កីឡាជាតិ
ជាតិ
កីឡាករ ស៊ុន វណ្ណ​ដេ​ត ត្រូវ​ចំណាយពេល​ព្យាបាល​យ៉ាងតិច​៦​ខែ ក្រោយ​វះកាត់​របួស​ជង្គង់
01, Sep 2020 , 11:29 pm        
រូបភាព
កីឡាករ ស៊ុន វណ្ណដេត វះកាត់របួសជង្គង់នៅមន្ទីរពេទ្យកេតុមាលា(រូបក្នុងរង្វង់)
កីឡាករ ស៊ុន វណ្ណដេត វះកាត់របួសជង្គង់នៅមន្ទីរពេទ្យកេតុមាលា(រូបក្នុងរង្វង់)
ដោយ:
​ខ្សែបម្រើ ស៊ុន វណ្ណ​ដេ​ត ត្រូវ​អវត្តមាន​ពី​ទីលាន​វាលស្មៅ​យ៉ាងតិច​៦​ខែ ក្រោយ​រូបគេ​រងរបួស​ដាច់​ស​សៃ​ពួរ​ជង្គង់ ដែល​បាន​វះកាត់​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ​កេតុមាលា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សារ៉េត ស៊ីដន អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​របស់​ក្រុម​នគរបាលជាតិ​។​

 
«​ពេទ្យ​ឲ្យ​សម្រាក​យ៉ាងតិច​៦​ខែ ក្នុង​រយៈពេល​៦​ខែ​គាត់​(​ស៊ុន វណ្ណ​ដេ​ត​)​អាច​ហ្វឹកហាត់ និង​ធ្វើ​ហាត់ប្រាណ​ផ្សេងៗ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សារ៉េត ស៊ីដន ដែល​បាន​បន្ថែមថា ការ​អវត្តមាន​របស់​សមាជិក​ក្រុម​ជម្រើសជាតិ​រូបនេះ អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​បម្រើ​របស់​ក្រុម​។ ប៉ុន្តែ​លោក​អះអាងថា ក្លិប​មាន​កីឡាករ​គ្រប់គ្រាន់​ក្នុងការ​ជំនួស​តួនាទី​របស់​កីឡាករ​រូបនេះ​។ 
 
​កីឡាករ ស៊ុន វណ្ណ​ដេ​ត បាន​រងរបួស​ដាច់​ស​សៃ​ពួរ​ជង្គង់​ក្នុងជំនួប​ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​រវាង​ក្រុមនគរបាល​ជាតិ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ដោយ​កាលណោះ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ លទ្ធផល​នេះ តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ នៅក្នុង​ការទា​ត់បាល់​១១​ម៉ែត្រ ក្រុមនគរបាល​ជាតិ​បាន​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ៤-៣​។ 
 
​កីឡាករ​មកពី​ខេត្តកោះកុង​រូបនេះ បាន​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ​តាំងពី​ឆ្នាំ​២០១៣​។ រូបគេ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៥ និង​បាន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ឆ្នាំ​២០១៧​។ ប៉ុន្តែ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ជាប់​ជម្រើសជាតិ​ក្នុង​ឈុត​ធំ​តាំងពី​ឆ្នាំ​២០១៦៕ 
 

Tag:
 ស៊ុន វណ្ណ​ដេ​ត​
  សារ៉េត ស៊ីដន​
  នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com