អន្តរជាតិ
បារាំង ចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលជាប់សង្ស័យធ្វើចារកិច្ចឲ្យរុស្ស៊ី រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពអាកាស នាប្រទេសហ្ស៊កដានី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
× មន្ត្រីយោធាជាន់ខ្ពស់បារាំងម្នាក់ ដែលតាំងមូលដ្ឋានទ័ពនៅអ៊ីតាលី ត្រូវបានបារាំងចាប់ខ្លួន និងឃុំខ្លួន ជុំវិញករណីសង្ស័យថាបានធ្វើចារកិច្ច និងផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនឲ្យរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុងបារាំងEurope 1 នៅថ្ងៃទី៣០ ខែសីហា។
តាមការចុះផ្សាយរបស់វិទ្យុ Europe 1 យោធាជាន់ខ្ពស់បារាំងម្នាក់ ដែលមានឋានៈជា វរសេនីយ៍ទោ ត្រូវបានបារាំងចាប់ខ្លួន ពីបទធ្វើចារកិច្ចឲ្យរុស្ស៊ី។ មន្ត្រីយោធារូបនេះ ធ្វើការនៅមូលដ្ឋានកងទ័ពរបស់សម្ពន្ធយោធាNATO នៅអ៊ីតាលី។ ការចាប់ខ្លួន ធ្វើឡើងបន្ទាប់ពីមានគេឃើញបុរសរូបនេះ មានវត្តមានជាមួយ បុរសម្នាក់ទៀត ដែលជាសមាជិករបស់ភ្នាក់ងារចារកម្មយោធារុស្ស៊ី (GRU)។
មន្ត្រីបារាំងរូបនេះ ត្រូវបានទីភ្នាក់ងារចារកម្មបារាំង DGSI ចាប់ខ្លួន មុនពេលរៀបចាកចេញពីបារាំងទៅអ៊ីតាលីវិញ។ លោកមកបារាំង ដើម្បីសម្រាកលំហែកាយ។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Florence Parly បានបញ្ជាក់ត្រឹមតែព័ត៌មានមួយចំនួនប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាបារាំងនេះ។
«អ្វីដែលខ្ញុំអាចបញ្ជាក់បាន គឺថាមន្ត្រីជាន់ខ្ពស់នេះ គឺកំពុងប្រឈមនឹងនីតិវិធីច្បាប់បំពានសន្តិសុខជាតិ»។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិបារាំងវ័យ៥៧ឆ្នាំ។ ក្នុងន័យនេះ លោកស្រី Parly បានពន្យល់ថា អាជ្ញាធរបារាំង បានចាត់វិធានការការពារគ្រប់យ៉ាង ដើម្បីធានាថា ប្រព័ន្ធយុត្តិធម៌អាចធ្វើកិច្ចការរបស់ខ្លួនបាន ដោយគ្មានការបែកធ្លាយការសម្ងាត់របស់រដ្ឋ។
បើតាមការចុះផ្សាយរបស់ប្លុកសន្តិសុខ និងការពារជាតិបារាំង Mamouth ជនសង្ស័យរូបនេះ កំពុងធ្វើការស្ថិតនៅមូលដ្ឋានយោធានៅក្នុងទីក្រុង Naples ដែលស្ថិតនៅភាគខាងត្បូងអ៊ីតាលី។ ទីក្រុងនេះ មានមូលដ្ឋានធំមួយរបស់កងទ័ពរបស់បក្សសម្ព័ន្ធយោធា NATO ប្រចាំអ៊ីតាលី។
តាមពិតទៅ នេះមិនមែនជាលើកទី១ ទេ ដែលបារាំងចាប់ខ្លួនមនុស្ស ពីបទយកការណ៍ឲ្យកម្លាំងបរទេស។ នៅខែកក្កដាកន្លងទៅ បារាំង បានចាប់ខ្លួនអតីតចារកម្មបារាំងពីរនាក់ ពីបទផ្តល់ព័ត៌មានសំខាន់ឲ្យចិន។ នៅក្នុងឆ្នាំ២០០១ មន្ត្រីយោធាបារាំងម្នាក់ ត្រូវបានតុលាការរកឃើញកំហុសពីបទផ្តល់ព័ត៌មានសំខាន់ឲ្យស៊ែប៊ីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com