ជាតិ
សង្គមជាតិ
ពេល​ចូលរៀន​វិញ​! ក្រសួង​អប់រំ​ហាម​អាជីវ​ករលក់​ចំណីអាហារ​នៅ​បរិវេណ​សាលា ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩
01, Sep 2020 , 4:11 pm        
រូបភាព
ទិដ្ឋភាពសិស្សានុសិស្សទិញចំណីអាហារ ឬទឹក​ភេសជ្ជៈនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាពកាលអំឡុង​ក្រសួង​អប់រំមិន​ទាន់ប្រកាសឲ្យបិទសាលា​
ទិដ្ឋភាពសិស្សានុសិស្សទិញចំណីអាហារ ឬទឹក​ភេសជ្ជៈនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាពកាលអំឡុង​ក្រសួង​អប់រំមិន​ទាន់ប្រកាសឲ្យបិទសាលា​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ ហាម​មិន​ឲ្យ​អាជីវ​ករលក់​ចំណីអាហារ នៅ​ខាងក្នុង និង​ក្រៅ​សាលារៀន ដែល​នឹង​បើកទ្វារ​ឲ្យ​សិស្ស​ចូលរៀន​វិញ ក្នុងដំណាក់កាល​ទី​២​នេះឡើយ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម​គោលការណ៍​ស្តង់ដា​សុវត្ថិភាព​(SOP)​ក្នុង​បរិបទ​កូ​វីដ​-១៩ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​សាលារៀន​ខ្លះ នឹងត្រូវ​អនុញ្ញាត​ឲ្យ​បើកទ្វារ​វិញ នា​ថ្ងៃទី​៧ កញ្ញា​នេះ​។ ដូច្នេះ​ក្រសួង​អប់រំ ណែនាំ​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស ត្រូវ​រៀបចំ​ចំណីអាហារ ទឹក និង​ភេសជ្ជៈ​ផ្សេងៗ ដែល​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ទុក​ឲ្យ​កូន​បរិភោគ​នៅ​សាលា ដើម្បី​ជៀសវាង​បរិភោគ​អាហារ​រួម​ដែលជា​ប្រភព​ចម្លង​មេរោគ​លឿន​។ 
 
​ចំពោះ​គ្រូ និង​បុគ្គលិក​សាលា​ទាំងអស់​ក៏ត្រូវ​រៀបចំ​ម្ហូបអាហារ​ដោយ​វេច​ខ្ចប់​ពី​ផ្ទះ​យកមក​បរិភោគ​នៅ​សាលា​ផងដែរ ។ នោះ​ក៏​ព្រោះតែ​ក្រសួង​អប់រំ​ហាម​អាជីវ​ករលក់​ចំណីអាហារ​នៅ​បរិវេណ​សាលារៀន ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​អំឡុង​សាលារៀន​នីមួយៗ​បើក​ដំណើរការ​វិញ គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ចំណីអាហារ​នៅតាម​សាលារៀន​ឡើយ​»​។ 
 
​បើតាម​ក្រសួង​អប់រំ សាលារៀន​ដែល​តែងមាន​កម្មវិធី​ផ្តល់​ស្បៀងអាហារ​សម្រាប់​សិស្ស​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ក៏ត្រូវ​ផ្អាក​មួយរយៈ​ផងដែរ​។  
 
​ដើម្បី​ធានា​ដល់​សុវត្ថិភាព​សិស្សានុសិស្ស ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​គណៈ​គ្រប់គ្រង​សាលា អាណាព្យាបាល​រួមគ្នា​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ បើតាម​ក្រសួង​អប់រំ មាតាបិតា​សិស្ស​គឺ​សុទ្ធតែ​ឯកភាព​បញ្ជូន​កូន​មក​រៀន​នៅ​សាលា ហើយក៏​ទទួលខុសត្រូវ​លើ​ហានិភ័យ​ផ្សេងៗ​ដែល​កើតឡើង​នៅ​សាលា​ទៀតផង​។​
 
​ក្រសួង​អប់រំ​បញ្ជាក់ថា ក្នុងករណី​ដែល​សិស្សសាលា​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​-១៩ ខាង​សាលារៀន អាណាព្យាបាល​សិស្ស និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នឹង​ចេញថ្លៃ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ បើ​លទ្ធផល​មាន​ជំងឺ​កូ​វីដ​-១៩​មែន ភាគី​ខាងលើ​នឹង​ចេញថ្លៃ​ព្យាបាល​។ ប៉ុន្តែ​បើ​មានការ​ផ្ទុះឡើង នូវ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សាលា​ណាមួយ សាលា​នោះ​គឺ​ត្រូវ​ដោះស្រាយ និង​ទទួលខុសត្រូវ​។ 
 
​ក្រសួង​អប់រំ​ផ្តល់​សិទ្ធិ​ឲ្យ​សិស្ស​ណា​ដែល​មិន​ចង់​ត្រឡប់មក​សាលា​វិញ អាច​បន្ត​ការរៀន​តាម​អន​ឡាញ​បាន ហើយ​ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​អ្នកសិក្សា​អាច​ព្យូ​រ​ការសិក្សា​មួយរយៈ​បាន​ទៀតផង​។​
 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​សិស្ស​អាច​ត្រឡប់​ទៅ​រៀន នៅតាម​សាលា​វិញ​គឺ​ត្រឹមតែ​២ ទៅ​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ហើយ​សល់​ប៉ុន្មាន​ទៀត​គឺ​ត្រូវ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​៕ 
 
 

Tag:
 អាជីវករ​
 ​ចំណី​
 ​សាលា​
 ​អប់រំ​
 ​សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com