កីឡាជាតិ
ជាតិ
យុវជន​វិសាខា និង​ភ្នំពេញ​ក្រោ​ន លើក​ពាន​ថ្នាក់ជាតិ U16 និង U18 រៀងៗ​ខ្លួន
31, Aug 2020 , 11:29 pm        
រូបភាព
ក្រុមយុវជនវិសាខា(អាវខៀវ)លើកពាន U16 ចំណែកយុវជនភ្នំពេញក្រោនលើកពាន U18, រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមយុវជនវិសាខា(អាវខៀវ)លើកពាន U16 ចំណែកយុវជនភ្នំពេញក្រោនលើកពាន U18, រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុមយុវជន​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​ក្លិប​វិសាខា និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ភ្នំពេញ​ក្រោ​ន​គ្រង​ជើងឯក​រៀងៗ​ខ្លួន នា​ការប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​(U16) និង​១៨​ឆ្នាំ​(U18)​ប្រចាំឆ្នាំ​២០២០​។ ពិធី​បិទ​ពានរង្វាន់​ទាំងនេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ នា​កីឡដ្ឋាន​វិទ្យាល័យ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ 

 
​ក្រុមយុវជន​វិសាខ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​ប្រចាំឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​យុវជន​នគររាជ​ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​វិទ្យាល័យ​កំពង់ត្រឡាច​ខេត្ត​កំពង់​ឆ្នាំ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុមយុវជន​វិសាខា បាន​ទម្លាក់​យុវជន​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាមួយ​ជ័យជម្នះ ៥-១ ខណៈ​យុវជន​នគររាជ​យក​ឈ្នះ​យុវជន​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ ៣-១​។​
 

ក្រុមយុវជនវិសាខាលើកពានយុវជនអាយុក្រោម១៦ឆ្នាំ ក្រោយយកឈ្នះយុវជននគររាជ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ

​ជាមួយគ្នានេះ ក្រុមយុវជន​របស់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​យុវជន​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៤-៣ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី បន្ទាប់ពី​ពួកគេ​បញ្ចប់​ការប្រកួត​ជាមួយ​លទ្ធផល​ស្មើ ១-១​។ ក្រុមយុវជន​សាលា​តម្រង់ទិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាប់​ជា​ក្រុម Fair Play​។ 
 
​ក្រៅពីនេះ ក៏មាន​ពានរង្វាន់​លក្ខ​ណ​ឯកជន​ផងដែរ ក្នុងនោះ​លោក ឡុង ឬ​ទ្ធា ទទួលបាន​ពានរង្វាន់​ជា​គ្រូបង្វឹក​ល្អ​ជាងគេ ខណៈ​ចាំទី​ល្អ​បាន​ទៅ​កីឡាករ សឿន រិទ្ធី​វីរៈ​វ​ឌ្ឍា និង​ពាន​កីឡាករ​លេង​ល្អ​ជាងគេ​បាន​ទៅ​កីឡាករ ណេ​ត ណែ​ត ដោយ​ពួកគេ​ទាំងបី​មកពី​ក្លិប​បាល់ទាត់​វិសាខា​។ ចំណែក​កីឡាករ​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​បាន​ទៅ​កីឡាករ ខណ្ឌ ឧសភា មកពី​ក្លិប​នគររាជ​។​
 

 
​ដោយឡែក ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន គ្រង​ជើងឯក​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ក្រោយ​យកឈ្នះ​ក្រុមយុវជន​របស់​វិសាខា​ក្នុង​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ​ក្រុម​ទាំងពីរ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនោះ​យុវជន​ភ្នំពេញ​ក្រោ​ន​ទម្លាក់​យុវជន​របស់​សាលា​តម្រង់ទិស​ខេត្តក្រចេះ ៥-១ ខណៈ​យុវជន​វិសាខា​យកឈ្នះ​យុវជន​របស់​សាលា​តម្រង់​ខេត្តស្ទឹងត្រែង ១-០​។ 
 

ក្រុមយុវជនភ្នំពេញក្រោនលើកពានយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះយុវជនវិសាខា ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ

​នា​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​ក្រុមយុវជន​សាលា​តម្រង់​ខេត្ត​ស្ទឺ​ង​ត្រែង​បាន​យកឈ្នះ​ក្រុមយុវជន​សាលា​តម្រង់ទិស​ខេត្តក្រចេះ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៤-៣ ក្រោយ​ចប់​ការប្រកួត​ពួកគេ​រក្សា​លទ្ធផល​ស្មើ ១-១​។ ចំណែក​ក្រុមយុវជន​វិសាខា​បានជា​ក្រុម​លេង​មានការ​យោគយល់ និង​អធ្យាស្រ័យ​ជាងគេ​(Fair Play)​។  
 
​លោក ម៉ក់ ភា​រុណ គ្រូបង្វឹក​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន​បាន​ក្លាយជា​គ្រូបង្វឹក​ល្អ​ជាងគេ​ប្រចាំការ​ប្រកួត ខណៈ​អ្នកចាំទី គឹម ចាន់​ធី និង​កីឡាករ ច​ន ចំរើន របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ពាន​អ្នកចាំទី​ល្អ និង​កីឡាករ​លេង​ជាងគេ​រៀងៗ​ខ្លួន​។ ចំណែក​កីឡាករ សារី តៃ​ម៉ូ របស់​ក្លិប​បឹងកេត​ទទួលបាន​ស្បែកជើង​មាស​ក្រោយ​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​៕  
 

 លោក សៅ សុខា បំពាក់មេដាយជូនក្រុមយុវជនអាយុក្រោម១៦ឆ្នាំវិសាខា
 

Tag:
 បាល់ទាត់​
  U16
  U18
© រក្សាសិទ្ធិដោយ thmeythmey.com