អន្តរជាតិ
វៀតណាម​សម្លឹង​រក​បច្ចេកវិទ្យា​បញ្ញា​និម្មិត​និង​បច្ចេកវិទ្យា​នានា​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វីដ​១៩
31, Aug 2020 , 7:59 pm        
រូបភាព
ផ្លាញ​សញ្ញា​នៅ​ហាង​កាហ្វេ​មួយ​នៅទីក្រុង​ហូជីមិញ ដែល​ប្រាប់​ដល់​អតិថិជន​ឲ្យ​ពាក់​ម៉ាស់។
ផ្លាញ​សញ្ញា​នៅ​ហាង​កាហ្វេ​មួយ​នៅទីក្រុង​ហូជីមិញ ដែល​ប្រាប់​ដល់​អតិថិជន​ឲ្យ​ពាក់​ម៉ាស់។
ដោយ: VOA
​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​នាំ​ឲ្យ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI កាន់តែ​ទទួល​ចំណាប់អារម្មណ៍ ខណៈ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​សម្រាប់​វិភាគ​ទិន្នន័យ​ទំហំ​ធំ​ដើម្បី​រកមើល​គន្លឹះ​សម្រាប់​ទស្សន៍ទាយ​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺឆ្លង និង​ពិចារណា​ប្រើប្រាស់​អ្នករត់​តុ​ជា​មនុស្ស​យន្ត​ដែល​អាច​កាត់បន្ថយ​ការទាក់ទង​គ្នា​រវាង​មនុស្ស​។

 
​នៅក្នុង​ប្រទេស​វៀតណាម ដែល​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​តិចតួច​ពី​កូ​វីដ​១៩ លទ្ធភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​បែបនេះ​កំពុង​ត្រូវបាន​គេ​សាកល្បង​នៅឡើយ​។ ការប្រើប្រាស់​ទាំងនេះ​អាច​រួមមាន​រូបយន្ត chatbot ដែល​អាច​ឆ្លើយ​សំណួរ​ដោយ​ស្វ័យប្រវត្តិ បច្ចេកវិទ្យា​កំណត់ចំណាំ​មុខ បច្ចេកវិទ្យា​ទស្សន៍ទាយ​ទីតាំង​ភូមិសាស្ត្រ និង​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ទប់ទល់​នឹង​ពាក្យ​ច​ចាម​រ៉ា​ម​ខុស​អំពី​ជំងឺ​រាតត្បាត​នេះ​។​
 
​ជា​ឧទាហរណ៍ ក្រុមហ៊ុន FPT Corp. ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​កម្មវិធី​កុំព្យូទ័រ​ធំជាងគេ​នៅ​វៀតណាម បាន​បង្កើត​កម្មវិធី​តា​ម​អ៊ីនធឺណិត​មួយ​ដែល​ប្រើ​ស្វ័យប្រវត្តិកម្ម​ដើម្បី​វាយតម្លៃ​អំពី​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​១៩​។ កម្ម​វី​ធី​ដំណើរការ​យ៉ាង​ដូច្នេះ​៖ ពលរដ្ឋ​វៀតណាម​ត្រូវ​ចូលទៅ​គេហទំព័រ Corona Check រួច​បញ្ចូល​ទិន្នន័យ​អំពី​កន្លែង​ដែល​ពួកគេ​បានធ្វើ​ដំណើរ​ទៅ​នៅពេល​ថ្មីៗ​នេះ​។ បន្ទាប់មក​កម្មវិធី​នេះ​នឹង​ផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នក​បញ្ចូល​ជាមួយ​ទិន្នន័យ​ទីតាំង ពេលវេលា និង​បរិមាណ នៃ​ករណី​ឆ្លង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​វៀតណាម ដើម្បី​គណនា កម្រិត​លទ្ធភាព​ដែល​ពលរដ្ឋ​ណា​ម្នាក់​អាច​បាន​ជួប​អ្នក​ដែលមាន​ផ្ទុក​កូ​វីដ​១៩​។​
 
