ជាតិ
កម្មករ​រោងចក្រ​មួយ​នៅ​សៀមរាប ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​អតីតភាព​ការងារ
28, Aug 2020 , 5:24 pm        
រូបភាព
កម្មកររោងចក្រផេកធីកនៅខេត្តសៀមរាប តវ៉ាឲ្យក្រុមហ៊ុនបើកប្រាក់អតីតភាពការងារ កាលពីថ្ងៃទី២៧ សីហា ២០២០។ (រូបផ្ដល់ដោយ លោក ទូច កុសល)
កម្មកររោងចក្រផេកធីកនៅខេត្តសៀមរាប តវ៉ាឲ្យក្រុមហ៊ុនបើកប្រាក់អតីតភាពការងារ កាលពីថ្ងៃទី២៧ សីហា ២០២០។ (រូបផ្ដល់ដោយ លោក ទូច កុសល)
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ផេ​ក​ធី​ក​(Pactics Cambodia Co., Ltd)​នៅ​សៀមរាប បានទាមទារ​នៅ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​អតីត​ការងារ តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល នៅ​ថ្ងៃទី​២៨ សីហា​នេះ ។


​លោក ម៉េ​ត រ៉ា​ត មេ​សហជីព​របស់​កម្ម​ករ​ផេ​ក​ធី​ក ថ្លែងប្រាប់ ThmeyThmey ថា ការតវ៉ា​នេះ ដោយសារ​ភាគី​ក្រុមហ៊ុន​ជំទាស់​មិន​បើកប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ ក្រោម​ហេតុផល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ខណៈដែល​គ្មាន​អ្នកបញ្ជា​ទិញ​ទំនិញ​ពី​រោងចក្រ​។ 
 
​បើតាម​លោក ម៉េ​ត រ៉ា​ត ក្រុមកម្មករ​ទាំងនោះ ក៏បាន​ស្នើឱ្យ​រោងចក្រ ទទួលយក​រូបលោក និង​លោក ពីង ទាវ ចូល​បំពេញការងារ​សហជីព​វិញ​ដែរ ក្រោយពី​ក្រុមហ៊ុន​បាន​បញ្ឈប់​ការងារ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​ដោយសារ​ការទា​ម​ទារ​ឲ្យ​មានការ​បើកប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​នេះ​។ លោក ម៉េ​ត រ៉ា​ត អះអាងថា រោងចក្រ​ផេ​ក​ធី​ក ជា​រោងចក្រ​កាត់ដេ ប៉ុន្តែ​មិនបាន​តាម​អនុវត្ត​គោលការណ៍​ប្រាក់​ឈ្នួល​អប្បបរមា ។ 
 
«​វិវាទ​ទាមទារ​ឲ្យ​បើកប្រាក់​អតីតភាព​ការងារ​នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​បង្គាប់​ឲ្យ​ភាគី​ក្រុមហ៊ុន​រោងចក្រ​បើកប្រាក់​ឲ្យ​កម្មករ​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​ជំទាស់​ថា​គ្មាន​អ្នកបញ្ជា​ទិញ​។ ប៉ុន្តែ​ការផលិត​ក្នុង​រោងចក្រ​ឃើញ​ដំណើរការ​រហូត រួមទាំង​រើស​បុគ្គលិក​បន្ថែមទៀត​ផង​។ ដោយសារ​ខ្ញុំ​ជា​តំណាង​ទាមទារ​វិវាទ​នេះ បាន​ខ្ញុំ​រង​ការបញ្ឈប់​ការងារ ទើប​កម្មករ​ក៏​សម្រេចចិត្ត​តវ៉ា ហើយ​អ្វីដែល​សំខាន់​នោះ គឺ​កម្មករ​ខ្លះ​ទទួលបាន​ប្រាក់ខែ​ក្រោម​ប្រាក់​អប្បបរមា​នៃ​វិស័យ​កាត់ដេរ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ម៉េ​ត រ៉ា​ត​។ 
 
