COVID-19
ជាតិ
សាលារៀន​ខ្លះ បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ទទួល​សិស្ស​វិញ តាមបែប​វិធានការ​អនាម័យ​
02, Sep 2020 , 4:53 pm        
រូបភាព
សកម្មភាពសិស្សនៅសាលាបឋមសិក្សាបឹងសាឡាង បោសសំអាត​នៅមុខ​ថ្នាក់រៀនសម្រាប់​ត្រៀមចូល​រៀន
សកម្មភាពសិស្សនៅសាលាបឋមសិក្សាបឹងសាឡាង បោសសំអាត​នៅមុខ​ថ្នាក់រៀនសម្រាប់​ត្រៀមចូល​រៀន
ដោយ:
​ភ្នំពេញ​៖ សាលារៀន​មួយចំនួន​កំពុងតែ​ចាប់ផ្តើម​បោសសំអាត​ថ្នាក់រៀន និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​បណ្តើរៗ​ហើយ ដើម្បី​ត្រៀម​ទទួល​សិស្ស​ចូលរៀន​វិញ​នៅ​ថ្ងៃទី​៧ ខែកញ្ញា តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

 
​ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៦ ខែកញ្ញា ជា​ពេលដែល​សាលារៀន​នីមួយៗ​មមាញឹក​នឹង​ការ​បោសសំអាត​ថ្នាក់រៀន ទី​ឆ្លា​សាលា កាត់​ស្មៅ  បោចស្មៅ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬ​សំអាត​ដោយ​ទឹកសាប៊ូ​ជាដើម ដើម្បី​ត្រៀម​ទទួល​សិស្សានុសិស្ស​ចូលរៀន​ប្រកបដោយ​សុវត្ថិភាព​។   
 
​លោក យឹម ចំរើន នាយក​សាលាបឋមសិក្សា​បឹង​សាឡាង ស្ថិតនៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​គ្រូ និង​សិស្ស​ប្រមាណ​២០​នាក់ បោសសំអាត​ថ្នាក់រៀន និង​ទីធ្លា​សាលា បាន​បញ្ជាក់ថា ក្នុង​ថា្នក់​រៀន​មួយចំនួន​ត្រូវបាន​គ្រូ និង​សិស្ស​មួយចំនួន​បោសសម្អាត​រួចរាល់​ហើយ​។ ចំណែក​នៅតាម​ទី​ឆ្លា​សាលា និង​តាម​បន្ទប់ទឹក នឹងត្រូវ​បោសសំអាត​រហូតដល់​ថ្ងៃ​ចូលរៀន​វិញ​។ 
 
​កំពុងតែ​ឈរ​នៅមុខ​ថ្នាក់​ដែល​បាន​បោសសំអាត​ហើយ លោក យឹម ចំរើន បាន​រៀបរាប់​ដូច្នេះ​ថា​៖«​តាំងពី​ក្រសួង​ប្រកាស​ឲ្យ​បើក​សាលា​មក ខ្ញុំ​បាន​ណែនាំ​ឲ្យ​គ្រូៗ និង​សិស្ស​នាំគ្នា​មក​បោសសំអាត​ថ្នាក់រៀន បរិស្ថាន​សាលា តុ កៅអី និង​សួនច្បារ ឲ្យ​បានល្អ​ដើម្បី​ត្រៀមលក្ខណៈ​ទទួល​កូនសិស្ស​មក​រៀន​វិញ​»​។ 


ផ្ទាំងផ្សព្វផ្សាយពីការ​បង្ការជំងឺកូវីដ-១៩ នៅរបងសាលាអនុវិទ្យាល័យចតុមុខ

​ពេលដែល​សាលា​ស្វាគមន៍​សិស្ស​ចូលរៀន​វិញ សាលា​នឹង​វាស់​កម្តៅ​សិស្ស​ម្នាក់ៗ​មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលរៀន រួមទាំង​បែងចែក​វេន​សិក្សា​របស់​ពួកគេ​ផង​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចំរើន ដែល​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សិស្ស​មួយ​ថ្នាក់​មាន​៣០​នាក់ អ៊ីចឹង​យើង​បែង​ចែកជា​ពីរ​ក្រុម ក្រុមទី​១ រៀន​នៅ​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ​។ ចំណែក​ក្រុមទី​២ រៀន​នៅ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍​។ ហើយ​ថ្ងៃ​ផ្សេងៗ​ទៀត​គាត់​ត្រូវ​រៀន​តាម​អន​ឡាញ​ជាមួយនឹង​គ្រូ ឬ​តា​មយូ​ធូប​ជាដើម ដើម្បី​ជៀសវាង​ការប្រមូលផ្តុំ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​យើង ក្រែងលោ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩»​។ 
 
