ជាតិ
លោក ញ៉ែម ឌឹប ដាំរមៀតជាច្រើនហិកតានៅអូរសោមដើម្បីនាំចេញទៅឥណ្ឌា
30, Aug 2020 , 2:57 pm        
រូបភាព
ពោធិ៍សាត់៖ រមៀត ឬល្មៀត ជាប្រទាលមួយប្រភេទ មានក្លិនប្រហើរ ដែលគេដាំយកមើមសម្រាប់ជ្រលក់ពណ៌ ឬធ្វើជាគ្រឿងទេស ឬសម្រាប់ថែរក្សាសម្រស់ជាដើម។ ជាក់ស្ដែង រមៀតរបស់ប្រជាកសិករនៅក្នុងទឹកដីឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានដាំដុះសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសឥណ្ឌា ដែលបញ្ជាទិញជាប្រចាំ។ លោក ញ៉ែម ឌឹប ជាកសិករ និងជាឈ្មួញកណ្ដាល បានដាំរមៀត ដែលក្នុងមួយឆ្នាំអាចប្រមូលផលពី៣០០ទៅ៤០០តោន។



សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey 25 ជាមួយកសិករ ញ៉ែម ឌឹប ម្ចាស់ចម្ការរមៀតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដូចតទៅ៖ 
 
 
រយៈពេល ៤ឆ្នាំហើយ ដែលកសិករ ញ៉ែម ឌឹប ដាំរមៀតសម្រាប់ផ្គត់ផ្គង់ទៅកាន់ប្រទេសឥណ្ឌា។ ក្រៅពីដាំដុះខ្លួនឯង កសិករ ញ៉ែម ឌឹប ក៏ទទួលទិញរមៀតពីកសិករដទៃនៅតំបន់អូរសោមផងដែរ។ បើតាមកសិករ ញ៉ែម ឌឹប រមៀតមួយគីឡូក្រាម អាចលក់បានតម្លៃ ១៣០០រៀល។ 
 
ការដាំដុះរមៀត មិនមានផលលំបាកនោះទេ ដោយត្រូវមើលថែទាំសម្អាតស្មៅតែប៉ុណ្ណោះ។ កសិករ ញ៉ែម ឌឹប បន្តថា ក្នុង១ហិកតា អាចប្រមូលផលបានពី ១៨ទៅ២០តោន អាស្រ័យលើការថែទាំរមៀត។ ដំណាំរមៀតអាចប្រមូលបានម្ដង ក្នុងមួយឆ្នាំ ពិសេសត្រូវផ្លាស់ប្ដូរដីសម្រាប់ដាំដុះផងដែរ។ 
 
កសិករ ញ៉ែម ឌឹប បញ្ជាក់ថា ទីផ្សារធំសម្រាប់នាំចេញរមៀត គឺនៅប្រទេសឥណ្ឌា។ ទោះបីមានទីផ្សារធំនៅប្រទេសឥណ្ឌាក៏ដោយ ក៏កសិកររូបនេះ នៅតែព្រួយបារម្ភនឹងទីផ្សារ ប្រសិនបើឥណ្ឌាមិនបញ្ជាទិញ នោះលោក នឹងឈប់ដាំ។ កសិកររូបនេះលើកឡើងយ៉ាងដូច្នេះ៖ «ពេលបានទីផ្សារឥណ្ឌាចឹង យើងក៏សប្បាយចិត្តដែរ។ ប៉ុន្តែបើអត់ពេលទីផ្សារឥណ្ឌា គឺយើងពិបាកដែរ។ ភ័យខ្លាចពេលឥណ្ឌាផ្អាក ព្រោះយើងមិនដឹងយកទៅលក់នៅទីណាទេ»។ 
 
បើតាមកសិករ ញ៉ែម ឌឹប តំបន់អូរសោមនេះ អំណោយផលសម្រាប់វិស័យកសិកម្ម ដោយបានផ្ដល់ទិន្នផលបានច្រើនដល់កសិករនានា។ ម្ចាស់ចម្ការរមៀតខាងលើ បន្ថែមថា ដំណាំរបស់ប្រជាកសិករអាចដាំដុះវិលជុំបាន ពិសេសតំបន់នេះ មានធ្លាក់ភ្លៀងគ្រប់គ្រាន់ ដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើកសិកម្ម។ 
 
កសិករ ញ៉ែម ឌឹប សំណូមពរឲ្យរដ្ឋាភិបាលជួយរកទីផ្សារដំណាំរមៀតរបស់លោក និងកសិករដទៃក្នុងតំបន់អូរសោម ប្រសិនបើឥណ្ឌាលែងបញ្ជាទិញ៕ 
 

Tag:
 រមៀត
  អូរសោម
  ពោធិ៍សាត់
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com