រើនលើកច្រើនសារ ពាក់ព័ន្ធសម្លៀកបំពាក់ និងកាយវិការ។
នេះជាលើកទី១ហើយសម្រាប់កញ្ញា លី គីមអាន ដែលបានទទួលជ័យលាភីក្នុងការប្រកួតគូរូប ដ្បិតនាងមិនធ្លាប់ចូលរួមប្រកួតបែបនេះកន្លងមកនោះទេ។ ប៉ុន្តែកីឡាតេក្វាន់ដូខ្សែក្រវាត់ខ្មៅកម្រិតពីរដាន់រូបនេះ ធ្លាប់ដណ្តើមបានមេដាយថ្នាក់ជាតិជាច្រើនក្នុងការប្រកួតកីឡាតេក្វាន់ដូ WT៕