ជាតិ
​មេភូមិ​ទាំង​៣៦​នៅ​ស្រុក​បន្ទាយស្រី ត្រូវ​ដឹកនាំ​ចលនា​បរិស្ថាន​ក្នុងភូមិ​យ៉ាងហោច​១​ខែម្តង​
29, Aug 2020 , 9:29 pm        
រូបភាព
​ស្រុក​បន្ទាយស្រី បានចាប់ផ្តើម​យុទ្ធនា​ការដើរ​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ នៅ​ទូទាំង​ស្រុក ប្រមាណ​៣​ខែ​មកហើយ ពោលគឺ​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០២០​មកម្ល៉េះ​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី  បញ្ជាក់ប្រាប់​Thmeythmey25 ដូច្នេះ​។


 
​អភិបាលស្រុក​វ័យក្មេង​រូបនេះ បញ្ជាក់ទៀតថា យុទ្ធនា​ការដើរ​ប្រមូល​សំរាម គឺ​ត្រូវ​ដឹកនាំ​ដោយ​មេភូមិ​នីមួយៗ រៀងរាល់​មួយខែ​ម្តង​។ លោក ឃឹម ហ្វី​ណង់ បាន​ប្រាប់​ថ្មីៗ​តាម​ទូរ​សព្ទ ពី​យន្តការ​អចិន្ត្រៃយ៍​របស់​ស្រុក​បន្ទាយស្រី យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងស្រុក​បន្ទាយស្រី​ទាំងមូល មាន​៣៦​ភូមិ ហើយ​នៅតាម​ភូមិ​នីមួយៗ មាន​កន្លែង​ប្រមូលផ្ដុំ​សំរាម​មួយ គ្រប់​ភូមិ​តែម្ដង​។ ហើយ​ក្នុង​មួយ​ភូមិ មេភូមិ នឹង​ដឹកនាំ​ចលនា​កម្មវិធី​បរិស្ថាន​រៀងរាល់ខែ ជាប្រចាំ​គ្រប់​ភូមិ​ទាំងអស់​។ មួយខែ ត្រូវ​ចំណាយពេល​មួយថ្ងៃ ធ្វើ​ការងារ​សំរាម​នេះ​។ ដើរ​ប្រមូល ដើម្បី​កុំ​ឲ្យ​សំរាម​រប៉ាត់រប៉ាយ នៅតាម​ទីសាធារណៈ​»​។​


 
​លោក ឃឹម ហ្វី​ណង់ មិនទាន់​អាច​បញ្ជាក់​ទេ​ថា តើ​ការងារ​ដើរ​ប្រមូល​សំរាម​នេះ​ត្រូវការ​ពេល​ប៉ុន្មាន តែ​លោ​កថា​យូរ ឬ​ឆាប់ អាស្រ័យ​លើ​អ្នកទេសចរ​ដែល​មក​ក​ម្សា​ន្ត​នៅទីនេះ​។ «​ការផ្លាស់ប្ដូរ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ ត្រូវការ​ពេលវេលា អ៊ីចឹង​ខ្ញុំ​មិនអាច​និយាយបានថា ពេលណា​ដែល​យើង​ឈប់​រើស​សំរាម​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ដោយ​បន្តថា បញ្ហា​ប្រឈម គឺ​អ្នកទេសចរ​មក​កម្សាន្ត​ជា​អ្នក​បោះចោល​សំរាម​ទាំងនោះ​។​
 
​សំរាម​ដែល​ប្រមូលបាន នឹងត្រូវ​យកទៅ​បែក​ចែង​តាម​ប្រភេទ​សំរាម​ធម្មតា និង​សំរាម​អេតចាយ មុននឹង​យកទៅ​ដុត​នៅ​ឡ នៅ​ស្រុក​ក្បែរ​ខាង ខណៈ​ឡ​ដុត​សំរាម​ក្នុងស្រុក​នេះ នឹង​បញ្ចប់​ការ​សាស​សង់​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។ សំរាម​មួយផ្នែក ផ្ញើ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក ឃឹម ហ្វី​ណង់ បញ្ជាក់ថា ស្រុក​បន្ទាយស្រី មិនទាន់មាន​កន្លែង​កែច្នៃ​សំរាម ទៅជា​របស់​ប្រើប្រាស់​ឡើងវិញ​នោះទេ​។ 
 
