អន្តរជាតិ
លោក អាបេ មានជំងឺដំបៅពោះវៀន តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ
30, Aug 2020 , 9:29 pm        
រូបភាព
លោកស៊ិនហ្សូ អាបេ បានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២៨ ខែសីហា ដោយសារតែជំងឺដំបៅក្រពះ។ ជំងឺពោះវៀននេះ គឺកើតមានលើប្រជាជនជប៉ុនប្រមាណ ២២ម៉ឺននាក់នៅជប៉ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី៣០ ខែសីហា។


 
ជារឿងគួរឲ្យភ្ញាក់ផ្អើល នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានប្រកាសចុះចេញពីតំណែង ដោយសារបញ្ហាសុខភាព។ ប៉ុន្តែនាយករដ្ឋមន្រ្តីរូបនេះ នៅតែបន្តកាន់តំណែងនេះដដែល រហូតតែមានអ្នកស្នងតំណែង។ ពេលនេះ បេក្ខភាពអ្នកស្នងតំណែងនាយករដ្ឋមន្រ្តី គឺមានច្រើន។ 
 
ជាការពិត លោកអាបេ មិនមែនទើបតែកើតជំងឺនេះទេ ពោលគឺមានជាយូរមកហើយ។ នៅក្នុងឆ្នាំ២០០៧ លោកនាយករដ្ឋមន្រ្តីជប៉ុនវ័យ៦៥ឆ្នាំរូបនេះ បានលាលែងពីតំណែងនេះម្តងហើយ ដោយសារតែជំងឺដំបៅពោះវៀនដដែល។ តាមការចុះផ្សាយរបស់ទស្សនាវដ្តីជប៉ុន Bungeishunju លោកអាបេ បានកើតជំងឺនេះ តាំងពីអាយុ ១៧ឆ្នាំមកម្លេះ។ 
 
កន្លងមកលោកនាយករដ្ឋមន្រ្តី បានអះអាងថា ថ្នាំAsacol ដែលត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់នៅជប៉ុន ក្នុងឆ្នាំ ២០០៩ គឺបានជួយព្យាបាលរោគសញ្ញារបស់លោក។ 
លក្ខខណ្ឌនៃជំងឺនេះ គឺមានដូចជាការរលាកក្នុងពោះវៀនធំ ការបំផ្លាញស្រទាប់ខាងក្នុងពោះវៀន និងបង្កឲ្យមានការឈឺចាប់នៅក្នុងពោះជាដើម។ សម្រាប់រោគសញ្ញានៃជំងឺនេះ មានដូចជា ឈឺក្នុងពោះ, រាក, បន្ទោបង់ចេញឈាម និងស្រកទម្ងន់ជាដើម។
 
យ៉ាងណាក៏ដោយ គេមិនទាន់រកឃើញមូលហេតុ ដែលបង្កឲ្យកើតជំងឺនេះនៅឡើយទេ ប៉ុន្តែគេជឿថា វាអាចបង្កដោយសារប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន និងបញ្ហាមួយចំនួនទៀតដូចជា ការកំណត់ចំណីអាហារជាដើម។ អាការៈនៃជំងឺនេះ អាចព្យាបាលបាន ប៉ុន្តែជំងឺនេះ មិនអាចព្យាបាលបានទេ។ 
 
បើទោះបីជាជំងឺដំបៅពោះវៀន មិនប៉ះពាល់ដល់អាយុជីវិតមែន ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃដូចជា អ្នកជំងឺត្រូវចូលក្នុងបន្ទប់ទឹកពីរដងក្នុងមួយថ្ងៃ ធ្វើឲ្យមានភាពតានតឹងខ្លាំង និងបញ្ហាផ្សេងទៀត៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com