​លោក Tran Hoang Giang អនុប្រធាន​ផ្នែក​កម្មវិធី​កុំ​ព្យ័​ទ័​រ​នៃ​ក្រុមហ៊ុន FPT ថ្លែងថា​៖ «​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI បន្តធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​របស់​វា​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់តែ​ប្រសើរឡើង​។ ពេលនេះ​កម្មវិធី​នេះ​អាច​ទស្សន៍ទាយ​ពី​លទ្ធភាព​ឆ្លង​កូ​វីដ​១៩ បាន​សុ​ក្រឹត្យ​ប្រមាណ​៩០%​។ កម្មវិធី​នេះ​នឹង​កាន់តែ​សុ​ក្រឹត្យ​ទៀត​នៅពេលដែល​មនុស្ស​កាន់តែ​ច្រើន​បញ្ចូល​ទិន្នន័យ​វាយតម្លៃ​ផ្ទាល់ខ្លួន​ក្នុង​គេហទំព័រ​នេះ​»​។​
 
​ដំណើរ​ការវិភាគ​ទិន្នន័យ​ត្រូវ​សម្រួល​មួយផ្នែក​ដោយសារ​វៀតណាម ដែលមាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន ១.០៣៨​នាក់​ត្រឹម​ថ្ងៃទី​២៨ ខែសីហា (https://coronavirus.jhu.edu/map.html) ក្នុងឆ្នាំនេះ​បាន​បោះពុម្ពផ្សាយ​ទិន្នន័យ​យ៉ាង​លម្អិត​និង​អនាមិក​អំពី​ការធ្វើដំណើរ​របស់​អ្នកជំងឺ​កូ​វីដ ដើម្បី​ឲ្យ​អ្នកដទៃ​អាច​ពិនិត្យថា​ពួកគេ​បាន​ទៅកាន់​កន្លែង​ដូចគ្នា​ក្នុងពេល​ដូចគ្នា​នឹង​អ្នក​ឆ្លង​កូ​វីដ​១៩​នោះទេ​។ ជា​ឧទាហរណ៍ ទិន្នន័យ​មួយ​នោះ​បង្ហាញថា​តើ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​បាន​ទៅ​ផ្សារ​ទំនើប ហាង​កាហ្វេ និង​ផ្សារ​ធម្មតា​ប៉ុន្មាន​ដង​។​
 
​ប្រព័ន្ធ​ជូនដំណឹង​ជាមុន​
 
​បើតាម​លោក Truong Gia Binh ប្រធាន​ក្រុមហ៊ុន FPT ឲ្យ​ដឹងថា ការងារ​ខាង​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន (machine learning) បញ្ចូល​សារ​ល្អ​មួយ​ដល់​យើង ដោយ​លោក​ពន្យល់ថា​៖ «​មិនថាតែ​សម្រាប់​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​នោះទេ សូម្បីតែ​សម្រាប់​យុវជន​វៀតណាម​ដែល​វៃឆ្លាត​ក៏មាន​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​និង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះដែរ​»​។​
 
​ប្រទេស​វៀតណាម​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​យុទ្ធសាស្ត្រ​សាកល​ខាង​បច្ចេកវិទ្យា AI ដ៏​ពេញនិយម​មួយ​ដើម្បី​វិភាគ​ទិន្នន័យ​និង​ទស្សន៍ទាយ​ទីតាំង​ដែល​នឹង​អាចមាន​ការឆ្លង​កូ​វីដ​១៩​ជា​សហគមន៍​នៅពេល​ខាងមុខ​។ ទិន្នន័យ​ទាំងនេះ​អាចមាន​ចំនួន​តិច ហើយ​មើលទៅ​ដូចជា​មិន​ទាក់ទង​ដោយផ្ទាល់​ទេ តួ​យ៉ាងដូច​ទិន្នន័យ​ទាក់ទង​នឹង​អាកាសធាតុ ភាព​ណែនណាន់តាន់តាប់​ក្នុង​ផ្សារ​ទំនើប ឬ​ព័ត៌មាន​ដែល​គេ​និយម​ស្វែងរក​តាម​គេហទំព័រ Google ជាដើម​។ ប៉ុន្តែ​ទិន្នន័យ​រួមផ្សំ​ទាំងនេះ ប្រសិនបើ​គេ​ប្រើប្រាស់​ត្រឹមត្រូវ អាច​ចង្អុលបង្ហាញ​ពី​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ និង​អាច​ដើរតួ​ជា​ប្រព័ន្ធ​ជូនដំណឹង​ជាមុន ដែល​អាច​រកឃើញ​ហានិភ័យ​មុន​មនុស្ស​រកឃើញ​ម្ល៉េះ​។​
 
