អន្តរជាតិ
ចិន​គំរាម​ឆែក​! រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ថា ពាក្យ​គំរាម មិន​សម​ប្រើ​នៅ​ទឹកដី​អឺរ៉ុប​ទេ​
02, Sep 2020 , 7:29 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Maas នាប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ AP
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីអាល្លឺម៉ង់ លោក Heiko Maas នាប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ AP
​ប្រមុខ​ការទូត​អាល្លឺម៉ង់ លោក Heiko Maas  នៅ​ថ្ងៃទី​១ ខែកញ្ញា បាន​ប្រាប់​សម​ភាគី​ចិន លោក វ៉ាង យី​ថា ពាក្យ​គំរាម​មិន​សក្តិសម​ប្រើ​នៅលើ​ទឹកដី​អឺរ៉ុប​ទេ​។ ការអះអាង​របស់​រដ្ឋ​មន្ត្រីការទូត​អាល្លឺម៉ង់​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ការព្រមាន​របស់លោក វ៉ាង លើ​ប្រធានព្រឹទ្ធសភា​ឆែក​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។

 
​ថ្មីៗ​នេះ ប្រធាន​ព្រឹទ្ធិ​សភា​ឆែក លោក​Milos Vystrcil បាន​ដឹកនាំ​ប្រតិភូ​៩០​នាក់​ទៅ​តៃវ៉ាន់​រយៈពេល ៥​ថ្ងៃ​។ ចិន​ក្ដៅក្រហាយ​ខ្លាំង​នឹង​រឿងនេះ​។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន បានចេញ​សារ​ព្រមាន​ពី​ទឹកដី​អាល្លឺម៉ង់ ថា ប្រធានព្រឹទ្ធសភា​ឆែក​រូបនេះ នឹងរង​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​បំពាន​គោលនយោបាយ​ចិន​តែមួយ​។ លើសពីនេះ លោក វ៉ាង បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​ព្រឹទ្ធិ​សភា​ឆែក គឺ​ឆ្លង​បន្ទាត់​ក្រហម​ហើយ​។ 
 
​ប៉ុន្តែ​ពាក្យ​ព្រមាន​ទាំងនេះ ត្រូវបាន​អាល្លឺម៉ង់​ប្រតិកម្ម​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​ជំនួប​ជាមួយ​លោក វ៉ាង នៅ​ថ្ងៃទី​១ ខែសីហា លោក Heiko Maas រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បាន​លើកឡើងថា​៖ «​ពាក្យ​គំរាម មិន​សក្តិសម​នៅទីនេះ​ទេ​»​។ 
 
​ក្នុងន័យនេះ លោក Maas បញ្ជាក់ថា ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ដូចគ្នា អាល្លឺម៉ង់ មាន​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​ផ្សេងទៀត ហើយ​អាល្លឺម៉ង់​ចង់​ឲ្យ​ដៃគូ​អន្តរជាតិ​គោរព​សមាជិក​អឺរ៉ុប​ផ្សេងទៀត​ដូចៗ​គ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg​។ 
 
​ប្រមុខ​ការទូត​ចិន បានធ្វើ​ទស្សនកិច្ច​មក​អឺរ៉ុប តាំងពី​ថ្ងៃទី​២៥ ខែសីហា​មក​ម្លេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ចាប់តាំងពី​ផ្ទុះ​COVID-19 នេះ លោក​វ៉ាង បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចំនួន ៥ មានដូចជា អ៊ីតាលី ហូ​ឡង់ ន័​រវេ​ស បារាំង និង​អាល្លឺម៉ង់​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ទាំងអស់​សុទ្ធតែ​បានលើកឡើង​ពី​ការបារម្ភ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​៕ 

Tag:
 អាល្លឺម៉ង់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com