សង្គមអន្តរជាតិ​
អន្តរជាតិ
សហរដ្ឋអាមេរិក​មាន​ផែនការ​កាត់បន្ថយ​ចំនួន​កងទ័ព​ក្នុងប្រទេស​អ៊ីរ៉ាក់​
01, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ រថយន្តយោធា​សហរដ្ឋអាមេរិក​ទៅជិត​ដល់​ក្រុង Dahuk ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ រថយន្តយោធា​សហរដ្ឋអាមេរិក​ទៅជិត​ដល់​ក្រុង Dahuk ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​។​
ដោយ: VOA
​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​មន្ត្រី​អាមេរិក​ដទៃ​ផ្សេងៗ​ទៀត​លើកឡើង​ស្រដៀង​គ្នា​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់​។ ក្នុង​សារ​មួយ​ដែល​បង្ហោះ​ក្នុង​បណ្តាញ Twitter កាលពី​ថ្ងៃ​សៅរ៍ លោក ត្រាំ​និយាយថា សហរដ្ឋអាមេរិក​មាន​គម្រោង​នឹង​កាត់បន្ថយ​វត្តមាន​នៃ​កង​យោធា​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់​។ ទោះជា​យ៉ាងនេះ​ក្តី លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​គម្រោងការ​នៃ​ការកាត់បន្ថយ​ចំនួន​កងទ័ព​នោះទេ​។​

 
​នៅក្នុង​សារ​បង្ហោះ​នោះ លោក​ត្រាំ​ក៏បាន​ភ្ជាប់​នូវ​អត្ថបទ​ព័ត៌មាន​មួយ ទាក់ទង​ការដក​កម្លាំង​កងទ័ព​អាមេរិក​នៅក្នុង​តំបន់​ផងដែរ ដែល​ក្នុងនោះ​នឹងមាន​ការកាត់បន្ថយ​ពី​ចំនួន​៥.២០០​មក​ត្រឹម​៣.៥០០​នាក់ ដែល​ចំនួន​នេះ​ក៏​ត្រូវបាន​សារព័ត៌មាន The Wall Street Journal ចុះផ្សាយ​ផងដែរ​។​
 
​ដោយឡែក​មន្ត្រី​យោធា​អាមេរិក ក៏បាន​បញ្ជាក់​ពី​គម្រោង​នៃ​ការកាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក ក្នុងប្រទេស​អ៊ីរ៉ាក់​ផងដែរ ដោយ​លើកឡើងថា ការកាត់បន្ថយ​នេះ​ដោយសារតែ​កងកម្លាំង​យោធា​របស់​ប្រទេស​អ៊ីរ៉ាក់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ប្រយុទ្ធ​តតាំង​នឹង​អាច​យកឈ្នះ​ទៅលើ​ក្រុម​ជ្រុលនិយម​ឥស្លាម ISIS ដែល​នៅ​សេសសល់​ទាំងនោះ​។​
 
​ប្រធានបទ​នៃ​ការ​កាត់​ចំនួន​កងទ័ព​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់ ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីរ៉ាក់​លោក Mustafa Al-Kadhimi មកកាន់​សេត​វិមាន​នាពេល​ថ្មីៗ​នេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com