ប្រជាពលរដ្ឋខ្មែរមួយចំនួន ដោយមានទាំងព្រះសង្ឃផង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីសុំឲ្យរដ្ឋាភិបាលកាណាដា ជួយធ្វើអន្តរាគមន៍ មករដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងលោក រ៉ុង ឈុន មេសហជីពនិងជាទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា រួមទាំងមនុស្ស៣នាក់ទៀត ដែលកំពុងជាប់ឃុំ។
ប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃ បានកាន់រូបថតលោក រ៉ុង ឈុន និង រូបថតមនុស្ស៣នាក់ទៀត គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដារ៉ាវី។ ក្នុងរូបថតទាំងនោះ មានសរសេរអក្សរទាមទារឲ្យដោះលែងពួកគេទាំង៤នាក់។ លើសពីនេះ ប្រជាពលរដ្ឋខ្មែរទាំងនោះ ក៏បាននាំគ្នាស្រែកផងដែរថាសុំឲ្យមានការដោះលែងអ្នកទាំង៤។
រូបពីតេឡេក្រាម CNRP NEWS
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការធ្វើបាតុកម្មទាមទាររបស់ប្រជាពលរដ្ឋខ្មែរនៅកាណាដា ថាជាសិទ្ធិនិងឆន្ទៈរបស់ពួកគេ។ ប៉ុន្តែ លោក យល់ថា ការទាមទាររបស់ពួកគេ គ្មានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាល ក៏ដូចជាការអនុវត្តច្បាប់នៅកម្ពុជាឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា៖«[ការទាមទាររបស់ពួកគាត់នៅក្រៅប្រទេស] គឺជារឿងធម្មតា គ្មានអីប្លែកទេ»។
នៅក្នុងប្រទេសកម្ពុជាវិញ ចលនាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងមនុស្ស៣នាក់ទៀត ក៏នៅតែបន្តមានដែរ។ ក្រុមយុវជននិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុក គ្រោងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យដោះលែងអ្នកទាំង៤។
កន្លងមក ប្រជាពលរដ្ឋនិងក្រុមយុវជន បានយកញត្តិទៅដាក់នៅតាមស្ថានទូតបរទេសនានា ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអឺរ៉ុប និង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ជាដើម ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការដោះលែងលោក រ៉ុង ឈុន។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ពួកគេ បានបន្តយកញត្តិទៅដាក់នៅស្ថានទូតអូស្រ្តាលីមួយទៀត។
លោក រ៉ុង ឈុន ត្រូវចាប់ខ្លួន ក្រោយពីលោក អះអាងថា ប្រជាពលរដ្ឋមួយចំនួន នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបាត់បង់ដីធ្លី ដោយសារការបំពានពីវៀតណាម។ អាជ្ញាធរ បកស្រាយថា លោក រ៉ុង ឈុន បំភ្លៃការពិតពីរឿងព្រំដែន។
ចំណែកលោក សួង សុភ័ណ្ឌ ត្រូវចាប់ខ្លួន បន្ទាប់ពីលោក ចុះទៅពិនិត្យតាមក្រោយលោក រ៉ុង ឈុន ដើម្បីចង់ដឹងថា ពិតជាមានប្រជាពលរដ្ឋ បាត់បង់ដីធ្លី ហើយវៀតណាម រំលោភបំពានចូលមកក្នុងដីខ្មែរមែនឬក៏អត់។ ក្រោយចុះទៅពិនិត្យរួច លោក ក៏បាននិយាយជាមួយសារព័ត៌មាន The Cambodia Daily ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ ទំនងជាដោយសារតែការប្រើពាក្យនេះហើយ ដែលបណ្តាលឲ្យលោក ត្រូវចាប់ខ្លួន។
រីឯ យុវជន ហ៊ុន វណ្ណៈ និងយុវតី ឈឿន ដារ៉ាវី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវចាប់ខ្លួន ដោយសារតែពួកគេ ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
អ្នកទាំង៤ រងបទចោទដូចគ្នា គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ បច្ចុប្បន្ន ពួកគេ កំពុងជាប់ឃុំបណ្តោះអាសន្ន។
អង្គការជាតិ-អន្តរជាតិនានា បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន តែមិនទទួលបានលទ្ធផលអ្វីឡើយ៕