ជាតិ
សង្គមជាតិ
លោក ជិន ម៉ា​លីន ចាត់ទុក​សំណើសុំ​កែ​ច្បាប់​អង្គការ​-​សមាគម ថា​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន ខ្វះ​ការទទួល​ខុសត្រូវ​
01, Sep 2020 , 9:29 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន)
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន)
​ភ្នំពេញ​៖ ក្រុម​សង្គម​ស៊ីវិល សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យល់ថា ភាគី​សង្គម​ស៊ីវិល គិត​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​សារ​ធារ​ណៈ​។ សង្គម​ស៊ីវិល តប​វិញ​ថា ផលប្រយោជន​ដែល​ខ្លួន​តែងតែ​គិត​កន្លងមក​គឺ​ផលប្រយោជន៍​សង្គម ដើម្បី​ឲ្យ​ពលរដ្ឋ​សហគមន៍​អាច​ចូលរួម​ការងារ​ជាមួយ​រដ្ឋាភិបាល​បាន​។


​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា សំណើ​របស់​សង្គម​ស៊ីវិល ដែល​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ចង់​បានតែ​សិទ្ធិសេរីភាព ដោយ​ខ្វះ​ការទទួល​ខុសត្រូវ​។ លោក ថ្លែងថា​៖«​ការចង់បាន​សេរីភាព គិត​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ធ្វើ​របាយការណ៍​ដល់​រដ្ឋា​ភិ​បាល ដូចជា​របាយការណ៍​ហិរញ្ញវត្ថុ គឺ​ខ្វះ​ការទទួល​ខុសត្រូវ​។ កន្លងមក​អាចធ្វើ​របាយការណ៍​ឲ្យ​ម្ចាស់ជំនួយ​បាន ហេតុអ្វី​របាយការណ៍​ដ​ល់​រដ្ឋាភិបាល​មិនបាន​!»​។ 
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌  លើកឡើងថា របាយការណ៍​ហិរញ្ញវត្ថុ​និង​របាយការណ៍​ផ្សេងៗ​ដែល​ត្រូវ​រាយការណ៍​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើឡើង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។ 
​លោក លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ដែរនោះ បកស្រាយ​តប​ទៅវិញ​ថា កន្លងមក​ក្នុង​ការជួបពិភាក្សាគ្នា ឬ​នៅក្នុង​សំណើ​ក្ដី ភាគី​សង្គម​ស៊ីវិល មិនដែល​ទាមទារ​ប្រការ​ណាមួយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ 
 
​លោក យង់ គិ​ម​អេង អធិប្បាយ​ថា​៖«​សង្គម​ស៊ីវិល​ស្នើ​លុបមាត្រា​ចំនួន​២ គឺ​មាត្រ​២៤ និង​មាត្រា​៣២​។ មាត្រា​ទាំង​២​នេះ ពាក់​នឹង​អព្យាក្រឹតភាព​និង​ការដាក់ទោសទណ្ឌ វា​មិន​ទំនង ពាក់ព័ន្ធ​ការជូនដំណឹង លក្ខខណ្ឌ​នៃ​សកម្មភាព ការផ្លាស់ប្ដូរ​ប្រធាន ទីតាំង និង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​...​។ បើ​អត់​ជូនដំណឹង​គឺអាច​មានទោស​ទណ្ឌ ហើយ​លុប​សមាគម​ឬ​អង្គ​ការចេញ វា​ជា​រឿង​ធ្ងន់ធ្ងរ ហើយ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​អង្គការ​សុទ្ធ​។ បើ​មិន​ជូនដំណឹង​វា​ខូច​តែ​ផលប្រយោជន៍​របស់​ផ្ទៃ​ក្នុងនៃ​អង្គការ​ហ្នឹង​ទៅ កាលណា​រដ្ឋ​លូកដៃ​ផ្ទៃក្នុង​អ៊ីចឹង វា​ធ្វើ​ឲ្យ​សមាគម អង្គការក្រៅរដ្ឋាភិបាល បាត់​ឯករាជ្យភាព​»​។ 
 
​លោក បន្ថែមថា បើ​រដ្ឋ​សង្ស័យ​អង្គការ​ណាមួយ​មាន​ភាពមិនប្រក្រតី ពិសេស​ផ្នែក​ហិរញ្ញវត្ថុ រដ្ឋាភិបាល​អាច​ឲ្យ​តុលាការ​ស៊ើបអង្កេត​បាន ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង​ផ្ទៃក្នុង​គ្រប់​រឿង​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​រដ្ឋ​ឡើយ​។ 
 
​លោក សង្កត់ធ្ងន់ថា អង្គការ​សង្គម​ស៊ីវិល​មិនដែល​បានគិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គឺ​គិតតែ​ប្រយោជន៍​សាធារណៈ ធ្វើ​យ៉ាង​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​បង្កើត​អង្គការ​ឬ​សមាគម​អាច​ចូលរួម​ធ្វើ​កិច្ចការងារ​ជាមួយ​រដ្ឋាភិបាល​។ យ៉ាងណាក៏ដោយ លោក សង្ឃឹមថា ភាគី​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ចូលរួម​ពិភាក្សា​ក្នុង​ដំណើរការ​វិសោធនកម្ម​ច្បាប់​នេះ​។ 
 
​លោក ប៊ុន ហុន រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ អះអាងថា ក្រសួង​បាន​ពិនិត្យ​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ហើយ ប៉ុន្តែ​នៅ​ត្រូវការ​ពេល​វា​លា​បន្ថែមទៀត ដើម្បី​ឲ្យ​ក្រុមការងារ​ជជែក​គ្នា​បន្ថែម​។ លោក មានប្រសាសន៍ថា​៖«​ក្រុមការងារ​នឹង​ជជែក​គ្នា​បន្តទៀត ហើយ​ពិនិត្យថា​ត្រូវយក​មាត្រា​ណា​ខ្លះមក​វិសោធនកម្ម​។ នៅ​ពេលចេញ​សេចក្ដី​កែប្រែ​ចំណុច​ណា​ហើយ [​ក្រសួង​] នឹងដាក់​ជា​សាធារណៈ ដើម្បី​ឲ្យ​មាន​ជជែក​គ្នា​បន្តទៀត ទើប​បញ្ជូនទៅ​សម្រេច​ចេញ​ជា​ច្បាប់​ផ្លូវការ​»៕ 

Tag:
 វិសោធនកម្ម​ច្បាប់​
  សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com