អន្តរជាតិ
លោក ស៊ូ​ហ្កា មនុស្ស​ជំនិត​លោក អា​បេ មានសង្ឃឹម​ខ្ពស់​ក្នុង​ការធ្វើ​នាយករដ្ឋមន្ត្រី
01, Sep 2020 , 10:59 pm        
រូបភាព
បេក្ខជនដែលនឹងអាចស្នងតំណែងពីលោក ស៊ិនហ្សូ អាបេ៖ អតីតរដ្ឋមន្រ្តីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា(ឆ្វេង), អតីតរដ្ឋមន្រ្តីការបរទេស ហ្វូមីអូ គីស៊ីដា (កណ្ដាល) និងលោក យូស៊ីហ៊ីដេ ស៊ូហ្កា (ស្ដាំ)។
បេក្ខជនដែលនឹងអាចស្នងតំណែងពីលោក ស៊ិនហ្សូ អាបេ៖ អតីតរដ្ឋមន្រ្តីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា(ឆ្វេង), អតីតរដ្ឋមន្រ្តីការបរទេស ហ្វូមីអូ គីស៊ីដា (កណ្ដាល) និងលោក យូស៊ីហ៊ីដេ ស៊ូហ្កា (ស្ដាំ)។
​លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) មនុស្ស​ជំនិត​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ កំពុង​នាំមុខ​អ្នកនយោបាយ​ផ្សេងទៀត​ក្នុងការ​ប្រកួតប្រជែង​តំណែង​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែលជា​បក្ស​កាន់អំណាច និង​ឈានទៅ​កាន់តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក អា​បេ ។ លោក ស៊ូ​ហ្កា ទទួលបាន​ការគាំទ្រ​ពី​សមាជិក​ធំៗ​ក្នុង​ជួរ​បក្ស ស្របពេល​បក្ស LDP ក៏បាន​កំណត់​របៀប​បោះឆ្នោត​ថ្មី ដែល​ត្រូវបាន​មើលឃើញថា ផ្ដល់​ផលចំណេញ​ឲ្យ​លោក​ផងដែរ​។​

 
​សព្វថ្ងៃ លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី ដែលជា​តំណែង​សំខាន់​មួយ​ក្នុង​រដ្ឋាភិបាល​ជប៉ុន​។ ជា​អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ផង​នោះ លោក ស៊ូ​ហ្កា ដើរតួនាទី​សំខាន់​ក្នុងការ​សម្រប​សម្រួលកា​រ​អនុវត្ត​គោលនយោបាយ​រវាង​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា ដែល​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយជា​មន្ត្រី​មានអំណាច​មួយ​ក្នុងគណៈ​រដ្ឋមន្ត្រី​លោក ស៊ិន​ហ្សូ អា​បេ ។ 
 
​យ៉ាងណាមិញ លោក ស៊ូ​ហ្កា មិនទាន់​ប្រកាស​ជា​ផ្លូវការ​ក្នុងការ​ប្រជែង​កៅអី​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី ដែល​នឹង​ធានា​កៅអី​នាយករដ្ឋមន្ត្រី​ជំនួស​លោក អា​បេ ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន​រាយការណ៍​ថា លោក ស៊ូ​ហ្កា នឹង​ប្រកាស​ចូលរួម​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែកញ្ញា​ខាងមុខ​។ លោក ស៊ូ​ហ្កា នឹងត្រូវ​ប្រជែង​ជាមួយ​អតីតរដ្ឋមន្ត្រី​ការពារជាតិ ស៊ី​ហ្កេ​រូ អ៊ី​ស៊ី​បា និង​អតីតរដ្ឋមន្ត្រី​ការបរទេស ហ្វូ​មី​អ៊ូ គី​ស៊ី​ដា ជាដើម​។​
 
​ទោះ​មិនទាន់​ប្រកាស​ផ្លូវការ​មែន លោក ស៊ូ​ហ្កា ត្រូវបាន​រំពឹងថា មានសង្ឃឹម​ច្រើន​ទៅហើយ​។ នៅ​ថ្ងៃទី​១ ខែកញ្ញា សមាជិក​សំខាន់ៗ​របស់​បក្ស LDP បានប្រកាស​គាំទ្រ​លោក ស៊ូ​ហ្កា ឲ្យ​ធ្វើជា​ប្រធាន​បក្ស​។ សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន ផ្សាយ បេក្ខជន​ដែល​ចង់​ចូលរួម​ការបោះឆ្នោត ត្រូវ​ចុះឈ្មោះ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ខណៈ​ការបោះឆ្នោត​នឹងធ្វើ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។ នៅ​សភា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី នឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។​
 
​បន្ថែម​ពីលើ​ការទទួលបាន​ការគាំទ្រ​ពី​ប្លុក​សមាជិក​បក្ស​មាន​ឥទ្ធិពល​ហើយ​នោះ លោក ស៊ូ​ហ្កា ក៏មាន​ផលចំណេញ​ពី​របៀប​បោះឆ្នោត​ដែល​បក្ស LDP កំណត់​ដែរ​។ ដោយសារ​ការ​រាតត្បាត​ជំងឺ COVID-19 ហើយ​ភាព​បន្ទាន់​ក្នុងការ​ជ្រើសរើស​អ្នក​ស្នង​តំណែង​លោក អា​បេ ផង​នោះ ការបោះឆ្នោត​រើស​ប្រធាន​បក្ស​កាន់អំណាច នឹងមាន​ការចូលរួម​តែ​ពី​សមាជិក​បក្ស​ដែលជា​សមាជិកសភា​ទាំងពីរ​ថ្នាក់ និង​តំណាង​ថ្នាក់ក្រោម​ជាតិ​ប៉ុណ្ណោះ ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក ស៊ូ​ហ្កា មាន​ភាគរយ​ខ្ពស់​។​
 
​ប៉ុន្តែ​សមាជិក​បក្ស LDP ខ្លះ​បាន​តវ៉ា​ការកំណត់​របៀប​បោះឆ្នោត​ចង្អៀត​បែបនេះ ហើយ​ចង់​ឲ្យ​សមាជិក​បក្ស​នៅ​ថ្នាក់ក្រោម​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះដែរ​។ លោក អ៊ី​ស៊ី​បា ដែលមាន​ការគាំទ្រ​លើសលុប​ពី​សមាជិក​បក្ស​ថ្នាក់ក្រោម ក៏​ចង់បាន​បែបនេះ​ដែរ​។ ប៉ុន្តែ​លោក Toshihiro Nikai អគ្គលេខាធិកា​បក្ស LDP អះអាងថា បក្ស​ត្រូវការ​មេដឹកនាំ​ថ្មី​ឲ្យ​បាន​លឿន​បំផុត​ដើម្បី​បំពេញ​កន្លែង​ដែល​ទំនេរ​។ ចំ​ណែ​លោក Shunichi Suzuki ប្រធាន​ក្រុមប្រឹក្សា​បក្ស​វិញ ពន្យល់ថា ការអូសបន្លាយ​ពេល នឹង​ក្លាយជា​បន្ទុក​លើ​សុខភាព​លោក អា​បេ ៕ 
 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ​
  Yoshihide Suga
© រក្សាសិទ្ធិដោយ thmeythmey.com