COVID-19
អន្តរជាតិ
ទីក្រុងវូហាន ត្រៀមបើកសាលារៀនទាំងអស់ នៅថ្ងៃទី១ ខែកញ្ញា រូបភាព៖ Reuters
× ទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេនៅចុងឆ្នាំ២០១៩ នឹងបើកសាលារៀនទាំងអស់ រួមទាំងថ្នាក់មតេយ្យផង នៅថ្ងៃទី១ ខែកញ្ញាខាងមុខ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលក្រុងវូហាន នៅថ្ងៃទី២៨ ខែសីហា បន្ទាប់ពីគ្មានករណីឆ្លងអស់ជាច្រើនខែ។
ទីក្រុងវូហាន គឺជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេបំផុត និងជាទីក្រុងដែលរងការអុកឡុកពីសំណាក់COVID-19 ខ្លាំងបំផុតនៅក្នុងប្រទេសចិន។ ចាប់តាំងពីថ្ងៃទី១៨ ខែឧសភាមក ទីក្រុងវូហាន មិនបានរាយការណ៍ពីករណីឆ្លងនៅក្នុងស្រុកឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rueters។
ស្ថានការណ៍COVID-19 នៅក្នុងទីក្រុងកាន់តែស្ងៀមស្ងាត់ អាជ្ញាធរក្រុងវូហាន សម្រេចបើកសាលារៀនឡើងវិញ ដោយមានភ្ជាប់ជាមួយវិធានបង្ការ និងទប់ស្កាត់ករណីឆ្លង។ បើតាមអាជ្ញាធរក្រុងវូហាន វិទ្យាស្ថានអប់រំប្រមាណ២៨៤២កន្លែងនៅក្នុងទីក្រុង ដែលមានសិស្សប្រមាណ ១,៤លាននាក់ នឹងបើកឲ្យចូលរៀនវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខ។ ចំណែកសកលវិទ្យាល័យ នឹងបើកឲ្យសិស្សចូលរៀនចាប់ពី៣១ ខែសីហា ខាងមុខ។
យ៉ាងណាក៏ដោយ សម្រាប់និស្សិត និងគ្រូបរទេស ប្រសិនបើមិនទទួលបានការជូនដំណឹងពីសាលារៀន ក៏មិនអាចត្រលប់មកសាលារៀនបានទេ។
ជាមួយគ្នានេះ អាជ្ញាធរ បានស្នើឲ្យសិស្សត្រូវពាក់ម៉ាស់ និងជៀសវៀងធ្វើដំណើរតាមមធ្យោបាយសាធារណៈ។ ចំណែកសាលារៀនវិញ ត្រូវមានសម្ភារទប់ស្កាត់COVID-19 និងត្រូវត្រៀមខ្លួនទប់ស្កាត់ករណីផ្ទុះថ្មីកើតឡើង។ ដោយឡែកអាជ្ញាធរក្រុងវិញ ក៏បានរៀបចំគម្រោងអាសន្ន សម្រាប់ពេលមានករណីថ្មីផ្ទុះឡើងផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៩ ខែសីហា ចិនមានករណីឆ្លងCOVID-19 សរុបចំនួន ៨៥០២២ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៨០១២៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com