អន្តរជាតិ
សកម្មជន​ខ្មែរ​នៅ​ឡុង​ប៊ិច​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការបោះឆ្នោត ខណៈ​ជំងឺ​រាតត្បាត​នៅ​បន្ត​ឆ្លង​
03, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែល​ពាក់​ម៉ាស់ ចូលរួម​បោះឆ្នោត​ក្នុង​ក្រុង Santa Clarita នៅ​រដ្ឋ California កាលពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែល​ពាក់​ម៉ាស់ ចូលរួម​បោះឆ្នោត​ក្នុង​ក្រុង Santa Clarita នៅ​រដ្ឋ California កាលពី​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២០​។​
ដោយ: VOA
​សកម្មជន​សហគមន៍​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង យក​ឱកាស​នៃ​ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ដើម្បី​ជម្នះ​ការព្រួយបារម្ភ​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​បោះឆ្នោត​ឲ្យ​បាន​ច្រើន នៅក្នុង​ការបោះឆ្នោត នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា​ខាងមុខ​។​

 
​ក្រុម​សកម្មជន​កំពុងតែ​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​ជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​សកម្មភាព​មួយរយៈ​ដោយសារតែ​ជំងឺ​រាតត្បាត​។​
 
​លោក​ឆ​ល សុង សកម្មជន​សហគមន៍​មួយរូប បានបញ្ជាក់​ប្រាប់​វី​អូ​អេ​៖ «​យើង​ប្រកាស​ប្រកូក​ប្រកាស​ផ្សាយ ដើម្បី​ជម្រាបជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​បាន​យល់​។ ខ្ញុំ​បាន​ចែកចាយ​ជូន​ផងដែរ ទៅតាម​ចំណេះដឹង​របស់ខ្ញុំ នូវ​អ្វីដែល​ខ្ញុំ​បានទទួល​ពីរ​ដ្ឋ ដូចជា​សំបុត្រ​ដែល​គេ​បាន​ផ្ញើ​មកពី​ស្មៀន​ក្រុង បញ្ជាក់ថា មាន​អ្វី​កើតឡើង​ខ្លះ នៅក្នុង​សំបុត្រ​នោះ ហើយ​ថា តើ​ការបោះឆ្នោត​នោះ របៀប​ម៉េច នៅក្នុង​ខែ ១១ [​វ​ចិ្ឆ​កា​] ថ្ងៃទី​៣»​។​
 
​រដ្ឋ​កាលីហ្វ័រ​ញ៉ា នឹង​អនុវត្ត​នីតិវិធី​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំនេះ គឺ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​នឹង​ទទួលបាន​សន្លឹកឆ្នោត ដែល​ផ្ញើ​តាម​ប្រៃសណីយ៍ ក្នុង​រយៈពេល ២៩ ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត​។ ប៉ុន្តែ​ពួកគេ​ក៏មាន​ជម្រើស​ទៅ​បោះឆ្នោត​ដោយផ្ទាល់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​គេហទំព័រ​ស្មៀន​របស់​ខោ​ន​ធី Los Angeles​។​
 
​ការណ៍​នេះ​នាំ​ឲ្យ​សកម្មជន​សហគមន៍​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋ​ខ្លះ​បោះចោល​សន្លឹកឆ្នោត ដែល​ទទួលបាន​នោះ​។​
 
​លោក ឆ​ល សុង បាន​ពន្យល់​បន្ថែមថា​៖ «​បើសិនណា យើង​មិន​ខិតខំ​ទប់ស្កាត់ ឬ​ព្យាយាម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន និង​ជម្រាបជូន​គាត់​ឲ្យ​បានដឹង​ទេ រឿង​មួយ​ដែល​ប្រហែលជា​នឹង​កើតមានឡើង គឺ​ប្រហែលជា​ធុងសម្រាម ហើយ​ក្រដាស​ហ្នុ​ង ពីព្រោះ​ធម្មតា​គ្រប់​ឆ្នាំ​ទាំងអស់ ហើយនឹង​អ្វីៗ​ទាំងអស់​ដែល​កូ​វីដ​១៩ កើតមានឡើង គឺ​យើង​បាន​ទៅ​រំលឹក​គាត់​ដល់ផ្ទះ​តែម្តង​»​។​
 
​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​យ៉ាងច្រើន​នៅក្នុង​រដ្ឋ​នេះ ដែល​តម្រូវ​ឲ្យ​មានការ​រឹតត្បិត​សកម្មភាព​ផ្សព្វផ្សាយ​មួយចំនួន ដូចជា​ការហាមឃាត់​ការជួប​ជុំគ្នា ដូច្នេះ​ក្រុម​សកម្មជន​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ទូរស័ព្ទ​ដើម្បី​ផ្សព្វផ្សាយ​ការអប់រំ​ណែនាំ​។​
 
