អន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លាលែងក្រោយកាន់តំណែងបាន២៦ថ្ងៃ លោក Predee Daochai រដ្ឋមន្រ្តីហិរញ្ញវត្ថុដែលលាលែង។ រូបភាព Reuters
× រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Predee Daochai បានលាលែងពីតំណែងរបស់លោក បន្ទាប់កាន់កាប់បាន២៦ថ្ងៃប៉ុណ្ណោះ។ លោក Predee បានលើកពីបញ្ហាសុខភាពដើម្បីលាលែងពីតំណែង ប៉ុន្តែមុនការលាលែងនេះ មានការរាយការណ៍ពីការខ្វែងគំនិតគ្នារវាងលោក Predee និងអនុរដ្ឋមន្ត្រីម្នាក់ទាក់ទងការតែងតាំងមន្ត្រីគយ។
ក្នុងការប្រកាសដោយរដ្ឋាភិបាលថៃ លោក Predee Daochai បានដាក់ពាក្យលាលែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៣១ ខែសីហា ហើយការលាលែងនេះ មានប្រសិទ្ធភាពនៅថ្ងៃទី២ ខែកញ្ញា។ លោក Daochai ត្រូវបានមហាក្សត្រថៃ តែងតាំងជារដ្ឋមន្ត្រីនៅថ្ងៃទី៦ ខែសីហា។
លោក Predee បានអះអាងពីសុខភាពមិនល្អរបស់លោកដើម្បីសុំលាលែងពីតំណែង ខណៈលោក ប្រាយុទ្ធ ក៏បានបញ្ចុះបញ្ចូលឲ្យលោកបន្តដឹកនាំទៀត។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ យ៉ាងណាមិញ មុនដាក់ពាក្យលាលែងនេះ លោក Predee ត្រូវបានរាយការណ៍ថា ខ្វែងគំនិតគ្នាជាមួយអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ Santi Promphat មកពីបក្សកម្លាំងប្រជារាស្រ្ត ទាក់ទងការតែងតាំងមន្រ្តីសំខាន់ៗរបស់ក្រសួង ពិសេសតំណែងអគ្គនាយកគយ។
បាងកកប៉ុស្តិ៍ផ្សាយថា លោក Predee ចង់ឲ្យនាយកការិយាល័យគោលនយោបាយសារពើពន្ធលោក Lavaron Sangsnit ដឹកនាំអគ្គនាយកដ្ឋានគយ តែលោក Santi ស្នើលោក Prapas Kong-Ied ដែលជានាយកការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ ជាបេក្ខជនវិញ។ បញ្ហា ក៏កើតឡើងពេលប្រជុំគណៈរដ្ឋមន្រ្តីចល័តនៅខេត្ត Rayong នៅថ្ងៃទី២៥ ខែសីហា ដែលកាលនោះ ឈ្មោះលោក Prapas ត្រូវបានប្រកាសជាបេក្ខជនសម្រាប់តំណែងខាងលើ ហើយលោក Predee ក៏តវ៉ា។
ការសម្រេចចិត្តលើតំណែងអគ្គនាយកគយ ក៏ត្រូវបានផ្អាកសិន ហើយបន្ទាប់មកទៀត គណៈរដ្ឋមន្រ្តីថៃក៏អនុម័តបេក្ខភាពលោក Lavaron ទៅ។ ទោះជាយ៉ាងណា លោក Predee ដែលជាអតីតប្រធានធនាគាររដ្ឋកសិករ ក៏នៅតែលាលែងដដែល ដែលទំនងជាមិនពេញចិត្តនឹងអ្វីដែលឡើង។ ឧបនាយករដ្ឋមន្រ្តី ប្រាវីត វង្សសុវណ្ណ បានទាត់ចោលការរាយការណ៍នេះ និងថា លោក Predee ដាច់សរសៃឈាម៕
© រក្សាសិទ្ធិដោយ thmeythmey.com