ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តមណ្ឌលគិរី កែប និង​សៀមរាប​
04, Sep 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​បី សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០២០​រហូតដល់​២០៣៥​។  ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​៣​នោះ មាន​មណ្ឌលគិរី កែប និង​សៀមរាប​។ នេះ​បើ​យោង​របាយការណ៍​របស់​ក្រសួងទេសចរណ៍​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​៖«​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣​កញ្ញា លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​របស់​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអនុវត្ត​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នេះ​ឡើង គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ និង​សក្កា​នុព​ល​នៃ​តំបន់​នីមួយៗ​នៅ​កម្ពុជា​។​
 
​រដ្ឋលេខាធិការ​ប្រចាំការ​របស់​ក្រសួងទេសចរណ៍​រូបនេះ បន្ត​រៀបរាប់​ពី​គោលដៅ​នៃ​ការបង្កើត​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​នៃ​ខេត្ត​នីមួយៗ​ទាំងបី​ខាងលើ ថា សម្រាប់​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ល្អ​សម្រាប់​កម្ពុជា និង​តំបន់​ទាំងមូល តាមរយៈ​វត្ត​មាននៃ​ប្រាសាទអង្គរវត្ត​។ 
 

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ 

​បើតាម​លោក ទិ​ត ចន្ថា ចក្ខុវិស័យ​ដែល​រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​បង្កើត​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប គឺ​ដើម្បី​ចង់ដឹងថា តើ​ការអភិវឌ្ឍ​ដល់​ឆ្នាំ​២០៣៥​នេះ ខេត្តសៀមរាប​-​អង្គរ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រភេទ​ណាខ្លះ ហើយ​ចំនួន​ប៉ុន្មាន​? តើ​ខេត្តសៀមរាប​នេះ នឹង​អភិវឌ្ឍ​ដោយ​តម្រង់​ទៅរក​គោលដៅ​ទេសចរណ៍​មួយណា ទាំង​ការចាប់យក​គោលដៅ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​ផង និង​ទាំង​ការចាប់យក​នូវ​ផ្នែក​ពាក់ព័ន្ធ​ផងដែរ​?
 
«​ផ្នែក​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​-​អង្គរ មាន​តំបន់​អេកូ​ទេសចរណ៍​ដែល​ជាប់​បឹង​ទន្លេសាប និង​តំបន់​បេ​តិ​ភណ្ឌ​ដែលមាន​នៅក្បែរៗ​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ទិ​ត ចន្ថា ដោយ​បញ្ជាក់ថា​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​បេតិកភណ្ឌ​ពិភពលោក ដែល​អាចជា​កម្លាំង​គាំទ្រ​ដល់​ផ្នែក​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មាន​ខេត្តកំពង់ធំ ព្រះវិហារ បាត់ដំបង និង​ខេត្ត​នៅ​ជុំវិញ​ផ្សេងៗ​។  
 
​ដោយឡែក ខេត្តមណ្ឌលគិរី បាន​កា្ល​យ​ជា​តំបន់​មាន​សក្កា​នុព​ល​ខ្លាំង​ផ្នែក​អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍​ដ៏​សំខាន់​ធំ​មួយ​នៃ​ភូមិភាគ​ឦសាន​។  ពិសេស​គឺមាន​អាកាសធាតុ​ដែល​អំណោយផល​យ៉ាង​ល្អ​ដែលជា​ផលិតផល​ទេសចរណ៍​ទោស​មួយ ដែល​ខេត្ត​ផ្សេងៗ​មិនមាន​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ទិ​ត ចន្ថា ដោយ​បន្តថា​សម្រាប់​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​នេះ  គឺមាន​លក្ខណៈ​ផ្តោតទៅលើ​អ្វីដែល​សក្កា​នុព​ល​មាន​ស្រាប់​នៅក្នុង​តំបន់​។​
 
​លោក​បាន​បញ្ជាក់ថា ផលិតផល​ទេសចរណ៍​ដែលជា​ភាព​ទោល​ផ្តោតលើ​អាកាសធាតុ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ  គឺអាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅកាន់​ច្រើន ដោយ​ត​ភ្ជាប់​គ្នា​ទៅកាន់​គោលដៅ​ផ្សេងៗ ពី​សៀមរាប ភ្នំពេញ ព្រះសីហនុ​... ទៅកាន់​តំបន់​ឦសាន​នេះ​។ បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​រូបនេះ គម្រោង​កសាង​ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្ត​នេះ គឺ​បាន​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​តែម្តង​។  
 
​សម្រាប់​ការអនុវត្ត​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​កែប​រហូតដល់​ឆ្នាំ​២០៣៥​ដែរនោះ  គឺ​នឹង​ក្លាយ​គោលដៅ​ទេសចរណ៍​សម្រាកលំហែ​ក​ម្រិ​ត​ខ្ពស់​។ លោក​ទិ​ត ចន្ថា បានបញ្ជាក់ គោលដៅ​សម្រាកលំហែ​កម្រិត​ខ្ពស់​នេះ គឺ​សំដៅ​ទៅលើ​ភ្ញៀវ​នឹង​ទទួល​ខ្យល់អាកាស​ល្អ មាន​ឆ្នេរ​ស្រស់ស្អាត មាន​អាហារ​សមុទ្រ​ល្អ និង​មាន​ទេសភាព​តំបន់​ល្អជា​ដើម​។ ប៉ុន្តែ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​កែប​នេះ គឺ​មិន​ឱ្យមាន​ទេសចរណ៍​បែប​កម្សាន្ត និង​សកម្មភាព​កម្សាន្ត​(​កាស៊ីណូ​, កា​រ៉ា​អូ​ខេ​...)​ដូច​ខេត្ត​ព្រះសីហនុ​ឡើយ​។ 
 
​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​រូបនេះ បាន​អះអាងថា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​នៅតាម​ខេត្ត​នីមួយៗ គឺជា​បែក​ចែក​កន្លែង​ភ្ញៀវទេសចរ​ជា​តំបន់ ហើយក៏​ដូចជា​ការធ្វើឱ្យ​មាន​ភាព​គ្នា​ខ្លះ​នៃ​តំបន់​គោលដៅ​ទេសចរណ៍​នីមួយៗ ដើម្បី​ទាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​កាន់​តំបន់​គោលដៅ​ទាំងអស់​នោះបាន​កាន់​ច្រើន និង​ស្នាក់នៅ​បានយូរ សម្រាប់​ចំណាយ​ទៅ​សេដ្ឋកិច្ច​ក្នុង​ចរន្ត​វិស័យ​ទេសចរណ៍​។ បើតាម​លោក ទិ​ត ចន្ថា ក្រៅពី​ខេត្ត​ទាំង​៣​នេះ ក្រសួង​ក៏មាន​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​ផ្សេងទៀត​ផងដែរ​៕ 
 

Tag:
 ផែនការមេ
© រក្សាសិទ្ធិដោយ thmeythmey.com