អន្តរជាតិ
កងទ័ពកូរ៉េខាងជើង ហាត់សមត្រៀមធ្វើព្យុហយាត្រាអបអរថ្ងៃកំណើតបក្សកាន់អំណាចខែក្រោយ
15, Sep 2020 , 6:29 pm        
រូបភាព
យោធាកូរ៉េខាងជើងក្នុងព្យុហយាត្រាកន្លងមក។ រូបភាព AFP
យោធាកូរ៉េខាងជើងក្នុងព្យុហយាត្រាកន្លងមក។ រូបភាព AFP
យោធាកូរ៉េខាងជើង អមដោយរថពាសដែក និងរថយន្តយោធាជាច្រើនមុខ កំពុងហាត់សមដើម្បីចូលរួមក្នុងព្យុហយាត្រាអបអរថ្ងៃកំណើតបក្សពលករ ដែលជាបក្សកាន់អំណាច។ នេះបើតាមរូបភាពដែលថតចេញពីផ្កាយរណបដែលផ្សាយដោយស្ថាប័នស្រាវជ្រាវមួយរបស់អាមេរិកកាលពី​ថ្ងៃទី២ ខែកញ្ញា។ ខួបកំណើតបក្សពលករលើកទី៧៥ នឹងធ្វើឡើងនៅខែតុលាខាងមុខ ហើយទំនងជាត្រូវរៀបចំក្នុងទ្រង់ទ្រាយធំផងដែរ។

 
ក្នុងរូបភាពដែលផ្សាយដោយវេបសាយ 38 North ដែលជំនាញខាងកិច្ចការកូរ៉េខាងជើង កងទ័ពកូរ៉េខាងជើង និងរថយន្តយោធា បានហ្វឹកហាត់ជាក្បួននៅឯមូលដ្ឋានយោធា Mirim ជាយរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ។ Mirim ជាកន្លែងយោធាកូរ៉េខាងជើងប្រមូលផ្ដុំហាត់សម សម្រាប់កម្មវិធីព្យុហយាត្រាក្នុងពិធីធំៗនានាដែលតែងធ្វើនៅទីលាន គីម អ៊ីលស៊ុង ។ 
 
«កូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងរៀបចំក្បូនព្យុហយាត្រាយោធានៅថ្ងៃទី១០ ខែតុលាដើម្បីអបអរខួបទី៧៥ការបង្កើតបក្សពលករកូរ៉េ។» នេះបើតាមរបាយការណ៍របស់ 38 North ដែលបន្តថា រូបភាពផ្កាយរណបខាងលើ ជាព័ស្តុតាងបង្ហាញពីការហ្វឹកហាត់ត្រៀមកម្មវិធីដ៏ធំមួយនេះ។ កូរ៉េខាងជើងតែងប្រារព្ធកម្មវិធីរំឭកពិធីសំខាន់ៗដូចជាថ្ងៃកំណើតលោក គីម អ៊ីលស៊ុង ឬថ្ងៃបង្កើតបក្សជាដើមក្នុងទម្រង់អធិកអធមនៅឆ្នាំគត់ ឬឆ្នាំដែលមានកន្ទុយ៥។  
 
សម្រាប់ខួបទី៧៥នៅឆ្នាំ២០២០ គេរំពឹងថា កម្មវិធីនឹងនៅតែធ្វើឡើងធំដុំដូចពេលកន្លងទៅ បើទោះជាកូរ៉េខាងជើងមានបញ្ហាប្រឈមដូចជាការវាយប្រហារដោយទឹកជំនន់ និងការគំរាមរបស់ជំងឺ COVID-19 ក្ដី។ មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់ករណីឆ្លងសូម្បីមួយនៅឡើយ តែវិធានការតឹងរ៉ឹងដូចជាការបិទព្រំដែនជាដើមនោះ បន្តអនុវត្តដដែល។ ការទប់ស្កាត់ជំងឺឆ្លងនេះ ក៏នាំដល់ការពន្យារពេលហាត់សមសម្រាប់កម្មវិធីខែតុលាផងដែរ។
 
របាយកាណ៍ខាងលើដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បន្តថា កូរ៉េខាងជើងក៏បានសាងសង់រោងប្រមាណ១០០ ដែលទំនងជាកន្លែងរក្សារថយន្តយោធាផងដែរនៅឯបន្ទាយ Mirim ។ យ៉ាងណាមិញ ស្ថាប័នស្រាវជ្រាវខាងលើមិនអាចបញ្ជាក់បានថា ខាងក្នុងរោងទាំងនោះជាអ្វីឲ្យប្រាកដឡើយ។
 
ជាធម្មតា កូរ៉េខាងជើងតែងប្រើប្រាស់ព្យុហយាត្រាយោធាដើម្បីសម្ញែងសព្វាវុធរបស់ខ្លួន។ យ៉ាងណាមិញ ក្រោយឆ្នាំ២០១៨ ពេលដែលកូរ៉េខាងជើងកំពុងមានទំនាក់ទំនងល្អជាមួយអាមេរិក និងកូរ៉េខាងត្បូងនោះ រដ្ឋកុម្មុយនីស្តមួយនេះ មិនបានបញ្ចេញសាច់ដុំខ្លាំងក្លាឡើយ៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com