ជាតិ
សង្គមជាតិ
ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះ​ពុទ្ធរូប ត្រូវបាន​ប្រទះឃើញ​នៅ​ប្រាសាទបាយ័ន​
04, Sep 2020 , 9:29 pm        
រូបភាព
ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ
ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ
ដោយ:
ភ្នំពេញ​៖ ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​រូប​ដែល​មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បាន​ប្រទះឃើញ​នៅ​ប្រាសាទបាយ័ន​នោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី និង​រក្សាទុក​រង់ចាំ​ការជួសជុល​នៅ​ថ្ងៃ​អនាគត​។

 
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះ​ពុទ្ធរូប​ខាងឆ្វេង​ដែល​ធ្វើ​ពី​ថ្មភក់ ដែលមាន​ទំហំ​បណ្តោយ​០.៩៥​ម៉ែត្រ ទទឹង​០.៤២​ម៉ែត្រ និង​កម្រាស់​០.២៤​ម៉ែត្រ ក្រោម​សភាព​មិនទាន់​ឆ្លាក់​រួចរាល់​នៅឡើយ​ទេ ដោយមាន​ស្នាម​មុខ​ពន្លាក និង​មិនទាន់​ខាត់​រលីង​នៅឡើយ​ទេ​។ 
 
​បើតាម​ក្រសួង​វប្បធម៌ ចម្លាក់​នោះ​ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ប្រទះឃើញ​នៅក្នុង​ព្រៃ​ខាងត្បូង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ប្រាសាទបាយ័ន​។​
 
​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ដែល​បាន​ចុះទៅ​ដល់ទី​តាំង​នោះបាន​បញ្ជាក់ថា ចម្លាក់​ដែលមាន​ត្រឹម​កដៃ​និង​ម្រាម​ទាំង​៥ ដែល​លា​ផ្ងារ​បាតដៃ​ទៅលើ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​កណ្តាល ទំនងជា​ព្រហស្ថ​ព្រះពុទ្ធ​បដិមា​ក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា ឬ​ហៅថា​កាយវិការ​មារវិជ័យ ឬ​ផ្ចាញ់​មារ​។ ទម្រង់​កាយវិការ​នោះ ព្រះពុទ្ធ​ទ្រង់​គង់​ភ្នែន ដោយ​យក​ព្រះ​ហ​ស្ថ​ខាងស្តាំ​ដាក់​ផ្កាប់​លើ​ភ្លៅ​សំ​យ៉ុង​ម្រាមដៃ​ចង្អុល​ទៅ​ធរណី​។ រីឯ​ព្រះ​ហ​ស្ថ​ឆ្វេង​ដាក់​នៅលើ​ចន្លោះ​ភ្លៅ ហើយ​លា​ផ្ងារ​បាត​ព្រះ​ហ​ស្ថ​ទៅលើ​។ 
 
 លោក ឈូក សុ​ម៉ា​ឡា បាន​សន្និដ្ឋាន​រូបចម្លាក់​នោះ​ជា​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា ដោយយោង​ទៅលើ​ហេតុផល ដែលមាន​ព្រះពុទ្ធ​បដិមា​ធំៗ​ចំនួន​២​អង្គ​ដែល​ស្ថិតនៅ​ជុំវិញ​ប្រាសាទបាយ័ន រួមមាន ព្រះអង្គ​ឥន្ទ្រ​ទេព និង​ព្រះអង្គ​ងោក គឺ​សុទ្ធសឹងតែ​សង់​ឡើង​ក្នុង​ទំហំ​ធំ និង​ពី​ថ្មភក់​ច្រើន​ដុំ ហើយ​ស្ថិតនៅក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា​ដូចគ្នា​។​


 ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងដែលធ្វើពីថ្មភក់ ដែលមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ

​ចំណែក​នៅ​បរិវេណ​ដែល​រកឃើញ​ចម្លាក់​នោះ គឺ​ទំនងជា សំណង់​ខឿន​ព្រះពុទ្ធសាសនា ត្បិត​ឃើញ​មាន​ថ្ម​សីមា​មួយចំនួន​ផងដែរ​។ យ៉ាងណាមិញ តាម​ការស្រាវជ្រាវ និង​រូបថត​ពីលើ​អាកាស​ដែល​ថត​ដោយ​បច្ចេកវិទ្យា LiDAR Scans ក៏បាន​រកឃើញ​ស្លាកស្នាម​ទីតាំង​មនុស្ស​រស់នៅ​ជាច្រើន​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ ហើយ​សំណង់​ទាំងនោះ​ក៏​រួមមាន ខឿន​ពុទ្ធ​សា​នា​ជាច្រើន​កន្លែង ដែល​សង់​ពី​ថ្មភក់ និង​ថ្មបាយក្រៀម​នៅ​បរិវេណ​នោះ​។ 
 
​ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះពុទ្ធ​រូបនេះ ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បាន​សហការ​ជាមួយ​ស្ថាប​ន័​មាន​សមត្ថកិច្ច​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ព្រមទាំង​មន្ត្រី​អភិរក្ស​ប្រាសាទ បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​និង​ដឹក​ចម្លាក់​ព្រះពុទ្ធ​រូបនោះ​យកទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ចុះបញ្ជី និង​រក្សាទុក​រង់ចាំ​ការជួសជុល​នៅ​ថ្ងៃ​អនាគត​៕ 

Tag:
 ចម្លាក់​
 ​ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com