អន្តរជាតិ
ចិន ច្រានចោល​របាយការណ៍​អាមេរិក​ដែលថា​ខ្លួន​ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង​
03, Sep 2020 , 10:13 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ចិន នៅ​ថ្ងៃទី​២ ខែកញ្ញា បាន​ទាត់ចោល​របាយការណ៍​មួយ​របស់​មន្ទីរ​បញ្ច​កោណ​ដែល​បាន​ចោទ​ខ្លួន​ថា ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង ក្នុង​រយៈពេល​១០​ឆ្នាំ​។ បើតាម​ការអះអាង​រប​ស់​ទីក្រុង​ប៉េកាំង ការ​ចោទ​របស់​អាមេរិក មាន​គោលដៅ​ការពារ​ការ​ចំ​ណោ​យ​លើ​យោធា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។



 
​តាម​របាយការណ៍​សិក្សា​ប្រចាំឆ្នាំ​លើ​កម្លាំងយោធា​ចិន​នៅ​ថ្ងៃទី​១ ខែកញ្ញា មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាងថា កងទ័ព​ចិន​មាន​សមត្ថភាព​ស្មើ ឬ​លើស​អាមេរិក​លើ​វិស័យ​មួយចំនួន​។ ជាពិសេស ចិន​ថែមទាំង​ចង់​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទ្វេដង​ក្នុង​រយៈពេល​១០​ឆ្នាំ ខណៈពេល​បច្ចុប្បន្ន​ប្រទេស​អាស៊ី​មួយ​នេះ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្រោម ៣០០​គ្រាប់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង បាន​ច្រានចោល​របាយការណ៍​នេះ និង​អះអាងថា​អាមេរិក មិន​យល់​ពី​គោលនយោបាយ​របស់ខ្លួន​។​
 
​មិន​ទុក​យូរ ក្រសួងការពារជាតិ​ចិន បាន​ទាត់ចោល ការចោទប្រកាន់​របស់​មន្ទីរ​បញ្ច​កោណ​ថា «​ខុស​ទាំងស្រុង​» និង​បកស្រាយ​ខុសពី​គោលនយោបាយ​ការពារជាតិ និង​យុទ្ធសាស្ត្រ​យោធា​របស់​ទីក្រុង​ប៉េកាំង​។ ក្នុងន័យនេះ ចិន​បាន​វាយបក​ទៅ​អាមេរិក​វិញ​ថា គ្រាន់តែ​ជា​របាយការណ៍ បង្ខូចកេរ្តិ៍​ឈ្មោះ​ចិន​ក្នុង​ការធ្វើ​ទំនើបកម្ម​កងទ័ព ការចំណាយ​លើ​យោធា គោលនយោបាយ​នុយក្លេអ៊ែរ និង​បញ្ហា​ផ្សេងទៀត​តែប៉ុណ្ណោះ​។ 
 
​ក្រៅពី​ក្រសួងការពារជាតិ​ចិន ក្រសួងការបរទេស​ចិន ក៏បាន​ច្រានចោល​របាយការណ៍​រប​ស់​អាមេរិក​ផងដែរ​។ ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២ ខែកញ្ញា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា​៖ «​ចិន​តែងតែ​ស្វែងរក​គោលនយោបាយ​ការពារជាតិ ហើយ​អ្នក​គ្រប់គ្នា ដឹងថា​ចិន​ជា​អ្នក​ស្ថាបនា​សន្តិភាព​លើ​ពិភពលោក​»​។ 
 
​ជាមួយគ្នានេះ លោកស្រី Hua បាន​បន្ថែមថា ការចំណាយ​យោធា​របស់​អាមេរិក​គឺ​ច្រើនណាស់ ពោលគឺ​ស្ទើរតែ​ស្មើ​ការចំណាយ​យោធា​របស់​ប្រទេស​ចំនួន​១០ ដែល ដែល​ឈរ​នៅ​បន្ទាប់​អាមេរិក​។ ក្នុងន័យនេះ អ្នកនាំពាក្យ​ចិន ចង់​សំដៅថា ការលើកឡើង​របស់​អា​មេ​រិ​ក គ្រាន់តែ​ជា​លេស ដើម្បី​ស្វែងរក​ឧត្តមភាព និង​អនុត្តរភាព​យោធា​របស់ខ្លួន​ប៉ុណ្ណោះ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com