ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ផ្លែឈើ​អ្វីខ្លះ​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​?
12, Sep 2020 , 6:59 am        
រូបភាព
​បប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់គ្នា​។ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយកម្រិត​ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាចជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ​បាន​យ៉ាង​ប្រសើរ​។ បរិមាណ​នៃ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​អាហារ​អាច​ជះឥទ្ធិពល​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​មួយចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

 
១. ផ្លែ​គី​វី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​ជាតិ​ស​សៃ ហើយ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ខ្ពស់ ប៉ុន្តែ​កាបូ​អ៊ី​ដ្រា​ត​ទាប​ដែល​ល្អ​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ទទួលទាន​។​
 
២. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង​សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត​សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយ ក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​
 
៣. ផ្លែ​សេ​រ៊ី​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ ឬ​អាហារសម្រន់​ដ៏​សាក​សម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ លំហូរ​ឈាម​អាច​ស្រូបយក​ជាតិ​ស្ករ​បាន​យឺតៗ​ប៉ុណ្ណោះ​ពី​ផ្លែ​សេ​រ៊ី ដូច្នេះ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​នឹង​ត្រូវបាន​ទប់ស្កាត់​។ 
 
៤. ផ្លែ​ស្រកានាគ​
 
​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​
 
៥. ក្រូច​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavanones, flavonols និង​អាស៊ីត phenolic ដ៏​មាន​ឥទ្ធិពល​ជួយ​ក្នុងការ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ក្រូច​មិន​ត្រឹមតែ​ពន្យឺត​ការរំលាយ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ការដឹកជញ្ជូន​គ្លុយកូស​តាមរយៈ​ថ្លើម និង​ពោះវៀន​ផងដែរ​។​
 
៦. ផ្លែ​ត្របែក​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ dietary ជួយ​ព្យាបាល​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​ដែល​តែង​កើតមាន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ស​សៃ dietary ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ផងដែរ​។ 
 
៧. ទំពាំងបាយជូរ​
 
​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ជួយ​ឱ្យ​ឆាប់​ឆ្អែត និង​ពន្យឺត​ការរំលាយ ក៏ដូចជា​ការ​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​កាត់បន្ថយ ក៏​ព្រោះតែ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។​
 
៨.​ផ្លែ​បឺ​រ​ជាមួយ​ក្រូចឆ្មារ​
 
​នេះ​ជា​ជម្រើស​នៃ​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ចង់​គ្រង់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ monounsaturated​។ អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​លើ​ផ្លែ​បឺ​រ​និង​រោយ​អំបិល​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។ ផ្លែ​បឺ​រ​មាន​ផ្ទុក​កាឡូរី​មិន​ទាប​ពេក​ឡើយ ដូច្នេះ​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​។ ប្រហែល​ត្រឹម​កន្លះ​ពែង​នៃ​ផ្លែ​បឺ​រ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អាហារសម្រន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com