ភ្នំពេញ៖ ភ្ញៀវទេសចរ ជាង១,៤ លាននាក់ បានដើរកម្សាន្ត នៅក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ ដែលបានចាក់បញ្ចូលលុយជាង១០០លានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍។
លោក ទិត ចន្ថា បានបញ្ជាក់ថា គិតជាមធ្យមភ្ញៀវទេសចរ១នាក់ អាចចំណាយក្រោម ឬស្មើ១០០ដុល្លារ លើការធ្វើដំណើរ ហូបចុក ស្នាក់នៅ ក្នុងអំឡុងពេលសម្រាកកម្សាន្តនេះ។ សម្រាប់លោក ទិត ចន្ថា ថវិកា១០០លានដុល្លារ ដែលបានមកពីភ្ញៀវទេសចរនេះ គឺជាការជំរុញចរន្ដសេដ្ឋកិច្ចផ្ទៃក្នុងមួយដ៏ល្អ ក្នុងកាលៈទេសៈដែលវិស័យទេសចរណ៍កម្ពុជាកំពុងធ្លាក់ចុះ ដោយសារវិបត្តិកូវីដ-១៩នេះ។
ថ្លែងនៅក្នុងសន្និសីទកាសែត ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កញ្ញា រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ដូច្នេះថា៖«សរុបទៅ មានភ្ញៀវទេសប្រមាណ១លានកន្លះ ហើយបានជំរុញចរន្តសេដ្ឋកិច្ចផ្ទៃក្នុងដែលយើងបានប៉ាន់ប្រមាណជំហានដំបូង១០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៩ថ្ងៃ(រាប់ទាំងឈប់សៅរ៍ និងអាទិត្យ)កន្លងមកនេះ នៃការឈប់ជំនួសនេះ។ អ៊ីចឹង១០០លានដុល្លារនេះ វាជាជំរុញសេដ្ឋកិច្ចផ្ទៃក្នុងមួយ ក្នុងដំណាក់កាលកូវីដ-១៩»។
ក្នុងរយៈពេល៩ថ្ងៃ នៃការឈប់សម្រាកនេះ តំបន់ទេសចរណ៍ជាច្រើន បានជួបបញ្ហាកង្វះការផ្គត់ផ្គង់សេវាកម្មទេសចរដល់ភ្ញៀវ ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងស្នាក់នៅជាដើម ។ មូលហេតុដែលជួបបញ្ហាខ្វះខាតសេវាកម្មទេសចរណ៍ ដោយសារកន្លែងអាជីវកម្មទាំងនោះ ភាគច្រើនរងផលប៉ះពាល់ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ដែលនាំឱ្យម្ចាស់អាជីវកម្ម បង្ខំចិត្តផ្អាកដំណើរការអាជីវកម្មខ្លួន។ នេះបើតាមលោក ទិត ចន្ថា។
តែយ៉ាងណារដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ស្នើម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងនោះ ចាប់ផ្ដើមដំណើរការរកស៊ីខ្លួនឡើងវិញ ស្របពេលភ្ញៀវទេសចរនៅតែមានឱកាសដើរកម្សាន្តតាមតំបន់ទេសចរណ៍ ។ ចំណែកក្រសួង ក៏កំពុងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់អ្នកផ្ដល់សេវាកម្មទេសចរណ៍ផងដែរ។
អាជីវកម្មបម្រើឱ្យវិស័យទេសចរណ៍ ៣០ភាគរយ បានបើកដំណើរការឡើងវិញ ក្នុងចំណោម៩០ភាគរយ ដែលត្រូវបិទទ្វារ ដោយសារកូវីដ-១៩។ ក្នុងនោះ កម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់ ក៏បានចូលបម្រើការងារវិញដែរ។នេះបើតាមលោក ទិត ចន្ថា។
បើតាមការប៉ាន់ស្មានបឋមរបស់រដ្ឋមន្ត្រីទេសចរណ៍កន្លងមក កម្ពុជានឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣,០០០លានដុល្លារ នៅក្នុងឆ្នាំ២០២០។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣សីហា។
លោក ថោង ខុន បានបញ្ជាក់ថា ការបាត់បង់ចំណូលពីវិស័យទេសចរណ៍នេះ គឺដោយសារតែដំណើរកម្សាន្តរបស់ភ្ញៀវទេសចរធ្លាក់ចុះដ៏ច្រើនលើសលុប ពិសេសភ្ញៀវទេសចរអន្តរជាតិ។ បើតាមរដ្ឋមន្ត្រីទេសចរណ៍ នៅឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិអាចធា្លក់ចុះដល់រង្វង់៨០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ក្នុងវង្វង់៥០ភាគរយ។
សម្រាប់ឆ្នាំ២០២០នេះ កម្ពុជារំពឹងទទួលចំណូលបានជាង៥ពាន់លានដុលា្លរ ពីភ្ញៀវទេសចរជាង៧លាននាក់ និងប្រមាណ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០ ពីភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់។ ប៉ុន្តែក្តីរំពឹងនេះ បានត្រឹមខកចិត្តទៅវិញ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ដែលបានរាតត្បាតទូទាំងសកលលោក៕