​ទីក្រុង​ឡុង​ប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាង ៥០.០០០ នាក់ ដែលជា​សហគមន៍​ខ្មែរ​ក្រៅប្រទេស​ដ៏​ធំជាងគេ​បំផុត ហើយ​ទទួលបាន​រហ័ស​នាម​ថា «​ប្រទេស​កម្ពុ​ជាទី​ពីរ​»​។ ភាគច្រើន​នៃ​ពួកគេ​បានមក​រស់នៅ​ក្រោយពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម កាលពី​ជាង ៤០ ឆ្នាំមុន​។​
 
​ការបោះឆ្នោត​នៅ​ឆ្នាំនេះ គឺមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អ្នកតំណាងរាស្ត្រ​ថ្នាក់ជាតិ​និង​ថ្នាក់​រដ្ឋ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន ក៏ដូចជា​សម្រេច​លើ​វិធានការ​ជាច្រើន​ទៀត​។​
 
​សមាគម​សកម្មភាព​យុវនារី​ខ្មែរ ដែល​ធ្វើការ​ខាង​ផ្នែក​អប់រំ​ពលរដ្ឋ​ពី​ការបោះឆ្នោត យល់ថា នេះ​គឺជា​ឆ្នាំ​បោះឆ្នោត​ដ៏​សំខាន់​មួយ ដោយសារ​ច្បាប់​ថ្មី និង​ជំងឺ​កូ​វីដ​១៩​។ សមាគម​នឹង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ជាច្រើន នៅ​ខែកញ្ញា​នេះ​។​
 
​អ្នកស្រី អេ​មី លាង​ហ៊​ន អ្នកសម្របសម្រួល​កម្ម​វិធី​បោះឆ្នោត​នៃ​សមាគម​បាន​បន្ថែមថា​៖ «​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ នឹងមាន​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់យ៉ាង ហើយ​បន្ថែម​ពី​នោះ យើង​នឹង​រៀបចំ​ក្បួន​រថយន្ត​អប់រំ និង​វេទិការ​អប់រំ​តាម​អន​ឡាញ ដើម្បី​ជួយ​សហគមន៍ បំពេញ​សន្លឹកឆ្នោត​។ យើង​ដឹងថា នីតិវិធី​គឺ​ខុសពី​មុន ដោយសារ​សុវត្ថិភាព​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក៏​នឹង​ប្រើ​ច្បាប់បោះឆ្នោត​ថ្មី​»​។​
 
​លោក​ប្រធានាធិបតី Trump តែងតែ​រិះគន់​ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ទូទាំង​សហរដ្ឋអាមេរិក ដោយ​មិនបាន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់ ថា​ជា​ការនាំ​ឲ្យ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។​
 
​ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី អេ​មី លាង​ហ៊​ន បានផ្តល់​ជំនឿ​ចិត្ត​ដល់​ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នេះ​៖ «​យើង​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​តាម​សំបុត្រ បើទោះបីជា​ផ្ញើ​តាម​ប្រៃសណីយ៍ ឬក៏​ទម្លាក់​នៅ​កន្លែង​បោះឆ្នោត​ជិត​បំផុត​ក៏ដោយ ពីព្រោះ​យើង​អាច​ទុកចិត្តបាន​។ យើង​មិនត្រូវ​ព្រួយបារម្ភ​ថា សន្លឹកឆ្នោត​របស់​យើង ត្រូវគេ​លួច​ទេ ពីព្រោះ​នេះ​គឺជា​បទល្មើស​ថ្នាក់ជាតិ​»​។​
 


​អ្នកស្រី ស៊ូ​លី សារ៉ូ (Suely Saro) បេ​ក្ខ​នារី​ខ្មែរ​អាមេរិកាំង​រូបនេះ បាន​ក្លាយជា​បេក្ខជន​នាំមុខគេ​បង្អស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡុង​ប៊ិច​ប្រចាំ​សង្កាត់​លេខ ៦​។ (​រូបថត​ដកស្រង់​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​)
 
​នៅ​សង្កាត់​លេខ ៦ នៃ​ទីក្រុង​ឡុង​ប៊ិច មាន​បេក្ខជន​ខ្មែរ​អាមេរិកាំង​មួយរូប កំពុង​ប្រកួតប្រជែង​ផ្តាច់​ព្រាត់​នឹង​លោក Dee Andrews ជា​ចៅសង្កាត់​បច្ចុប្បន្ន និង​ជា​ចៅហ្វាយ​រង​ក្រុង​ឡុង​ប៊ិច ដែល​បាន​កាន់តំណែង​ជាច្រើន​អាណត្តិ​ហើយ​។​
 
​អ្នកស្រី ស៊ូ​លី សារ៉ូ ដែលជា​បេក្ខជន​ចៅសង្កាត់​លេខ ៦ នេះ បាន​ថ្លែង​ពី​ការពិបាក​ក្នុង​ការធ្វើ​យុទ្ធនា​ការឃោសនា​៖ «​ចាស វា​ខុសគ្នា​ឥឡូវ​ហ្នឹង ពីព្រោះ​កូ​វីដ​១៩ យើង​មិនអាច​គោះទ្វារ​បានទេ​។ ឥឡូវនេះ​យើង​និយាយ​តាម​ទូរស័ព្ទ នៅពេលដែល​យើង​ចែក​ម្ហូប ចែក​ម៉ា​ស់អី គឺ​យើង​អាច​និយាយ​គ្នា​តាម​ហ្នឹង​។ ប៉ុន្តែ ឥឡូវ​យើង​ត្រូវ​និយាយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក តាម​ទូរស័ព្ទ ឬ​តាម​បងប្អូន​យើង​ស្គាល់គ្នា​។ បាន​អីចឹង​ខ្ញុំ​ត្រូវការ​សង្គម​យើង ជួយ​និយាយ​មែនទែន ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ខ្ញុំ​»​។​
 
