ជាតិ
ឌុ​ច ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
01, Sep 2020 , 10:52 am        
រូបភាព
កាំង ហ្គេកអ៊ាវ ហៅ ឌុច ក្នុងអំឡុងពេលប្រកាសសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២(រូបពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
កាំង ហ្គេកអ៊ាវ ហៅ ឌុច ក្នុងអំឡុងពេលប្រកាសសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២(រូបពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
​ភ្នំពេញ​៖ អតីត​ប្រធាន​គុក​ទួលស្លែង ក្នុងសម័យ​ខ្មែរក្រហម កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​៣១ សីហា​។ នេះ​បើតាម​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ចា​ត ស៊ី​នាង បាន​បញ្ជាក់ថា ទណ្ឌិត ឌុ​ច មាន​អាការ​ហត់ និង​អស់កម្លាំង ទើប​ខាង​គ្រូពេទ្យ​ប្រចាំ​ពន្ធនាគារ សម្រេច​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំ​នះ មុននឹង​បន្ត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
 
«​យើង​ឃើញ​គាត់​ឈឺ​២​ដង គឺមាន​អាការ​ហត់​តែ​ប៉ុណ្ណឹង ហើយ​ឥឡូវ​គាត់​(​សម្រាក​)​នៅ​ពេទ្យ ។ ហើយ​យើង​ក៏បាន​ទូរស័ព្ទ​ទៅប្រាប់​កូន​គាត់​ឱ្យទៅ​មើលថែ​គាត់​»​។ នេះ​បើតាម​ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល​។​
 
​បច្ចុប្បន្ននេះ​ទណ្ឌិត កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច មាន​វ័យ​៧៨​ឆ្នាំ​ហើយ​។ ឌុ​ច ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​ផ្តន្ទាទោស​ផ្តន្ទាទោស កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត សម្រាប់​តួនាទី​ពីអនុប្រធាន ​ហើយ​ក្លាយជា​ប្រធាន​មន្ទីរ ស​-២១ នៅ​ទីក្រុង​ភ្នំពេញ​ (​អំឡុង​ពីថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ មករា ឆ្នាំ​១៩៧៩)​។​
 
​អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​ចោទប្រកាន់ ឌុ​ច  ពីបទ​«​​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​លើ​អតីត​មន្ទីរ​សន្តិសុខ​ស​-២១» ។ 
 
​ឌុ​ច មាន​ស្រុកកំណើត​នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ក្រោយ​របប​ខ្មែរក្រហម​ដួល​រំលំ លោក​បាន​សម្ងំ​រស់នៅ​លាក់ខ្លួន​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​ឆ្នាំ​១៩៩៥ មុននឹង​ត្រូវបាន​គេ​ចាប់ខ្លួន កាលពី​ឆ្នាំ​១៩៩៩ និង​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង តុលាការយោធា រហូតដល់​ថ្ងៃ​បញ្ជូន​ខ្លួន មកកាន់​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៧៕
 
 

Tag:
 កាំ​ង ហ្គេ​ក​អ៊ា​វ
  ឌុ​ច​
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com