អន្តរជាតិ
ប្រមុខ​ការទូត​ចិន ច្រានចោល​ការព្រួយបារម្ភ​របស់​អឺរ៉ុប​លើ​បញ្ហា​ជនភាគតិច​វី​ហ្គ័​រ​និង​ហុងកុង
31, Aug 2020 , 5:04 pm        
រូបភាព
លោក វ៉ាង យី ប្រមុខការទូតចិន នៅក្នុងសន្និសីទមួយ នាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AP
លោក វ៉ាង យី ប្រមុខការទូតចិន នៅក្នុងសន្និសីទមួយ នាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AP
​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​៣០ ខែសីហា បាន​ច្រានចោល​ការព្រួយបារម្ភរ​បស់​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន ជុំវិញ​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ការលើកឡើង​របស់លោក វ៉ាង ធ្វើឡើង​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​។


​បន្ទាប់ពី​អ៊ីតាលី ហូ​ឡង់ ន័​រ​វែ​ស លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ត្រូវ​មក​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​បារាំង​បន្តទៀត​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​ផងដែរ​នោះ បាន​ចូលរួម​ក្នុង​សន្ធិ​សីទ​មួយ នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង​។ 
 
​ក្នុង​កម្មវិធី​នេះ ប្រមុខ​ការទូត​ចិន បាន​និយាយ​ការពារ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​។ បើតាម​ការអះអាង​រប​ស់លោក​វ៉ាង ជនជាតិ​វី​ហ្គ័​រទាំង​អស់ ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​កែប្រែ​ឡើយ​វិញ នៅក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​ត្រូវបាន​ដោះលែង និង​មាន​ការងារ​ធ្វើ​អស់ហើយ​។ យ៉ាងណាក៏ដោយ ក្រុម​សិទ្ធិមនុស្ស និង​ក្រុមគ្រួសារ​ជនជាតិភាគតិច​វី​ហ្គ័​រ​មួយចំនួន​អះអាងថា ចិន​នៅតែ​បន្ត​ឃុំឃាំង​ជនជាតិភាគតិច​។​
 
​ទីប្រឹក្សា​រដ្ឋ​ចិន​រូបនេះ បាន​ធានា​យ៉ាង​ដូច្នេះ​ថា​៖ «​សិទ្ធិ​នៃ​អ្នក​ហ្វឹកហ្វឺន​ក្នុង​មណ្ឌល​កែប្រែ និង​កម្មវិធី​ហ្វឹកហាត់ គឺ​ត្រូវបាន​ធានា​យ៉ាង​ពេញលេញ បើទោះបីជា​ខួរក្បាល​របស់​ពួកគេ​មានភ្ជាប់​មកជា​មួយ​គំនិត​ជ្រុលនិយម និង​ភេរវកម្ម​ក៏ដោយ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​AP​។​
 
​ក្រៅពី​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ ប្រមុខ​ការទូត​ចិន ក៏ត្រូវ​បាន​គេ​សួរ​ពី​បញ្ហា​ទាក់ទង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ផងដែរ​។ ជា​ចម្លើយ លោក​វ៉ាង បាន​រៀបរាប់ថា រដ្ឋាភិបាល​ចិន មិនអាច​អង្គុយ​មើល និង​អនុញ្ញាត​ឲ្យ​ភាពចលាចល​កើតឡើង​នៅ​ហុងកុង​បានទេ​។ ការណ៍​នេះ ចិន​ត្រូវតែ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដើម្បី​តម្រូវ​តាម​ស្ថានភាព​នៅ​ហុងកុង​។ 
 
​ក្នុងជំនួប​ជាមួយ​លោក វ៉ាង នៅ​ថ្ងៃទី​២៨ ខែសីហា ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏​ព្រួយបារម្ភ​ពី​ស្ថានភាព​នៅ​ហុងកុង និង​បញ្ហា​សិទ្ធិមនុស្ស​របស់​ជនជាតិ​វី​ហ្គ័​រដែរ​។ ចំណែក​លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង បាន​លើ​ឡើង​ពី​បញ្ហា​បារម្ភ​មួយចំនួន ស្រដៀង​នឹង​លោក​ម៉ា​ក្រុង​។ 
 
​សូមបញ្ជាក់ថា បើតាម​របាយការណ៍​អង្គការ​អន្តជាតិ​នានា រដ្ឋាភិបាល​ចិន បាន​ឃុំឃាំង ជនជាតិ​វី​ហ្គ័​រ និង​ជន​មូស្លីម​ច្រើនជាង​មួយ​លាន​នាក់ នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ដែលជា​តំបន់​ស្វយ័ត​មួយ​របស់​ចិន​។ សម្រាប់​ចិន អ្វីដែល​ខ្លួន​ធ្វើ គឺ​សម្អាត​គំនិត​ផ្តាច់​ទឹកដី ជ្រុលនិយម និង​ភេរវកម្ម​ពី​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជន​មូស្លីម​ផ្សេងទៀត​នៅ​ស៊ីន​ជាំ​ង​៕

Tag:
 ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com