COVID-19
អន្តរជាតិ
វៀតណាម គ្មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​លើកដំបូង តាំងពី​ការផ្ទុះ​នៅ​ដា​ណា​ង​ក្នុង​ខែកក្កដា​
31, Aug 2020 , 10:13 am        
រូបភាព
មន្រ្តីសុខាភិបាលវៀតណាម ប្រមូលសំណាកយកទៅធ្វើតេស្តរកCOVID-19 នៅក្នុងខេត្ត Quang Nam។ រូបភាព៖ VnExpress
មន្រ្តីសុខាភិបាលវៀតណាម ប្រមូលសំណាកយកទៅធ្វើតេស្តរកCOVID-19 នៅក្នុងខេត្ត Quang Nam។ រូបភាព៖ VnExpress
​វៀតណាម នៅ​ថ្ងៃទី​៣០ ខែសីហា បាន​រាយការណ៍​ថា មិនមាន​ករណី​ឆ្លង​COVID-19 ឡើយ​។ នេះ គឺជា​លើកដំបូង​ហើយ ដែល​វៀតណាម មិនមាន​ករណី​ឆ្លង​ជា​សហគមន៍​លើកដំបូង​នៅក្នុង​ប្រទេស ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង COVID-19 នាទី​ក្រុង​ដា​ណា​ង នៅ​ចុងខែ​កក្កដា​កន្លងទៅ​។

 
​ទីក្រុង​ដា​ណា​ង នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ជា​សហគមន៍​លើកដំបូង បន្ទាប់ពី​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​រយៈពេល ៩៩​ថ្ងៃ​។ អាជ្ញាធរ មិនដឹង​ពី​ប្រភព​ចម្លង​ទេ ប៉ុន្តែ​ដឹង​ត្រឹម​ថា​ករណី​ឆ្លង​នោះ គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ដា​ណា​ង​។ ការណ៍​នេះ រដ្ឋាភិបាល​វៀតណាម បាន​ចាត់វិធានការ​ភ្លាមៗ ដូចជា​បិទ​ក្រុង​ដា​ណា​ង ការ​រឹតត្បិត​ការធ្វើដំណើរ ការស្នើ​ឲ្យ​ពាក់​ម៉ាស់ និង​ការ​រឹតបន្តឹង​តាម​ព្រំដែន​ជាដើម​។ 
 
​ក្រៅពី​វិធានការ​ខាងលើ វៀតណាម ក៏បាន​បង្កើន​ការធ្វើ​តេស្ត ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​អ្នកជំងឺ​COVID-19 ការដាក់​ច​ត្តា​ឡី​ស័ក​ជាដើម​។ ចំណាត់ការ​ទាំងនោះ គឺមាន​ប្រសិទ្ធភាព ព្រោះ​អាជ្ញាធរ​អាច​គ្រប់គ្រង​ក​រ​ណី​ឆ្លង​COVID-19 ប្រចាំថ្ងៃ ឲ្យ​មាន​អត្រា​ឆ្លង ក្នុង​កម្រិត​ទាប​បំផុត​។ នៅ​ថ្ងៃទី​២៩ ខែសីហា វៀតណាម ប្រកាសថា មាន​ករណី​ឆ្លង​ក្នុងស្រុក​តែ​ពីរ​ករណី​ប៉ុណ្ណោះ​។ 
 
​បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃទី​៣០ ខែសីហា អាជ្ញាធរ បាន​រាយការណ៍ គ្មាន​ករណី​ឆ្លង​ជា​សហគមន៍​ក្នុងប្រទេស​ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ចុងខែ​កក្កដា​កន្លងមក​។ ចំណែក​ក្រសួងសុខាភិបាល​វៀតណាម​វិញ បាន​អះអាងថា ករណី​ផ្ទុះ​COVID-19 នៅក្នុង​ទីក្រុង​ដា​ណា​ង​, ខេត្ត​Quang Nam និង​ខេត្ត​Hai Duong គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ហើយ ប៉ុន្តែ​លទ្ធភាព​នៃ​ការឆ្លង​ជា​សហគមន៍ នៅតែ​ខ្ពស់​ដដែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express​។ 
 
​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក បាន​សរសើរ​ថា មកទល់ពេលនេះ វៀតណាម​បាន​គ្រប់គ្រង​ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​បានល្អ​ណាស់ ប៉ុន្តែ​អាជ្ញាធរ​គួរតែ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ដើម្បី​ការពារ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ជាថ្មី និង​ត្រូវ​យកចិត្តទុកដាក់​ជាង​មុន​លើ​បញ្ហា​នេះ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែសីហា វៀតណាម​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១០៤០​ករណី អ្នកស្លាប់​ចំនួន ៣២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៩៥​នាក់​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com