ជាតិ
ថៃ ហាម​ពលរដ្ឋ​ខ្មែរ ដឹកទំនិញ​ចេញចូល​ក្នុង​ផ្សារ​រោង​ក្លឿ រយៈពេល​៤​ថ្ងៃ​
31, Aug 2020 , 9:19 pm        
រូបភាព
រូបតំណាង៖ ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមចក្រព្រំដែនអន្តរជាតិប៉ោយប៉ែតថ្ងៃទី២៨ សីហា ២០២០។ (រូបពីGDI)
រូបតំណាង៖ ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមចក្រព្រំដែនអន្តរជាតិប៉ោយប៉ែតថ្ងៃទី២៨ សីហា ២០២០។ (រូបពីGDI)
​ភ្នំពេញ​៖ អាជា្ញធរ​ថៃ ផ្អាក​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹកទំនិញ​ចេញចូល​នៅ​ផ្សារ​រោង​ក្លឿ ស្រុក​អារ​ញ្ញា​ប្រាថេត ខេត្ត​ស្រះកែវ ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧ ខែកញ្ញា តាម​ច្រក​ប៉ោយប៉ែត ដោយសារ​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រទេស​ថៃ​។ នេះ​បើតាម​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​។



​លោក លី សារី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការផ្អាក​មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​ដឹកទំនិញ​នេះ គឺជា​ថ្ងៃ​សម្រាក​សាធារណៈ​ទូទាំងប្រទេស​ថៃ​។ លោក បន្ថែមថា ផុត​រយៈពេល​៤​ថ្ងៃ​នេះហើយ ពលរដ្ឋ​អាច​ដឹកជញ្ជូន​ទំនិញ​ចេញចូល​វិញ​បាន​។ លោក លី សារី ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋបាលខេត្ត​ស្រះកែវ​ជូនដំណឹង​មក​ថា ផ្អាក​ដឹក​ជូន​ជញ្ជូន​ទំនិញ​៤​ថ្ងៃ ជា​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​នៅ​ថៃ តែ​ខ្ញុំ​មិន​ច្បាស់​ថា (​ឈប់សម្រាក​ព្រោះ​)​អ្វី​ទេនោះ​ទេ​។ បន្ទាប់​ពីថ្ងៃ​សម្រាក​នេះហើយ​នឹង​បើក​ឲ្យ​ដំណើរការ​ដឹកទំនិញ​ដូចដើម​វិញ​។​»
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​បានចេញ​ផ្សាយ​ថា ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam បាន​សម្រេចយក​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧ ខែ កញ្ញា ជា​ថ្ងៃ​ឈប់​សង​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​។​
​ចាប់តាំងពី​អំឡុង​ផ្ទុះ​កូ​វីដ​-១៩​មក ច្រកព្រំដែន​កម្ពុជា​-​ថៃ មានការ​រឹតបន្តឹង ការចេញចូល​យ៉ាងខ្លាំង​។ ភាគី​ទាំងពីរ​អនុញ្ញាត​ឲ្យ​រថយន្ត​តែ​៥០​គ្រឿង​ចេញចូល​ដឹកទំនិញ ដោយ​រថយន្ត​មួយគ្រឿង មានតែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ រួមទាំង​ភ្ជាប់​លិខិតបញ្ជាក់​សុខភាព​ត្រឹមត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក លី សារី​៕

Tag:
 កម្ពុជា​-​ថៃ​
  រោង​ក្លឿ​
 
© រក្សាសិទ្ធិដោយ thmeythmey.com