COVID-19
អន្តរជាតិ
ហុងកុង ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​រក COVID-19 តែ​ប្រជាជន​ខ្លះ​មិន​ចង់​ព្រោះតែ​វត្តមាន​គ្រូពេទ្យ​ចិន​
01, Sep 2020 , 3:22 pm        
រូបភាព
ប្រជាជនហុងកុង ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តCOVID-19។ រូបភាព៖ AFP
ប្រជាជនហុងកុង ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តCOVID-19។ រូបភាព៖ AFP
​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​១ ខែកញ្ញា បានចាប់ផ្តើម​ហើយ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ដើម្បី​រក​COVID-19​។ ប៉ុន្តែ​ប្រជាជន​មួយចំនួន​មិន​ចង់ទៅ​ធ្វើតេស្ត​ឡើយ ព្រោះ​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង​។ ចំណែក​អ្នកនយោបាយ​ដែលមាន​ទំនោរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំទៅ​ធ្វើតេស្ត​ដែរ​។

 
​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​រក COVID-19 នៅ​ទីក្រុង​ហុងកុង បានចាប់ផ្តើម​ហើយ ដោយមាន​ការចូលរួម​ពី​ក្រុមគ្រូពេទ្យ​មកពី​ទីក្រុង​ប៉េកាំង​ផងដែរ​។ កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​ស្វែងរក​អ្នក​ផ្ទុក COVID-19 ក៏ដូចជា​លុបបំបាត់​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​។ យ៉ាងណាក៏ដោយ ផែនការ​នេះ មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ក្នុង​ទីក្រុង​ឡើយ ព្រោះ​ប្រជាជន​ខ្លាច​ទីក្រុង​ប៉េកាំង យក​ទិន្នន័យ​របស់ខ្លួន ក៏ដូចជា DNA ដើម្បី​តាមដាន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ទីក្រុង​ហុងកុង បានរៀបចំ​មណ្ឌល​ធ្វើតេស្ត​រក COVID-19 ចំនួន ១៤១​កន្លែង​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែសីហា មាន​មនុស្ស​ចំនួន ៥១​ម៉ឺន​នាក់​ប៉ុណ្ណោះ បាន​ចុះឈ្មោះ ដើម្បី​ធ្វើតេស្ត ខណៈ​ទីក្រុង​ហុងកុង​មាន​ប្រជាជន​សរុប​ប្រមាណ ៧,៥​លាន​នាក់​។ 
 
​យុទ្ធនាការ​នេះ មាន​ទាំង​ការគាំទ្រ និង​មិន​គាំទ្រ​។ «​ខ្ញុំ​នឹងធ្វើ​តេស្ត​រក​COVID-19 ដើម្បី​ខ្លួនឯង និង​អ្នកដទៃ​»​។ នេះ​ជាស​ម្តី​របស់​ស្ត្រី​វ័យ ៣០ ដែល​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ហុងកុង ខណៈ​ប្រជាជន​មួយចំនួនទៀត បានសម្រេច​ថា មិន​ទៅធ្វើ​តេស្ត​ព្រោះ​មិន​ជឿជាក់​លើ​រដ្ឋាភិបាល​។ 
 
​ចំណែក​អ្នកនយោបាយ និង​អ្នកតំណាងរាស្ត្រ ដែលមាន​ទំនោរ​ទៅរក​ប្រជាធិបតេយ្យ នៅក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​៣០ ខែសីហា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ពហិកា​ទៅធ្វើ​តេស្ត​រក​COVID-19 ព្រោះ​មាន​ទីក្រុង​ប៉េកាំង​នៅ​ពីក្រោយ និង​ការពារ​ទីក្រុង​ប៉េកាំង​យក DNA ដើម្បី​តាមដាន​ផងដែរ​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការបារម្ភ​របស់​ប្រជាជន​ជុំវិញ​ការយក​DNA រដ្ឋាភិបាល​ហុងកុង បាន​ច្រានចោល​បញ្ហា​នេះ និង​អះអាងថា មិនមាន​ការយក​សំណាក​ណាមួយ ទៅ​មន្ទីរពិសោធន៍​នៅ​ទីក្រុង​ប៉េកាំង​ទេ​។ ចំណែក​លោកស្រី​ការី ឡាំ បាន​លើកឡើងថា អ្នកជំទាស់​នឹង​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ គឺ​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។ 
 
​សូមបញ្ជាក់ថា កន្លងមក​ទីក្រុង​ហុងកុង បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង COVID-19 ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហុងកុង ចាប់ផ្តើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នេះ​។ គិត​មក​ត្រឹម​ថ្ងៃទី​១ ខែកញ្ញា ហុងកុង​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៤៨១១​ករណី អ្នកស្លាប់​មាន​ចំនួន ៨៩​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៣៤២​នាក់​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com