​ជុំវិញ​បញ្ហា​នេះ លោក ផេង ឆេង​លី ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការទាមទារ​របស់​ក​ម្មករ គឺ​ត្រឹមត្រូវ​តែមួយ​ចំណុច​ប៉ុណ្ណោះ ទាក់ទង​នឹង​ការបើកប្រាក់​អតីតភាព​ការងារ មុន​ឆ្នាំ​២០១៩ និង​២០២០​។ ដោយឡែក​ពីរ​ចំណុច​ទៀត កម្មករ​មិនទាន់បាន​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​នោះទេ​។ 
 
​លោក ឆេង​លី ថ្លែងថា​៖ «​ចំណុច​នៃ​ការទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ប្រាប់​អប្បបរមា​នៃ​វិស័យ​កាត់ដេរ ខាង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​មិនទាន់​បានទទួល​សំណុំរឿង​ដោះស្រាយ​នៅឡើយ​ទេ​។ អ៊ីចឹង​ហើយ​បើ​ទាមទារ​គឺ​វា​ខុស​។ ហើយ​ទាមទារ​ឲ្យ​សហជីព​ពីររូប​ចូលធ្វើការ​វិញ​ក៏​ខុស​ដែរ ព្រោះ​រឿងនេះ​កម្មករ​បាន​បញ្ជូនទៅរ​ដ្ឋ​មន្ត្រី​ការងារ​ជាស​ម្រេច ប៉ុន្តែ​មិនទាន់​ចេញ​សេចក្ដីសម្រេច​ផង គាត់​ធ្វើការ​ទាមទារ​។ ទាំងពីរ​ចំណុច​នេះ គឺ​អនុវត្ត​ខុសពី​នីតិវិធី​និង​មិនទាន់​អស់​លទ្ធភាព​»​។ 
 
​កន្លងមក​ក្រុមហ៊ុន​ផេ​ក​ធី អះអាងថា ខ្លួន​បាន​បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ជា​ក្រុមហ៊ុន​ផលិត​ក្រណាត់​ជូត​វ៉ែនតា​ប៉ុណ្ណោះ ពោលគឺ​មិនមែនជា​ប្រភេទ​រោងចក្រ​កាត់ដេរ​ឡើយ​។ ដូច្នេះ​ភាគី​ក្រុមហ៊ុន​មិន​អនុវត្តតាម​គោលការណ៍​វិស័យ​កាត់ដេរ ដែល​ត្រូវ​បើកប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អប្បបរមា​នោះទេ​។ នេះ​បើតាម​លោក ផេង ឆេង​លី ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ខេត្តសៀមរាប ដែល​បាន​សាកសួរ​ទៅ​ភាគី​ក្រុមហ៊ុន​។​
 
​តែ​យ៉ាងណា ការបកស្រាយ​របស់​ក្រុមហ៊ុន​នេះ ហាក់​មិន​ដូចជា​ស្ថានភាព​ជាក់ស្ដែង​ឡើយ​។ បើតាម​ការចុះពិនិត្យ​ជាក់ស្ដែង​វិញ លោក ឆេង​លី អះអាងថា ក្រុមហ៊ុន​នេះ មាន​ផលិត​ក្រណាត់​ជូត​វ៉ែនតា កាបូប រួមទាំង​មាន​ម៉ា​ស៊ី​កាត់ដេរ​ទៀតផង​។​
 
​លោក ឆេង​លី បាន​សង្កត់ធ្ងន់ថា​៖« ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន ទាល់​តែមាន​ភាគី​នៃ​ក្រសួង​ពាក់ព័ន្ធ​ឬ​គណកម្មការ​ណាមួយ​កំណត់​ជាថ្មី​ថា រោងចក្រ​នេះ​ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​ឬ​មិនមែន ទើប​ដោះស្រាយបាន​ឆាប់​»​។  
 
​លោក ម៉េ​ត រ៉ា​ត តំណាង​កម្មករ បាន​អះអាងថា លោក​និង​កម្មករ​នឹង​ពិភាក្សាគ្នា​បន្តទៀត ដើម្បី​រក​ដំណោះស្រាយ​ធ្វើយ៉ាងណា ឲ្យ​ទទួលបាន​អត្ថប្រយោជន៍​នៃ​កម្លាំង​ការងារ​របស់ខ្លួន​មកវិញ​៕ 
 

Tag:
 កម្មករ​
  រោងចក្រ​កាត់ដេរ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com