ភ្នំពេញ៖ អ្នកស្រី ចេន សុភាព ជាស្ថាបនិក និងម្ចាស់សិប្បកម្មកីតម្បាញខ្មែរកីតម្បាញខ្មែរ បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមស្ថាបនិកសហគ្រាសធនតូចនិងមធ្យម(SME)ចំនួន៧៧នាក់ទូទាំងប្រទេស ដែលអាចប្រកួតប្រជែងយក ពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកដំបូងប្រចាំឆ្នាំ២០២០។
ពានរង្វាន់សហគ្រិនថ្នាក់ជាតិលេខ១នេះ បានផ្តល់ឱ្យ អ្នកស្រី សុភាព កាលពីយប់ថ្ងៃទី២៧សីហា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ចាប់ពីជ័យលាភីលេខ១ដល់លេខ៣។ រីឯអ្នក ទទួលបានជ័យលាភីលេខ២នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ គឺបានទៅលើ កញ្ញា ថូ ធីតា ម្ចាស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ (Thaung Enterprise) នៅខេត្តកំពត និងម្ចាស់ជ័យលាភីលេខ៣ គឺ លោក ឈឹម ច័ន្ទឆាយា ម្ចាស់កសិដ្ឋាន ហង្សម៉ាច ខេត្តតាកែវ។
កញ្ញា ថូ ធីតា ម្ចាស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ខេត្តកំពត។
កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកដំបូងប្រចាំឆ្នាំ២០២០នេះ បង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំជាមួយសហគ្រិនខ្មែរ តាមរយៈជំនួយរបស់រដ្ឋាភិបាលកម្ពុជា ដៃគូនានាដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់រៀងរាល់ឆ្នាំ តាមរយៈការរៀបចំឱ្យមានការប្រកួតប្រជែងនៅថ្នាក់តំបន់ និងថ្នាក់ជាតិកម្ពុជា។
លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ កម្មវិធីនេះបង្កើតឡើងដើម្បីលើកទឹកចិត្តនិងទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ក៏ដូចជាពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន និងសាធារណៈដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់SME និង ចងក្រងឯកសារអំពីការអនុវត្តល្អៗនៃដំណើរការបង្កើតអាជីវកម្មរបស់សហគ្រិនជោគជ័យក្នុងស្រុកឆ្ពោះទៅមុខ។ ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោក កំពុងជួបផលដ៏លំបាកពីជំងឺកូវីដ-១៩(COVID-19)។
លោក ឈឹម ច័ន្ទឆាយា ម្ចាស់កសិដ្ឋាន ហង្សម៉ាច ខេត្តតាកែវ។
ជាមួយគ្នានេះ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការផ្តួចផ្តើមបង្កើតកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកដំបូងនេះឡើង បានបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងដំណើរនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។
លោកបន្តថា កម្មវិធីប្រកួតប្រជែងនេះ គឺជាការបង្ហាញពីការជំរុញលើកកម្ពស់ និងការទទួលស្គាល់សហគ្រិនក្នុងស្រុក ដែលមានសមត្ថភាព ទេពកោសល្យ និងការទទួលស្គាល់សហគ្រិនក្នុងស្រុក ដែលមានសមត្ថភាព ទេពកោសល្យ បទពិសោធន៍ ភាពច្នៃប្រឌិត និងស្នាដៃលេចធ្លោជាងគេនៅកម្ពុជា។
បើតាមរបាយការណ៍របស់ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ក្នុងកម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកដំបូងប្រចាំឆ្នាំ២០២០ កម្ពុជាមានម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមជាង ៧៦,០០០នាក់ ដែលកំពុងដំណើរការអាជីវកម្ម និងចូលរួមចំណែកផ្តល់ការងារដល់ពលរដ្ឋបានជាង ៥៥ម៉ឺននាក់៕