​លោក យឹម ចំរើន បាន​បន្តថា មុននឹង​ឲ្យ​សិស្ស​ចូលរៀន លោក​បាន​ណែនាំ​ឲ្យ​គ្រូ  និង​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិស្ស​រៀបចំ​វេច​ខ្ចប់​ចំណីអាហារ​ពី​ផ្ទះ​ដើម្បី​យកមក​បរិភោគ​នៅ​សាលា ពីព្រោះ​នៅតាម​សាលា​នីមួយៗ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ទិញ​ចំណីអាហារ​នៅក្នុង​សាលា និង​ក្រៅ​សាលា​ឡើយ​។ 
 
​នាយក​សាលាបឋមសិក្សា​បឹង​សាឡាង​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​ផ្សព្វផ្សាយ​ឲ្យ​អាណាព្យាបាល​សិស្ស​រៀបចំ​ជា​ទឹក​អាល់កុល និង​ម៉ាស់​តា​មកា​តាប​របស់​កូន​រៀងៗ​ខ្លួន​។ ហើយ​យើង​ណែនាំ​ឲ្យ​ពួកគាត់​ត្រៀម​អាហារសម្រន់ និង​ទឹក ដាក់​មកពី​ផ្ទះ​ឲ្យ​ហើយ​»​។  
 
​បើតាម​លោក ចំរើន ក្នុងអំឡុងពេល​សិស្ស​ចូលរៀន​នៅតាម​ថ្នាក់​វិញ ទាំង​គ្រូ និង​សិស្ស​ត្រូវ​ពាក់​ម៉ាស់ និង​លាងដៃ​ជានិច្ច​។ ក្រោយពី​រៀន​ចប់​ម៉ោង គ្រូ​ត្រូវ​បែង​ចែកវេន​សំអាត​ថ្នាក់រៀន និង​ទី​ឆ្លា​សាលា​ជា​រៀងរាល់ថ្ងៃ​។ 


សកម្មភាពសិស្សនៅសាលាបឋមសិក្សាបឹងសាឡាង បោសសំអាត និង​ជូត​ នៅក្នុង​ថ្នាក់រៀនសម្រាប់​ត្រៀមចូល​រៀន

​សម្រាប់​អនុវិទ្យាល័យ​ចតុមុខ ដែលមាន​លោក ឌឹ​ម វិ​រៈ​ឫទ្ធី ជា​នាយក​អនុវិទ្យាល័យ​ចតុមុខ ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សំអាត​សាលារៀន​ដែរ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សាលា​បាន​បោស ជូត និង​បាញ់​ទឹក​សម្លាប់​មេរោគ​តាម​បន្ទប់រៀន វេរ៉ងដា និង​តាម​ជណ្តើរ​។ យើង​បានរៀបចំ​តាម​ស្តង់ដារ​គម្លាត​ពីគ្នា​។ សម្រាប់​នៅ​បរិវេណ​សាលា យើង​បាន​កាត់ ឬ​ដកស្មៅ និង​កាត់​មែកឈើ​។ ចំណែក​នៅតាម​របង​សាលា​គឺ​យើង​បាន​គូស​គំនូស​សម្រាប់​ឲ្យ​សិស្ស​ដឹងថា​កន្លែង​ណា​អាច​ចេញចូល និង​កន្លែង​ណា​ដែល​មិនអាច​ចេញចូល​បាន​»​។  
 


សកម្មភាពសិស្សសាលាបឋមសិក្សាបឹងសាឡាង បោសសំអាតនៅក្នុងថ្នាក់រៀនសម្រាប់ត្រៀម​ទទួលសិស្ស​ឲ្យចូលរៀនវិញ

