កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal គ្រោង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​វិញ ទោះ​នៅមាន COVID-19 ក្ដី​
04, Sep 2020 , 8:29 am        
រូបភាព
Arsenal គ្រោង​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Emirates របស់ខ្លួន​នៅ​ខែក្រោយ​នេះ​វិញ​។ ក្លិប​នៅ Premier League ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​២ កញ្ញា ប៉ុន្តែ​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ការពារ COVID-19 ។​


​ការមិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន ធ្វើឡើង​ចាប់តាំងពី​ក្រុម​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​វិលត្រឡប់​ចូល​វិញ​ក្នុង​ខែមិថុនា​ម្លេះ ក្រោយពី​ផ្អាក​ដោយសារ​ជំងឺ COVID-19 កាលពី​ខែ​មិនា​មក​។​
 
​យ៉ាងណាក៏ដោយ កាលពី​សប្តាហ៍​មុន​នា​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​រវាង Chelsea និង Brighton & Hove Albion អ្នកគាំទ្រ​ចំនួន ២៥០០ នាក់​ចូល​កីឡដ្ឋាន Amex ដើម្បី​ទស្សនា​ការប្រកួត​បន្ទាប់​ពី​រដ្ឋាភិបាល​បានប្រកាស​ពី​ការសាកល្បង​សម្រាប់​ការវិលត្រឡប់​របស់​អ្នកគាំទ្រ​អំឡុង​ជំងឺ​រាតត្បាត​សកល​។​
 
​ដោយសារ​ការសាកល្បង​ខាងលើនេះ ទើប​ក្លិប​រហស្សនាម​កាំភ្លើង​ធំ​មានបំណង​ចង់​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មួយចំនួន​អាច​ចូល​កីឡដ្ឋាន​នា​ការប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ​ផងដែរ​។ ក្លិប Arsenal សង្ឃឹមថានឹង​អាច​ស្វាគមន៍​អ្នកគាំទ្រ​ជាថ្មី​នៅ​កីឡដ្ឋាន Emirates ក្នុងជំនួប​ជាមួយ Sheffield United ក្នុង​ក្របខណ្ឌ Premier League ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣ ខែតុលា​។​
 
​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​បន្ថែមថា​៖« នៅពេលដែល​អ្នកគាំទ្រ​ត្រឡប់​ទៅ​កីឡដ្ឋាន Emirates វិញ វិធានការ​ក្នុងការ​ការពារ​នឹងត្រូវ​បន្ថែម​ទ្វេដង​។ ទាំងនេះ​ជា​វិធានការ​ការពារ​ពិសេស​របស់​យើង ដើម្បី​គិតគូរ​ពី​សុខភាព សុវត្ថិភាព និង​សន្តិសុខ​របស់​អ្នកចូលរួម​គ្រប់គ្នា​» ។​
 
Arsenal ដែលជា​ម្ចាស់​ពាន Community Shield ឆ្នាំ​២០២០ ក្រោយ​យកឈ្នះ Liverpool ដោយ​ប៉េ​ណា​ល់​ទី នឹង​ចាប់ផ្តើម​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី ២០២០-២១ ដោយ​ត្រូវ​តទល់​ជាមួយ Fulham នៅ​ថ្ងៃទី ១២ ខែកញ្ញា ចុង​សប្តាហ៍​ក្រោយ​៕

Tag:
 Arsenal
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com