 
​ក្រៅពី​យុទ្ធនា​ការប្រមូល​សំរាម​តាម​ទីសាធារណៈ អភិបាលស្រុក​វ័យក្មេង​រូបនេះ ក៏បាន​រៀបចំ​កម្មវិធី​បរិស្ថាន​មួយចំនួនទៀត ដូចជា​ការដាក់​ធុងសំរាម​នៅតាម​ទីសាធារណៈ កម្មវិធី​ប្រឡងប្រណាំង​ផ្ទះ​ស្អាត ភូមិ​ស្អាត​ផងដែរ​។  តាមរយៈ​កម្មវិធី​ទាំងអស់នេះ លោក ហ្វី​ណង់ ជឿជាក់ថា បញ្ហា​សំរាម នឹង​អាច​ស្ថិតនៅក្នុង​ដំណាក់កាល​គ្រប់គ្រង​បាន​។ 
​ដោយឡែក ការងារ​គ្រប់គ្រង​សំរាម​នៅ​ស្រុក​របស់ខ្លួន ដែល​បានចាប់ផ្តើម​រយៈពេល​៣​ខែ​មកហើយ​នោះ ឃឹម ហ្វី​ណង់ ទុក​ឲ្យ​សាធារណជន ដែល​បាន​ទៅដល់​ស្រុក​បន្ទាយស្រី ជា​អ្នក​វា​នៅ​តម្លៃ​។  
 
​ជាមួយនឹង​ការប្តេជ្ញា​កែប្រែ​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី ទាំងមូល​ឲ្យ​គ្មាន​សំរាម អភិបាលស្រុក​រូបនេះ សង្ឃឹមថា យុទ្ធនាការ​នឹង​រីកសាយ​ភាយ និង​ក្លាយជា​គំរូ ទៅដល់​ភូមិ ស្រុក​នានា ទូទាំងប្រទេស​។ លោក ឃឹម ហ្វី​ណង់ បញ្ជាក់​មកកាន់ ThmeyThmey25 ដូច្នេះ​៖«​ការអនុវត្ត​លើ​បញ្ហា​បរិស្ថាន​នេះ​គឺ​ពិបាក ប៉ុន្តែ​បើសិនជា​យើង​គិតថា ពិបាក​ហើយ​យើង​មិន​ធ្វើ គឺ​យើង​គ្មាន​ថ្ងៃ​ដោះស្រាយ​បានទេ​។ ខ្ញុំ​ជឿថា ភាព​ស្អាត​ចេញពី​មនុស្ស​ម្ដងម្នាក់ ផ្ទះ​ម្ដង​មួយ ភូមិ​ម្ដង​មួយ ឃុំ​ម្ដង​មួយ រួចហើយ​ឈានទៅដល់​ស្រុក​ទាំងមូល សង្ឃឹមថា​ទៅដល់​ខេត្ត និង​ប្រទេស​ទាំងមូល​ផងដែរ​។ សម្រាប់​ស្រុក​បន្ទាយស្រី មិន​រួញរា​ទេ គឺ​យើង​មិន​គេច​ពី​បញ្ហា​ទេ ដែល​យើង​ចាប់ផ្ដើម​ធ្វើ​វា ទោះ​មិនបាន​ថ្ងៃនេះ តែ​ថ្ងៃ​ណាមួយ​យើង​នឹង​ទទួលបាន​»​។​
 
​បើតាម​លោក ឃឹម ហ្វី​ណង់ ក្រោយ​ជោគជ័យ​លើ​ការងារ​ប្រមូល​សំរាម​តាម​ទីសាធារណៈ ស្រុក​បន្ទាយស្រី​នឹង​បន្តធ្វើ​ការងារ​បរិស្ថាន ដូចជា​ដាំ​ដើមឈើ សម្អាត​ទ្រុប​ព្រៃ និង​លុប​ជង្ហុក​តាម​ដងផ្លូវ​ជាដើម​។​
 
​ស្រុក​បន្ទាយស្រី​ទាំងមូល​មាន​៦​ឃុំ គឺ​ឃុំ​ខ្នារ​សណ្តាយ ឃុំ​ឃុន​រាម ឃុំ​ព្រះ​ដាក់ ឃុំ​រំចេក ឃុំ​រុន​តា​ឯក និង​ឃុំ​ត្បែង ហើយ​ភូមិ​សរុប​មាន​ចំនួន​៣៦​រ​ភូមិ​៕
 

Tag:
 បរិស្ថាន​
 ​សំរាម​
 ​ប្លា​ស្ទិ​ក​
 ​ឃឹម ហ្វី​ណង់​
 ​បន្ទាយស្រី​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com