ខ្មែរ​ក្រហម
ជាតិ
សពឌុច អតីតមេគុកទួលស្លែង ត្រូវបានបូជាហើយ នៅវត្តចាក់អង្រែក្រោម
02, Sep 2020 , 2:30 pm        
រូបភាព
មេរុ ក្នុងវត្តចាក់អង្រែក្រោម ដែលត្រូវបូជាសពរបស់ឌុច អតីតមេគុកទួលស្លែង
មេរុ ក្នុងវត្តចាក់អង្រែក្រោម ដែលត្រូវបូជាសពរបស់ឌុច អតីតមេគុកទួលស្លែង
សពរបស់លោក កាំ ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស២១ (គុកទួលស្លែង) ក្នុងសម័យខ្មែរក្រហម ត្រូវបានបូជាហើយ ក្នុងវត្តចាក់អង្រែក្រោម នៅម៉ោងជិតថ្ងៃត្រង់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។ លោក បានទទួលមរណភាព ក្នុងវ័យ៧៧ឆ្នាំ នៅម៉ោងជិត១យប់ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។



លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ប្រាប់សារព័ត៌តមានថ្មីៗ តាមបណ្តាញតេឡេក្រាមថា ក្រោយពីធ្វើកោសលវិច្ច័យលើសាកសពរបស់ឌុចរួចហើយ ក្រុមគ្រូពេទ្យ ក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររបស់ឌុច។ លោក មានប្រសាសន៍ថា៖«ក្រុមគ្រួសារ អាចទុកធ្វើបុណ្យប៉ុន្មានថ្ងៃ ជាសិទ្ធិរបស់គេ។ ចាត់ចែងយ៉ាងណា អាហ្នឹង គឺអាស្រ័យលើគ្រួសាររបស់គេ។ តាមនីតិវិធី សមត្ថកិច្ច [របស់សាលាក្តីខ្មែរក្រហម] លែងមានសិទ្ធិគ្រប់គ្រងទៅលើ [ករណីឌុច] ទៀតហើយ»។

យ៉ាងណា លោក ពុំបានផ្តល់ចម្លើយជាក់លាក់ឡើយថា ហេតុអ្វីបានជាសពរបស់ឌុច ត្រូវបានបូជាយ៉ាងប្រញាប់ប្រញាល់ដូច្នេះ ដោយលោក គ្រាន់តែ បញ្ជាក់ដូចខាងលើថា អ្វីៗ គឺជាការសម្រេចចិត្តរបស់ក្រុមគ្រួសារឌុច។

ឌុច ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាល ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល អះអាងក្នុងសេចក្តីជូនដំណឹងថា ឌុច ទទួលមរណភាព ដោយមានជំងឺរលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ។ 

ឌុច ត្រូវបានសាលាក្តីខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ សម្រាប់តួនាទីរបស់លោក ជាប្រធានគុកទួលស្លែង៕ 

Tag:
 ឌុច
© រក្សាសិទ្ធិដោយ thmeythmey.com