​លោក ឌឹ​ម វិ​រៈ​ឫទ្ធី បាន​បញ្ជាក់ថា​អនុវិទ្យាល័យ​ចតុមុខ​នឹង​ត្រៀម​ទទួល​តែ​សិស្ស​ថ្នាក់​ទី​៩​ឲ្យ​ចូលរៀន​ក្នុង​មួយ​សប្តាហ៍​ពេញ​តែប៉ុណ្ណោះ​។ ចំណែក​សិស្ស​ថ្នាក់​ទី​៧ និង​ទី​៨ សាលា​តម្រូវ​ឲ្យ​រៀន​តាម​អន​ឡាញ​វិញ​។ 
 
​បើតាម​លោក ឌឹ​ម វិ​រៈ​ឫទ្ធី សាលា​បានរៀបចំ​កន្លែង​លាងដៃ សាប៊ូ​នៅតាម​បន្ទប់ទឹក និង​ទឹក​អាល់កុល​តាម​ថ្នាក់រៀន រៀបចំ​ឲ្យ​មាន​គ្រូ​សម្របសម្រួល​មួយចំនួន សម្រាប់​តាមដាន​សកម្មភាព​សិស្ស​ទាំង​ពេល​ចូលរៀន និង​ចេញលេង​។ លោក បន្តថា សាលា​ក៏បាន​បង្កើត​គណៈកម្មកា​រ​សុខភាព​ដើម្បី​ត្រួតពិនិត្យ​សុខភាព​សិស្ស ក្នុងករណី​សិស្ស​មាន​រោគសញ្ញា​អ្វីមួយ នឹង​បញ្ជូនទៅ​មន្ទីរ​សុខាភិបាល​។ 
 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុង​មួយ​វេន​យើង​មាន​គ្រូ​សម្របសម្រួល​ចំនួន​៦​នាក់​ដែល​នឹង​ដើរ​ពិនិត្យ​តាម​ថ្នាក់​ថា​តើ​សិស្ស​បាន​ពាក់​ម៉ាស់​ឬ​អត់ មើល​ការ​អង្គុយ និង​ការ​លាងដៃ​របស់​ពួកគេ​។ សម្រាប់​ពេលចេញ​លេង​គឺ​គាត់​នឹង​មើល​សិស្ស​មិន​ឲ្យ​អង្គុយ​ជាប់​គ្នា ប៉ះពាល់​គ្នា និង​ការ​ប្រឡែង​គ្នា​»​។ 
 
​លើសពីនេះ​លោកនាយក​សាលា​រូបនេះ ក៏​នឹង​សហការ​ជាមួយនឹង​អាជ្ញាធរ​សម្រាប់​គ្រប់គ្រង​លើ​ការលក់​នំចំណី​នៅតាម​របង​សាលា​។ ជាមួយគ្នានេះ​លោក​ក៏​នឹង​ណែនាំ​ឲ្យ​សិស្ស​គ្រប់គ្រង និង​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​ផងដែរ​។​
 


សកម្មភាពសិស្សនៅសាលាបឋមសិក្សាបឹងសាឡាង បោសសំអាត​នៅមុខ​ថ្នាក់រៀនសម្រាប់​ត្រៀមចូល​រៀន

​សូមបញ្ជាក់ថា ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​សិស្ស​អាច​ត្រឡប់​ទៅ​រៀន នៅតាម​សាលា​វិញ​គឺ​ត្រឹមតែ​២ ទៅ​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ហើយ​សល់​ប៉ុន្មាន​ទៀត​គឺ​ត្រូវ​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។​
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា ការសម្រេច​ឲ្យ​បើក​សាលារៀន​ឡើងវិញ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ ។ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​វិញ​នេះ គឺ​អនុវត្តតាម​ស្តង់ដា សុវត្ថិភាព (SOP) តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ រដ្ឋមន្ត្រី​អប់រំ បាន​សង្កត់ធ្ងន់ថា សាលារៀន​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ជៀស​វាស​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕
 
 

Tag:
 សាលារៀន​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com