កីឡាជាតិ
ជាតិ
សិក្ខាកាម៣៥រូប ទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹកប្រដាល់សកលអន្តរជាតិ លោក Russell Stutely (អាវខៀវ)ពេលបង្ហាត់អនុវត្តជាក់ស្តែងដល់សិក្ខាកាមនៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ
× សិក្ខាកាមជាង៣០រូបមកពីតាមបណ្តាក្លិបរាជធានីខេត្តទទួលបានការបណ្តុះបណ្តាលបច្ចេកបង្វឹកកីឡាប្រដាល់សកលពីគ្រូបង្វឹក Russell Stutely ដែលជាអ្នកជំនាញបង្វឹកកីឡាប្រដាល់សកលមកពីប្រទេសអង់គ្លេស។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងបង្កើនការយល់ដឹងដល់គ្រូបង្វឹកនៅតាមបណ្តាក្លិបសមាគមនានា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា នេះជាលើកទីពីរហើយ ដែលសហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះឡើង។ ប៉ុន្តែវាលើកទី១ ដែលវគ្គនេះមានគ្រូឧទ្ទេសជាជនជាតិបរទេស ដ្បិតការរៀបចំលើកទី១កាលពីឆ្នាំ២០១៩ គ្រូឧទ្ទេសជាជនជាតិកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
វគ្គបណ្តុះបណ្តាលដែលធ្វើឡើងចន្លោះពីថ្ងៃទី១-៤ ខែកញ្ញា ឆ្នាំ២០២០ មានសិក្ខាកាមចូលរួមចំនួន៣៥រូប។ សិក្ខាកាមទាំងនេះភាគច្រើនមកពីក្លិបសមាគមនមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងមួយចំនួនមកពីខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តកំពត។ គ្រូឧទ្ទេសក្នុងវគ្គនេះមានចំនួនបីរូប គឺលោក Russell Stutely មកពីចក្រភពអង់គ្លេស, លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ និងលោក មាស វុឌ្ឍី អនុប្រធានសហព័ន្ធ។
បើតាមលោក ប៊ុយ សុភ័ណ្ឌ លោក Russell Stutely ដែលជាអ្នកជំនាញបង្វឹកកីឡាប្រដាល់សកលលំដាប់អន្តរជាតិនឹងបង្ហាត់បង្រៀនពីបច្ចេកទេសបង្វឹកសិស្ស ដែលធ្វើឡើងទាំងទ្រឹស្តី និងអនុវត្ត។ ចំណែកលោក ឆឹង យ៉ៅយ៉េន បង្រៀនពីក្រមសីលធម៌កីឡាករ គ្រូបង្វឹក ខណៈលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី បង្រៀនពីអាហារូបត្ថម្ភ និងរបបអាហាររបស់កីឡាករ។
លោក ឆឹង យ៉ៅយ៉េន (កណ្តាល)ពេលធ្វើជាអធិបតីក្នុងពិធីបើកការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្រិតមូលដ្ឋាននៅ NOCC
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនចំនួនគ្រូបង្វឹកកម្រិតមូលដ្ឋាននៅតាមក្លិប-សមាគម និងឲ្យពួកគេយល់ដឹងពីរបៀប និងបច្ចេកទេសបង្វឹកសិស្សឲ្យកាន់តែច្បាស់។ ជាពិសេស ដើម្បីបណ្តុះធនធានកីឡាករប្រដាល់សកលឲ្យមានកាន់តែច្រើន សម្រាប់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣៕
Tag:
ប្រដាល់សកល
ប៊ុយ សុភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com