​អ្នកស្រី ស៊ូ​លី ក៏​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កុំ​ឲ្យ​បោះបង់​សន្លឹកឆ្នោត​ចោល​។​
 
«​ឥឡូវនេះ​វា​ខុសគ្នា​បន្តិច ដោយ​គេ​ផ្ញើ​សំបុត្រ​ដល់ផ្ទះ​ទាំងអស់គ្នា បោះឆ្នោត​ខែ​១០ [​តុលា​]​។ ខ្ញុំ​ចង់​សុំ​កុំ​បោះចោល បើសិនជា​អត់​យល់​យ៉ាងម៉េច​ត្រូវ​សួរ​បងប្អូន​សួរ​មិត្តភក្តិ​ថា បោះឆ្នោត​ឬ​អត់ ដើម្បី​យើង​បានឈ្នះ​ខែ​១១ [​វិច្ឆិកា​]​។ ខ្ញុំ​ដឹងថា យើង​នឹង​បាន​ហើយ បើសិនជា​សង្គម​យើង​បោះឆ្នោត​»​។​
 
​វី​អូ​អេ​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុម​យុទ្ធនាការ​របស់លោក Dee Andrews ជាច្រើន​ដង ប៉ុន្តែ​លោក Matthew Miller អ្នកនាំពាក្យ​របស់លោក បញ្ជាក់ថា លោក​ចៅសង្កាត់​ជាប់រវល់ និង​មិនទាន់​អាច​ផ្តល់​បទ​សម្ភាស​បាន​នៅឡើយ​។​
 
​លោក អាន់​តូ​នី គីម ប្រធានសភា​ខ្មែរ​អាមេរិកាំង​ទំនាក់ទំនង​ផ្នែក​សង្គមកិច្ច (Cambodian American Civic Engagement Council) បាន​បញ្ជាក់ថា ការជួយ​ពន្យល់​ពី​ក្រុម​អ្នកស្ម័គ្រចិត្ត​នឹង​ជួយ​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែច្រើន សម្រាប់​ការបោះឆ្នោត​នេះ​។​
 
«​ភាគច្រើន​បងប្អូន​ខ្មែរ​យើង ឬ​អ្នក​នៅ​សង្កា​ត់ទី ៦ គេ​ធ្លាប់​បោះឆ្នោត​តាម​សំបុត្រ​។ ឥឡូវនេះ​ភាគច្រើន​គេ​នឹង​ផ្ញើ​សន្លឹកឆ្នោត​ទៅ​អ្នកបោះឆ្នោត​តាម​ប្រៃសណីយ៍ ប៉ុន្តែ​ក៏​វា​នឹងមាន​បញ្ហា​ខ្លះ ព្រោះ​អ្នកខ្លះ​អត់​សូវ​យល់​ការបោះឆ្នោត​តាម​សំបុត្រ​របៀប​ម៉េច យើង​ត្រូវ​ស៊ី​ញ៉េ​របៀប​ម៉េច យើង​ត្រូវ​ផ្ញើ​ទៅតាម​ខាង​ណា​អីចឹង សង្ឃឹមថា ពួក​បេក្ខជន​និង​អ្នកធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ នឹង​ជួយ​ពន្យល់​ពី​ការបោះឆ្នោត​ជា​មុននេះ​ដូចម្តេចខ្លះ​»​។​
 
​សកម្មជន​សហគមន៍​ខ្មែរ​-​អាមេរិកាំង នៅ​ទីក្រុង​ឡុង​ប៊ិច បានទទួល​ជោគជ័យ​ដ៏​ធំ​ក្នុងអំឡុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ កាលពី​ឆ្នាំ ២០១៨ ដោយ​វិធានការ​មួយ​ដែល​ស្នើឱ្យ​បែងចែក​ឡើងវិញ​នូវ​ខ្សែបន្ទាត់​ព្រំប្រទល់​សង្កាត់ ដែល​សហគមន៍​ខ្មែរ​យល់ថា បានធ្វើឱ្យ​សហគមន៍​បាត់បង់​លទ្ធភាព​ប្រមូល​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុងការ​បោះឆ្នោត​នៅ​ថ្នាក់មូលដ្ឋាន​ត្រូវបាន​អ្នកបោះឆ្នោត​សម្រេច​គាំទ្រ​។​
 
​សម្រាប់​ការបោះឆ្នោត​នេះ សកម្មជន​មើលឃើញថា បញ្ហា​ផ្ទះសម្បែង​និង​ធនធាន​សម្រាប់​សហគម​ន៍​សម្រាប់​ផ្នែក​អប់រំ និង​សុខាភិបាល នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com