ក្រុមហ៊ុន​ជប៉ុន​ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការ​តេស្ត​សាកល្បង «​រថយន្ត​ហោះ​» លើកដំបូង​
រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​ជប៉ុន​ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការ​តេស្ត​សាកល្បង «​រថយន្ត​ហោះ​» លើកដំបូង​
31, Aug 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Sky Drive Inc. របស់​ជប៉ុន កាលពី​ថ្ងៃទី​២៥ ខែសីហា បានប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន លើ​ដំណើការ​បើក​សាកល្បងរ​ថ​យន្តហោះ (Flying Car) នៅ​ទីតាំង Toyota Test Field​។ នេះ​ជា​បើ​យោងតាម​ការផ្សាយ​របស់ CNN ដែលជា​ការបង្ហាញ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​។​

 
​រថយន្ត​ដែលមាន​ឈ្មោះថា SD-03 មាន​អ្នកបើកបរ​ម្នាក់ ហើយ​ចាត់ទុកជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​បំផុត​មួយ​។ វា​អាច​ចុះចត​នៅ​ទីតាំង​រថយន្ត​ធម្មតា​ពីរ​គ្រឿង ហើយ​មាន​មូទ័រ​ចំនួន​៨ ដែល​ធានា​សុវត្ថិភាព​ក្នុងករណី​មាន​ភាពអាសន្ន​ជាយថាហេតុ​ណាមួយ​។​
 
​លោក Tomohiro Fukuzawa អគ្គនាយក​ក្រុមហ៊ុន បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​យើង​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​សម្រេច​គោលដៅ​ដ៏​ធំធេង​ក្នុងការ​សាកល្បង​រថយន្ត​ហោះ​ដំបូង​បំផុត​នៅ​ជប៉ុន បើ​គិត​ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន SkyDrive»​។​
 
​លោក​អះអាងថា ក្រុមហ៊ុន​បន្ត​សិក្សា​ពី​លទ្ធភាព​ដែល​នាំ​ឲ្យ​មនុស្ស​ទូទៅ​អាច​សាកល្បង​រសជាតិ​ថ្មី​បន្ថែមទៀត​ក្នុង​ជីវិត​ជាមួយ​បច្ចេកវិទ្យា​រថយន្ត​ហោះ ប្រកបដោយ​សុវត្ថិភាព និង​ស្តង់ដារ​ខ្ពស់​។​
 
​ជោគជ័យ​នៃ​ការសាកល្បង​នេះ នាំ​ឲ្យ SkyDrive បាន​សាកល្បង​នៅ​ទីតាំង​ក្រៅ Toyota Test Field ហើយ​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បន្ថែមទៀត​ដើម្បី​ធានា​សុវត្ថិភាព មុន​គម្រោង​អាជីវកម្ម​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ ខណៈ​តម្លៃ​រថយន្ត​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com