COVID-19
អន្តរជាតិ
ជប៉ុន បដិសេធដាច់ខាត ចំពោះភាគីណាចង់ផ្លាស់ស្ថានភាពបច្ចុប្បន្ន ក្នុងសមុទ្រចិនខាងត្បូង
30, Aug 2020 , 11:12 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកម៉ាក អេស្ព័រ (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នៅមន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកម៉ាក អេស្ព័រ (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នៅមន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃទី២៩ ខែសីហា បានលើកឡើងថា លោក និងសមភាគីអាមេរិក លោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត មិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ជាឯកតោភាគី នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ។


 
ថ្លែងប្រាប់អ្នកសារព័ត៌មានជប៉ុនពីកោះGuam តាមអនឡាញ លោកតារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានអះអាងយ៉ាងដូច្នេះថា៖ «យើងយល់ព្រមថា សហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងសាកសមបំផុត ទៅនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាសមុទ្រចិនខាងកើត»។ ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនបែបនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ព័រ នៅកោះGuam។ 
 
ក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក និងជប៉ុននេះ លោកតារ៉ូ បានចែករំលែកការយល់ឃើញមួយចំនួនជាមួយលោក អេស្ព័រ ពីការពារមីស៊ីលនៅក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិន និងបញ្ហាសន្តិសុខជាដើម។ ជាមួយគ្នាដែរ ជំនួបនេះ ធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា ក្នុងនោះមានដូចជា បញ្ហាCOVID-19 ហុងកុង កោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្មជាដើម។ 
 
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកមកកោះGuam ធ្វើឡើងនៅចំពេលជម្លោះសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅ។ ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្នុងតំបន់នេះ។ សមយុទ្ធយោធាចុងក្រោយ ចិនបានប្រព្រឹត្តឡើងនៅក្បែរប្រជុំកោះ Paracel ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ដែលបង្កឲ្យភាគីវៀតណាមជំទាស់យ៉ាងខ្លាំង។ 
ដោយឡែកសមុទ្រចិនខាងកើតវិញ ចិន និងជប៉ុន ក៏មិនបានមើលមុខគ្នាចំដូចគ្នា ជុំវិញជម្លោះលើកោះSenkaku ដែលចិនហៅថា Diaoyu។ បច្ចុប្បន្នកោះ Senkaku នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ខណៈពេលចិននៅតែអះអាងថា ជាកោះរបស់ខ្លួន៕ 
 

Tag:
 ជប៉ុន
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com