ជាតិ
ប្រធានសមាគមសណ្ឋាគារកម្ពុជា ណែនាំអ្នកវិនិយោគឲ្យប្រុងប្រយ័ត្នលើសាងសង់សណ្ឋាគារ
30, Aug 2020 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ អ្នកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានណែនាំអ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគ ក៏ដូចជាសាងសង់សណ្ឋាគារ ត្រូវបង្កើនការយកចិត្តទុកដាក់ ជាពិសេសនោះត្រូវរកទីតាំងណាដែលជាតំបន់សក្ដានុពលទេសចរណ៍។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ក្លេខៃ ចិន្តា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។



តំបន់ទេសចរណ៍គោលដៅចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ កំពុងប្រឈម នឹងការសាងសង់សណ្ឋាគារសម្រាប់ផ្គត់ផ្គង់ទេសចរលើសតម្រូវការ បើទោះបីជាតំបន់ទាំងនោះមានសក្ដានុពលក៏ដោយ។ នេះតាមការលើកឡើងរបស់ប្រធានសមាគមសណ្ឋាគារកម្ពុជានៅថ្ងៃដដែល។
 
អ្នកស្រី ចិន្ដា បានបន្ថែមថា សម្រាប់អ្នកវិនិយោគដែលចង់សាងសង់សណ្ឋាគារទាំងអស់ ត្រូវសិក្សាលើតំបន់ទេសចរណ៍ណាដែលមានសក្ដានុពលភ្ញៀវទេសចរ ប៉ុន្តែមិនទាន់មានកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការភ្ញៀវទេសចរណាពេលអនាគត។ លើសពីនោះ អ្នកស្រី ក៏បានណែនាំតំបន់ទេសចរណ៍គោលដៅបរទេសមួយចំនួនដល់អ្នកវិនិយោគ ដូចជាខេត្តព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី និងរតនគិរីជាដើម។ 
 
សម្រាប់ខេត្តព្រះសីហនុ មានកន្លែងស្នាក់ជាច្រើនសម្រាប់ភ្ញៀវទេសចរ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ស្នាក់ជាច្រើនផ្សេងទៀត តែដោយមានការរាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះមានភ្ញៀវទេសចរតិចណាស់ដែលស្នាក់នៅទីនេះ។ នេះជាការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ដោយបន្តថា អ្នកស្រី មិនបានហាត់លើការវិនិយោគនោះទេ ប៉ុន្តែការសាងសង់សណ្ឋាគារក្នុងដំណាក់កាលនេះ គឺអាចនឹងលើសពីតម្រូវការ។
 
ក្រៅពីនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងផងដែរថា ខេត្តព្រះសីហនុកំពុងសាងសងផ្លូវចំនួន៣៤ខ្សែក្នុងក្រុង មានប្រវែងសរុបចំនួន៨២១៤៥គីឡូម៉ែត្រ ដែលសាងសង់ដោយ ក្រុមហ៊ុនចំនួន៧ នឹងចំណាយរយៈពេល៨ខែ។ លោក បន្តថា ការសាងសង់ផ្លូវនេះ គឺស្មើនឹងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញទាំងស្រុង ដែលខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងរងគ្រោះទឹកជំនន់។ ការស្ថារផ្លូវឡើងវិញនេះ លោក គួច ចំរើន បានបញ្ជាក់ដូច្នេះថា នឹងធ្វើឲ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានភាពទាក់ទាញដល់អ្នកវិនិយោគបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងដែលចង់កែប្រែជាខេត្តឧស្សាហកម្មគំរូពហុបំណង និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជានៅពេលខាងមុខផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com