ជាតិ
លោក វេង សាខុន៖ គោលនយោបាយធ្វើទំនើបកម្មកសិកម្ម ជួយបង្កើនផលិតផលបន្លែសុវត្ថិភាព
29, Aug 2020 , 10:29 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកលោកវេង សាខុន
រូបភាពពីហ្វេសប៊ុកលោកវេង សាខុន
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម បានធ្វើទំនើបកម្មកសិកម្ម ដែលជួយបង្កើនការផលិតបន្លែសុវត្ថិភាព។ បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដាក់ចេញនូវគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការបន្លែក្នុងស្រុក សំដៅកាត់បន្ថយការនាំចូល។



លោក វេង សាខុន អះអាងថា៖ «ការធ្វើទំនើបកម្មកសិកម្មនេះ ធ្វើឡើងតាមរយៈការបំពាក់ផ្ទះសំណាញ់ និងបញ្ចូលបច្ចេកវិទ្យាថ្មីនៃការដាំដុះ និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកជូនដល់កសិករ។ គោលនយោបាយធ្វើទំនើបកម្មកសិកម្ម ដោយជំរុញ និងបង្កើនការផលិតបន្លែសុវត្ថិភាពនៅតាមរាជធានី-ខេត្ត នឹងធ្វើឲ្យកាត់បន្ថយការនាំចូលជាបណ្ដើរៗ»។ 

 រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន 

ទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម លើកឡើងថា កសិករធ្លាប់ប្រឈមធ្វើការដាំដុះបន្លែកន្លងមក គឺមានការប្រឈមទៅនឹងអាកាសធាតុ (ក្តៅខ្លាំងនៅរដូវប្រាំង និងភ្លៀងច្រើននៅរដូវវស្សា)។ លើសពីនេះ បញ្ហាសត្វល្អិត ក៏ជាបញ្ហាប្រឈម ដែលបានកើតឡើងច្រើន នៅរដូវក្ដៅ និងដើមរដូវវស្សា ដែលទាមទានូវការប្រើប្រាស់ថ្នាំពុលលើសកម្រិត។ 
 
ដោយមើលឃើញពីបញ្ហារបស់ប្រជាកសិករ ដែលធ្លាប់ប្រឈម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ដល់បច្ចេកវិទ្យាថ្មីនៃការដាំដុះដល់កសិករ។ តាមរយៈការផ្ដល់នូវបច្ចេកវិទ្យាថ្មីនៃការដាំដុះដល់កសិករក្នុងរយៈពេលមួយឆ្នាំចុងក្រោយ បានធ្វើឲ្យកសិករមានការពេញចិត្ត និងបានបង្កើនការដាំដុះរហូតទៅដល់៥ ទៅ៦ដងក្នុងមួយឆ្នាំ។

 រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន 

លទ្ធផលនៃការដាំដុះ និងការបញ្ជាទិញរបស់កសិករ មានការកើនឡើង ជាផ្នែកមួយនៃការផ្លាស់ប្ដូរការដាំដុះរបស់កសិករ។ តាមរយៈភាពរីកចម្រើនរបស់កសិករ លោក វេង សាខុន លើកឡើងថា៖ «ខ្ញុំមានក្តីសង្ឃឹមថាដៃគូអភិវឌ្ឍន៍ទាំងអស់ និងក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុកដាក់និងបង្កើនទុនវិនិយោគជួយកសិករយើងបន្ថែមទៀត នាពេលខាងមុខនេះ»៕ 
 

Tag:
 កសិកម្ម
  បន្លែសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com