​បន្ថែម​ពីលើ​គំរូ​ព្យាករណ៍​ដែល​វាយតម្លៃ​អំពី​កម្រិត​គំរាមកំហែង​នៃ​ជំងឺ​នេះ វៀតណាម​ក៏មាន​ផែនទី​ជំងឺ​កូ​វីដ​១៩ ដែល​ភ្ជាប់​ទៅនឹង​អត្ថបទ​ព័ត៌មាន ហើយ​ដែល​ត្រូវគេ​បញ្ចូល​ព័ត៌មាន​ថ្មី​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ចាត់វិធានការ​ខ្លាំង​ប្រឆាំងនឹង​ពាក្យ​ច​ចាម​រ៉ា​ម​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​នេះ​។ ពាក្យ​ច​ចាម​រ៉ា​ម​អំពី​កូ​វីដ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​នៅ​ប្រទេស​ខ្លះ​ពាក្យ​ច​ចាម​រ៉ា​ម​ទាំងនេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្លះ​ផលិត​ថ្នាំ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​ដែល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​។​
 
​ការព្យាបាល​ពី​ចម្ងាយ​
 
​ក្រៅពី​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន ជំងឺ​កូ​វីដ​១៩​ក៏បាន​ជំរុញ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ខាង​បច្ចេកវិទ្យា​មួយទៀត​គឺ ការព្យាបាល​ពី​ចម្ងាយ ឬ telemedicine​។ ជា​ឧទាហរណ៍​ក្រុមហ៊ុន Doctor Anywhere ឬ​ប្រែ​ថា «​គ្រូពេទ្យ​គ្រប់​ទីកន្លែង​» នៅពេលនេះ​មាន​បុគ្គលិក​ជា​គ្រូពេទ្យ​ដែល​ពិនិត្យ​និង​ពិ​គ្រោ​ជាមួយ​អ្នកជំងឺ​វៀតណាម​ដើម្បី​រក​រោគសញ្ញា​តាមរ​យៈ​បច្ចេកវិទ្យា​ពិគ្រោះ​តាម​វីដេអូ​។ បច្ចេកវិទ្យា​នេះ​ក៏ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ប្រទេស​ថៃ​និង​សិង្ហ​បុរី​ផងដែរ​។​
 
​ទាំងអស់នេះ​ជា​ផ្នែក​មួយ​នៃ​«​ឧស្សាហកម្ម​៤.០» ដែលជា​ពាក្យ​គេ​ប្រើ​សំដៅ​ទៅលើ​ភាពជឿនលឿន​ខាង​បច្ចេកវិទ្យា​ដែល​ត្រូវ​រំពឹងថា​នឹង​ជួយ​សេដ្ឋកិច្ច​នានា​ឲ្យ​វិ​វត្ត​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​។ ប្រទេស​វៀតណាម​រំពឹង​ថា​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ​នឹង​ជួយ​ឲ្យ​វៀតណាម​ឆាប់​រើប​ខ្លួន​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះដែរ​។​
 
​លោក Chu Ngoc Anh រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម​ថ្លែងថា​៖ «​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ត្រូវបាន​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ស្នូល​សម្រាប់​ឧស្សាហកម្ម​៤.០ ដែលមាន​ផលប៉ះពាល់​សម្រាប់​ការព្យាបាល​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​»
 
​រដ្ឋាភិបាល​វៀតណាម​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​កាលពីដើម​ខែសីហា បានផ្តល់​អំណោយ​ប្រមាណ​៦៥០.០០០​ដុល្លារ​អូស្ត្រាលី​ដើម្បី​រក​វិធី​ថ្មីៗ​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា AI ខណៈដែល​វៀតណាម​រើប​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​១៩​។​
 
​ថវិកា​ជំនួយ​នេះ​នឹង​ជួយ​ទ្រទ្រង់​កម្មវិធី​នានា​ដូចជា​ការប្រកួត​ដែល​ក្នុងនោះ​អ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ​អាច​បញ្ចេញ​គំនិត​អំពី​ការយក​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ទៅប្រើ​ប្រាស់​ជាក់ស្តែង​។​
 
​លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​វៀតណាម​ថ្លែងថា​៖ «​ខណៈដែល​សាកលលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត គំនិត​ច្នៃប្រឌិត​កាន់​តែមាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់​»​។​
 
​លោកស្រី​បន្ថែមថា​៖ «​កម្មវិធី​ផ្តួចផ្តើម​អំពី​បច្ចេកវិទ្យា AI នេះ ជា​ឧទាហរណ៍​ល្អ​មួយ​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ថ្មី​អាច​ត្រូវបាន​គេ​យកមក​កែច្នៃ​បាន​ឆាប់រហ័ស​ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ថ្មីៗ​របស់​វៀតណាម​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com