អន្តរជាតិ
ស្តេចថៃ តែងតាំងស្នំដែលត្រូវដកតំណែងកាល១០ខែមុនឡើងវិញ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក Sineenat Wongvajirapakdi ដែលត្រូវទទួលតំណែងវិញ។ រូបភាពផ្សាយដោយរាជវាំងថៃ
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានតែងតាំងអ្នកស្រី Sineenat Wongvajirapakdi ជាស្នំឯកឡើងវិញ បន្ទាប់ពីដកតំណែងបាន១០ខែ។ បើតាមសេចក្ដីប្រកាសរបស់រាជវាំងថៃដែលផ្សាយក្នុងរាជកិច្ច បញ្ជាក់ថា Sineenat មិនមានកំហុសអ្វីឡើយ ហើយត្រូវទទួលបានបុណ្យសក្តិ មេដាយកិត្តយសទាំងអម្បាលម៉ានមកវិញទាំងអស់ផងដែរ។
បើតាមការផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២ ខែកញ្ញា ស្នំឯក Sineenat Wongvajirapakdi ត្រូវបានប្រគល់តំណែងវិញតាំងពីថ្ងៃទី២៨ ខែសីហាមកម្ល៉េះ។ ក្នុងសេចក្ដីប្រកាសរបស់រាជវាំង មហាក្សត្រថៃ មហា វជិរាលង្ករណ៍ អះអាងថា ស្នំឯក Sineenat មិនមានកំហុសអ្វីឡើយ ហើយការប្រកាសដកតំណែងកាលពីខែតុលា ឆ្នាំ២០១៩ ត្រូវចាត់ទុកជាអសារបង់។
«ដោយសារអ្នកស្រី Sineenat Wongvajirapakdi គ្មានកំហុស រាជបញ្ជាមួយត្រូវបានប្រគល់ឲ្យ Sineenat Wongvajirapakdi ដើម្បីកាន់តំណែងស្នំឯកមានងារ Sineenat Bilaskalayani ព្រមគ្នានឹងឋានន្តរសក្តិក្នុងខុទ្ទកាល័យរាជវាំង និងកងទ័ព ក៏ដូចជាទទួលបានគ្រឿងឥស្សរិយយសគ្រប់ថ្នាក់។» នេះជាការប្រកាសរបស់រាជវាំងថៃ។
សូមរំឭកបន្តិចថា ស្នំ Sineenat ត្រូវបានតែងតាំងឲ្យកាន់តំណែងស្នំនេះកាលពីខែកក្កដា ឆ្នាំ២០១៩ ពេលដែលស្ដេច មហា វជិរាលង្ករណ៍ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ដែលជាបុគ្គលដំបូងគេកាន់តំណែងនេះក្នុងពេលជាងមួយរយឆ្នាំ។ បីខែក្រោយ ស្ដេចថៃក៏បានដកតំណែងនេះ ព្រមគ្នានឹងយសសក្តិឯទៀតក្រោមហេតុផលថា មិនស្មោះត្រង់នឹងស្ដេច មិនគោរពក្រមប្រតិបត្តិរាជវង្ស និងប្រើប្រាស់មុខតំណែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
កាលនោះ ស្នំឯកអង្គនេះ មិនយល់ស្របនឹងការតែងតាំងព្រះនាង សុធីតា ជាអគ្គមហេសី ដោយបានជំទាស់ការរៀបចំពិធីនេះដោយចំហ ហើយប្រើប្រាស់អំណាចដើម្បីកុំឲ្យពិធីនេះកើតឡើងទៀតផង។ ស្នំអង្គនេះ ចង់ឲ្យមហាក្សត្រ មហា វជិរាលង្ករណ៍ តែងតាំងខ្លួនជាអគ្គមហេសីជំនួសវិញ។ ដើម្បីបញ្ចៀសបញ្ហា ស្ដេចរាមាទី១០ ក៏តែងតាំងព្រះនាង ជាស្នំ ដើម្បីឲ្យស្ងប់ចិត្ត។ យ៉ាងណាមិញ ទោះបានខ្ពង់ខ្ពស់ក្ដី ស្នំឯកអង្គនេះ នៅតែចង់បានតំណែងជាអគ្គមហេសីដដែល៕
Tag:
ថៃ
មហា វជិរាលង្ករណ៍
Sineenat Wongvajirapakdi
© រក្សាសិទ្ធិដោយ thmeythmey.com