ជាតិ
រថយន្ត
កាន់តែចាស់ កាន់តែថ្លៃ! ឡាន CADILLAC បុរាណមួយគ្រឿង ត្រូវគេដាក់លក់ជាង៤ម៉ឺនដុល្លារ
31, Aug 2020 , 7:39 pm        
រូបភាព
យានយន្ដដ្ឋាន Electric Motors Club កំពុងតាំងឡានបុរាណដ៏កម្រមានណាស់ក្នុងប្រទេសកម្ពជា នោះគឺជារថយន្ដម៉ាក CADILLAC (កាឌីយ៉ាក) ប្រភេទ De Ville (ដឺវីល) ម៉ូឌែល VI (៦) ផលិតឆ្នាំ១៩៦៦។ រថយន្តមួយគ្រឿងនេះ ត្រូវបានគេដាក់លក់តម្លៃដល់ទៅជាង៤ម៉ឺនដុល្លារឯណោះ។ នេះបើតាមលោក ស្រៀង អភិរក្ស ដែលជាអ្នកគ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុក របស់យានដ្ឋានជួសជុលរថយន្តមួយឈ្មោះ EMC ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស្រៀង អភិរក្ស បញ្ជាក់ រថយន្តកាន់តែកាន់តែមានតម្លៃសម្រាប់អ្នកស្នេហារថយន្តបុរាណ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាននៃសារព័ត៌មានថ្មីៗ និងលោក ស្រៀង អភិរក្ស ដូចតទៅ៖
 
 
De Ville ជាពាក្យបារាំង ដែលមានន័យថាទីក្រុង ដូចជា «CADILLAC សម្រាប់ទីក្រុង»។ ហើយសេរីខ្លះ មានឈ្មោះដែលជាទីក្រុងបារាំងដូចជា Sedan និង Calais។ CADILLAC ប្រភេទ De Ville ត្រូវចាប់ផ្ដើមផលិតនៅឆ្នាំ១៩៤៩ ហើយរហូតដល់បច្ចុប្បន្ននៅតែបន្តផលិតម៉ូឌែលថ្មី។ ម៉ូឌែល VI វិញ ត្រូវបានផលិតអស់ ៧៧២ ១២៨ គ្រឿង ពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧០។
 
កាលពីមុន CADILLAC ផលិតតែរថយន្ដបែបកិត្យានុភាព ហើយចែកចាយតែនៅអាមេរិកខាងជើងប៉ុណ្ណោះ។ ចំណែកសម័យឥឡូវនេះវិញ CADILLAC ចែកចាយទូទាំងពិភពលោក ក៏ប៉ុន្តែសុទ្ធតែរថយន្ដធម្មតាៗវិញ។ ក្រុមហ៊ុន DETROIT Automobile ត្រូវបានបង្កើតនៅឆ្នាំ១៨៩៩។ ក្នុងឱកាសខួប ២០០ឆ្នាំ នៃទីក្រុង Detroit ឆ្នាំ១៩០២ គេដូរឈ្មោះថា CADILLAC វិញ ដើម្បីអបអរអ្នកបង្កើតទីក្រុង Detroit ដែលជាប្រជាពលរដ្ឋបារាំងមានឈ្មោះថា LAMOTHE-CADILLAC Antoine។ ក្រុមហ៊ុន CADILLAC ជាកម្មសិទ្ធិរបស់ក្រុម GENERAL MOTORS។









Tag:
 យានយន្ត
 រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com